អតីត​សេះ​ជើងឯក​ពាន​នៅ​សិង្ហ​បុរី ៦​ជំនាន់​បង្ហាញ​វត្តមាន​ក្នុង​ពាន SCT Sport Complex

77

ប្រណាំងសេះ៖ ស្របពេលការប្រកួតកីឡាប្រណាំងសេះដណ្ដើមពានរង្វាន់ SCT Sport Complex ខិតជិតដល់ការប្រកួតដណ្ដើមជើងឯកដំណាច់ឆ្នាំ២០១៧ អមដោយប្រាក់រង្វាន់ ២៥,០០០ដុល្លារនាខែធ្នូខាងមុខ គេឃើញវត្តមានសេះជើងខ្លាំងជាច្រើនបានចូលរួមជាបន្តបន្ទាប់ ជាក់ស្ដែងការប្រណាំងសេះប្រចាំខែកញ្ញាកាលពីថ្ងៃអាទិត្យម្សិលមិញ មានសេះចំណូលថ្មី ១ក្បាលទៀតឈ្មោះ PP-3 ដែលទើបនាំចូលពីវៀតណាម ហើយធ្លាប់គ្រងតំណែងជើងឯកពានរង្វាន់អន្តរជាតិចំនួន ៦លើកនៅសិង្ហបុរី ក៏បានចូលរួមការប្រកួតជាមួយសេះពូល A ដែលសុទ្ធតែជាពូជសេះស្តង់ដារអន្តរជាតិផងដែរ។Horse1លោក អឿន សុផល អ្នកជំនាញសេះ និងទទួលបន្ទុកកសិដ្ឋានចិញ្ចឹមសេះ 7NG បានឲ្យដឹងថា នេះគឺជាលើកទី១ហើយ ដែលសេះ PP-3 បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រណាំងសេះដ៏ធំដែលរៀបចំដោយក្រុមហ៊ុន 7NG  នេះ។ ប៉ុន្តែសេះបញ្ជាដោយកីឡាករ យ៉ាន់ ពិសី នេះធ្លាប់មានបទពិសោធន៍លើឆាកអន្តរជាតិមិនតិចនោះទេ ពោលគឺ PP-3 ធ្លាប់បានចូលរួមប្រណាំងនៅប្រទេសសិង្ហបុរីជាច្រើនលើកមកហើយ ដោយជាមួយគ្នានោះ PP-3 ថែមទាំងធ្លាប់ដណ្ដើមបានតំណែងជើងឯកចំនួន ៦លើកទៀតផង។ សូមបញ្ជាក់ថា កាលពីម្សិលមិញនេះសេះថ្មី PP-3 បានបង្ហាញខ្លួនលើកដំបួងក្នុងពាន SCT Sport Complex ដោយប្រណាំងជាមួយសេះខ្ពស់ស្តង់ដារអន្តរជាតិចំនួន ៥ក្បាលនៅក្នុងពូលA។ ជាលទ្ធផលសេះ PP-3 ធ្វើបានយ៉ាងល្អដោយដណ្ដើមបាននូវចំណាត់ថ្នាក់លេខ១ ខណៈអតីតសេះជើងឯកប្រចាំខែមុនៗ CARINO បានធ្លាក់មកឈរលេខ២ និងសេះឈ្មោះ Waichi ទទួលបានលេខ៣។

Horse2មិនតែប៉ុណ្ណោះក៏មានការផ្ដល់ប្រាក់រង្វាន់ជ័យលាភីប្រចាំខែផងដែរ ដោយសេះលេខ១ ទទួលបាន ៤លានរៀល, សេះលេខ២ ទទួលបាន ២លាន ២០ម៉ឺនរៀល និងលេខ៣ ទទួលបាន ១លាន ២០ម៉ឺនរៀល។ លោកឧកញ៉ា ស្រី ចាន់ធូ អគ្គនាយកក្រុមហ៊ុន 7NG បានឲ្យដឹងថា ការបង្ហាញវត្តមានរបស់សេះឈ្មោះ PP-3 ខាងលើនឹងធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងសេះដណ្ដើមពានរង្វាន់ SCT Sport Complex កាន់តែទទួលបានភាពជោគជ័យបន្ថែមទៀត។ ពិសេសគឺការប្រកួតប្រជែងដ៏ស្វិតស្វាញបំផុត រវាងសេះជើងខ្លាំងប៉ះជើងខ្លាំងលើទីលានរបស់ខ្លួន ស្របពេលប្រាក់រង្វាន់ដ៏ច្រើនកំពុងរង់ចាំសេះជើងខ្លាំងពិតប្រាកដ ពោលគឺសេះទទួលបានជ័យជម្នះក្នុងការប្រកួតដំណាច់ឆ្នាំខាងមុខ នឹងទទួលបានប្រាក់រង្វាន់ ២៥,០០០ដុល្លារឯណោះ។

ទន្ទឹមជាមួយការប្រណាំងសេះនាំចូលពីបរទេសនោះដែរ ក៏មានការប្រណាំងសេះពូជខ្មែរជាច្រើនផងដែរ ពិសេសគឺសេះពូលC ដែលជាប្រភេទសេះកម្រិតខ្ពស់ក្នុងស្រុក។ ចំពោះលទ្ធផលការប្រកួតពូលC នោះ ចំណាត់ថ្នាក់លេខ១ បានទៅសេះឈ្មោះ ពាលី, លេខ២ សេះឈ្មោះ Madona និងលេខ៣ បានទៅសេះឈ្មោះ Navara៕
អត្ថបទ លី ឈុនឡា