កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជារំពឹង​ឈ្នះ​មេដាយ​ជើងឯក​ពិភពលោកនៅ​កូរ៉េខាងជើង​ខែក្រោយ​

72

តេក្វាន់ដូ៖ ឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំសម្រាប់ការត្រៀមបញ្ជូនអត្តពលិកចំនួន ១៤នាក់ទៅចូលរួមការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោកលើកទី២០ នៅទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើងចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ឆាប់ៗខាងមុខ។IFL2ការអះអាងបែបនេះបានធ្វើឡើង ក្នុងពិធីប្រគល់វិញ្ញាបនបត្រកម្រិតអន្តរជាតិដល់សិស្សគុនសរុបចំនួន ៣៨នាក់ រួមទាំងសំណេះសំណាលក្រុមអត្ដពលិកជម្រើសជាតិកម្ពុជា ដែលត្រៀមចេញទៅប្រកួតជើងឯកពិភពលោកនាពេលខាងមុខ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។ ឯកឧត្ដម កែវ រ៉េមី បានបញ្ជាក់ថា នេះគឺជាជោគជ័យថ្មីមួយទៀតដែលក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជាមានឱកាសបញ្ជូនអត្តពលិកជាច្រើននាក់ ទៅប្រកួតជើងឯកពិភពលោកនៅកូរ៉េខាងជើង ដើម្បីបង្ហាញឲ្យពិភពលោកបានស្គាល់ពីភាពរីកចម្រើននៃវិស័យកីឡាតេក្វាន់ដូ ITF កម្ពុជា។ ចំពោះលទ្ធផលគឺអាស្រ័យលើការខិតខំរបស់កីឡាករ-កីឡាការិនីម្នាក់ៗ។ តែយ៉ាងណាឯកឧត្ដមមានការជឿជាក់លើសមត្ថភាពរបស់អត្តពលិកម្នាក់ៗថា នឹងអាចដណ្ដើមមេដាយជូនជាតិបានដូចកីឡាដទៃដែរ។

IFLប៉ុន្តែមុនចេញដំណើរប្រធានសហព័ន្ធដដែល បានក្រើនរំឭកដល់កីឡាករម្នាក់ៗត្រូវបង្កើនស្មារតីប្រយុទ្ធប្រកបដោយថាមពល និងមានកម្លាំងចិត្តខ្ពស់ដើម្បីសម្រេចគោលដៅស្វែងរកមេដាយ។  ប៉ុន្តែមិនត្រូវមានការធ្វេសប្រហែលមួយវិនាទីណាឡើយ ហើយរឹតតែមិនត្រូវមើលងាយសមត្ថភាពគូប្រកួត ដើម្បីវាជាហេតុផលនាំឲ្យបរាជ័យ។ សំខាន់បំផុតគឺការគោរពបទបញ្ជាការប្រកួត ដែលជាចំណុចសំខាន់មួយដើម្បីរួមចំណែកលើកស្ទួយកិត្តិយសជាតិលើឆាកអន្តរជាតិ ទោះបីដណ្ដើមបានមេដាយ ឬមិនទទួលបានមេដាយក៏ដោយ៕

អត្ថបទ៖ លី ឈុនឡា