កីឡា​ការិនី​​​ កែ ឡេង និង អ៊ុក ស្រីមុំ បានវិលត្រឡប់មកដល់កម្ពុជាវិញ ក្រោយឈ្នះ​មេដាយ​មាស​ Sea Games លើក​ទី​២៩​​​​

108

ប៉េតង់៖ កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសកីឡាប៉េតង់លើវិញ្ញាសាវាយគូនារី បន្ទាប់ពីបញ្ចប់បេសកកម្មប្រកួតកីឡាស៊ីហ្គេម SEA Games លើកទី២៩ នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីដោយយកឈ្នះកីឡាករថៃ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយការធ្វើដំណើរវិលត្រលប់មកដល់កម្ពុជាវិញ រួមជាមួយប្រតិភូមួយចំនួនកាលពីល្ងាចល្ងាចម្សិលមិញថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ កីឡាការិនី កែ ឡេង បានឲ្យដឹងថា ខ្លួន និងដៃគូគឺកីឡាការិនី អ៊ុក ស្រីមុំ បានតាំងចិត្តដូចគ្នាថានឹងខំយកឈ្នះលើកីឡាការិនីថៃឲ្យបាននៅវគ្គផ្ដាច់ព្រ័ត្រ ហើយអ្នកទាំងពីរពិតជាអាចធ្វើបានមែន ហើយចំពោះការទទូលបានលទ្ធផលដ៏ល្អសម្រាប់ថ្ងៃនេះ គឺជាការលំបាក និងស្វិតស្វាញបំផុត។ ម្ចាស់មេដាយមាសរូបនេះបន្តទៀតថា ផលលំបាកមុននឹងដណ្ដើមបានមេដាយនេះ គឺបញ្ហាទីលានពិបាកទាំងការការចូលនិងការវាយ ព្រោះថាយើងមិនធ្លាប់ហាត់នៅលើទីលានបែបនេះទេ ដោយយើងត្រូវស្វែងយល់ដោយខ្លួនឯងតែម្ដង។

កីឡាការិនី កែ ឡេង បានអរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់លើក្រុមកីឡាករកីឡាការិនីប៉េតង់កម្ពុជា ដូច្នេះខ្លួនគ្មានអ្វីតប់ស្នងសង់គុណមានតែនាំយកមេដាយមាសនេះមកជូនជាតិ។ សូមរំលឹកថា កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី កែ ឡេង បាននាំមកនូវមោទនភាពជាតិ ដោយបានយកឈ្នះថៃ ១៣-១០ ដណ្ដើមបានមេដាយមាសទីមួយជូនកម្ពុជក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី៕