NOCC កំណត់​កីឡា​ជាង ៣០​ប្រភេទ​ត្រៀម​ស៊ី​ហ្គេម​ ២០២៣ ត្រូវ​ឆ្លង​ឲ្យ​ផុត​វគ្គ​ជម្រុះ​ស៊ី​ហ្គេម​នៅ​ប្រទេស​វៀតណាម​

52

ស៊ីហ្គេម៖ ដោយមើលឃើញពីសន្ទុះក្នុងការដណ្ដើមមេដាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមរបស់ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា នាពេលកន្លងមកនៅមានកម្រិតនៅឡើយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបន្ថែមនូវយុទ្ធសាស្ត្រដើម្បីពង្រឹង និងជំរុញសមត្ថភាពកីឡាមួយចំនួនធំ ដែលពុំទាន់ដណ្ដើមបានមេដាយជូនជាតិនោះ ត្រូវស្វែងរកមេដាយឲ្យខានតែបានក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម ដើម្បីធានាបាននូវការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់បេសកកម្មដឹកនាំអត្តពលិកកម្ពុជា ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅម៉ាឡេស៊ីកាលពីសប្ដាហ៍មុនថា ស៊ីហ្គេមឆ្នាំ២០១៧ នេះមានកីឡាត្រឹមតែ ៧ប្រភេទប៉ុណ្ណោះដែលដណ្ដើមបានមេដាយ រួមមានកីឡាប៉េតង់, គុនខ្មែរ, តេក្វាន់ដូ, សីប៉ាក់តាក្រ ឬសីឈីនឡូន, ជិះសេះ និងកីឡាវាយកូនបាល់ ខណៈកីឡា ១៧ប្រភេទផ្សេងទៀតមិនទទួលបានមេដាយ ឬឆ្លងផុតវគ្គជម្រុះនោះទេ។ ឯកឧត្ដមបន្តថា តាមរយៈលទ្ធផលខាងលើ ទោះបីមានភាពរីកចម្រើនជាងមុនបន្តិចក្ដី ប៉ុន្តែកីឡាមួយចំនួនធំនៅតែបន្ដធ្វើមិនបានល្អ ដោយពួកគេមិនទាន់ឆ្លងផុតវគ្គជម្រុះនៅឡើយ។ មូលហេតុនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងសហការជាមួយក្រសួងអប់រំ ដើម្បីរឹងបណ្ដឹងលើការហ្វឹកហាត់ ដើម្បីជំរុញគុណផលប្រកួតឲ្យបានល្អប្រសើរ។

ឯកឧត្ដមបានសង្កត់ធ្ងន់ថា ស៊ីហ្គេមឆ្នាំនេះមានកីឡា ៧ប្រភេទដណ្ដើមបានមេដាយ តែស៊ីហ្គេមបន្ទាប់នាឆ្នាំ២០១៩ នៅហ្វីលីពីនកម្ពុជាកំណត់កីឡាឲ្យបានយ៉ាងតិចជាង ១០ប្រភេទត្រូវតែដណ្ដើមឲ្យបានមេដាយជូនជាតិ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះមុនស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានកំណត់ឲ្យកីឡាជាង ៣០ប្រភេទដែលត្រៀមធ្វើជាម្ចាស់ផ្ទះត្រូវឆ្លងឲ្យផុតវគ្គជម្រុះ ឬដណ្ដើមឲ្យបានមេដាយទាបបំផុតមេដាយសំរឹទ្ធនៅស៊ីហ្គេមឆ្នាំ២០២១ ដែលវៀតណាមធ្វើម្ចាស់ផ្ទះ។ ការកំណត់បែបនេះគឺជាយុទ្ធសាស្ត្រ ដើម្បីធានាបានថាប្រភេទកីឡានីមួយៗ សុទ្ធតែត្រៀមខ្លួនបានល្អក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីប្រជែងមេដាយបានឲ្យខ្ទង់មួយសមរម្យ ដែលអាចទទួលយកបានក្នុងនាមជាម្ចាស់ផ្ទះ ពោលគឺមិនអាចរក្សាចំណាត់ថ្នាក់លេខ៨ ដូចបច្ចុប្បន្នបានទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕
អត្ថបទ លី ឈុនឡា