វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្វឹក​បាល់​ទាត់​កម្រិត​ D License  បាន​បញ្ចប់​ដោយ​ជោគជ័យ​

96

ស្វាយរៀង៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់កំរិត D License ត្រូវបានបិទវគ្គនៅថ្ងៃនេះក្រោមវត្តមាន ឯកឧត្តមឌី វិជ្ជា ប្រធានសមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងនៅកីឡដ្ឋានខេត្តស្វាយរៀង។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃមានសិក្ខាកាមចូលរួមចំនួន២៦នាក់មកពីបណ្តាក្រុមបាល់ទាត់ក្នុងស្រុក-ក្រុងទាំង៨ នៃខេត្តស្វាយរៀង ដែលចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា  ឆ្នាំ២០១៧ ដោយមាន លោក ប្រាក់ សុវណ្ណរ៉ា ជាគ្រូឧទ្ទេសនាមមកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមានការឧបត្ថម្ភគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ថា វិស័យបាល់ទាត់ នៅក្នុងប្រទេសកម្ពុជា កំពុងមានការរីកចំរើនជាលំដាប់ក្នុងនោះខេត្តស្វាយរៀង បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យមួយនេះយ៉ាងខ្លាំងដោយធ្វើការអភិវឌ្ឍធនធានគ្រូបង្វឹកដូចជា បង្កើតវគ្គបណ្តុះបណ្តាល ដើម្បីយកទៅបណ្តុះបណ្តាលបន្តដល់កីឡាកររបស់ខ្លួនដែលជាយុវជនស្រលាញ់កីឡាបាល់ទាត់នៅតាមមូលដ្ឋានស្រុក-ក្រុងទាំង៨ នៃខេត្តស្វាយរៀង។ ដោយមិនត្រឹមតែការអភិវឌ្ឍចំណេះដឹងជាគ្រូបង្វឹកនោះទេខេត្តស្វាយរៀងបានបង្កើតវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលរួចមកហើយ កាលពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ កន្លងមកដើម្បីជំរុញអោយមានធនធានខាងអាជ្ញាកណ្តាល សម្រាប់ដឹកនាំការប្រកួតក្នុងខេត្តក៏ដូចជាចូលរួមដឹកនាំការប្រកួតពានរង្វាន់ផ្សេងៗ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្កើតឡើង។

លើសពីនេះទៅទៀត ឯកឧត្តម នឹងជំរុញអោយមានវគ្គបណ្តុះបណ្តាលផ្សេងៗទៀត ជាបន្តបន្ទាប់ និងបង្កើតឲ្យមានការប្រកួតបាល់ទាត់ពានរង្វាន់ អាយុក្រោម១៧ និង១៤ឆ្នាំ នៅតាមមូលដ្ឋានស្រុក-ក្រុង នៃខេត្តស្វាយរៀង នាដើមឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីអភិវឌ្ឍន៍ធនធានកីឡាករ ក្នុងការជ្រើសរើសចូលជាកីឡាករអាជីពរបស់ក្លឹបបាល់ទាត់ ព្រះខ័នរាជខេត្តស្វាយរៀងទៅថ្ងៃអនាគត។

ឯកឧត្តម បានផ្តល់ដំបូន្មានដល់សិក្ខាកាមថា សូមព្យាយាមអភិវឌ្ឍន៍សមត្ថភាពដោយខ្លួនឯងបន្ថែមទៀត បើចង់ក្លាយទៅជាគ្រូបង្វឹកអាជីព ដូច្នេះត្រូវស្រាវជ្រាវបន្ថែមក្នុងការបំពេញចំណេះដឹង និងបទពិសោធន៍ ពីព្រោះបាល់ទាត់សម័យនេះ គឺជាបាល់ទាត់សម័យទំនើប ទាំងច្បាប់បាល់ទាត់ ទាំងបច្ចេកទេសនៅលើទីលានគឺមានការអភិវឌ្ឍទៅមុខជានិច្ច៕

IMG_7950-2 IMG_7976-2 IMG_7856-2 IMG_8075-2 IMG_8103-2