ម្ចាស់​ជ័យ​លាភី​ដណ្ដើម​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩ ទទួល​​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ពី​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ​

28

ស៊ី​ហ្គេម៖ ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩ ឆ្នាំ​២០១៧ ដែល​បាន​រៀបចំឡើង​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរប្រទេស​ម៉ាឡេស៊ី​កន្លងទៅ អត្ត​ព​លិ​ក​ខ្មែរ​យើង​ទទួល​បាន​លទ្ធផល​គាប់ប្រសើរ​ជាង​មុន ដោយ​ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន​១៧​គ្រឿងក្នុង​នោះ​មានមេដាយ​មាស ៣​គ្រឿង​, មេដាយ​ប្រាក់ ២​គ្រឿង​, និង​មេដាយ​សំរិទ្ធ​ ១២​គ្រឿង​ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៥ យើង​ទទួល​បាន​ត្រឹមតែ​មេដាយ​មាស ១​គ្រឿង, មេដាយ​ប្រាក់​ ៥​គ្រឿង និង​មេដាយ​សំរិទ្ធ ៩​គ្រឿង​ប៉ុណ្ណោះ​។ ហើយ​សម្រាប់​អត្ត​ព​លិ​ក​ដែល​ដណ្ដើម​បាន​មេដាយក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​២០១៧​នេះ សុទ្ធតែ​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ​។​​ថ្លែង​ក្នុងពិធី​អបអរសាទរលើកទឹកចិត្ត​ជ័យ​លាភី ដែល​ដណ្ដើម​បាន​មេដាយ​មកកាន់​មាតុប្រទេស​វិញ រៀបចំ​នៅ ក្រុម​ហ៊ុនស្រា​បៀរ​អង្គរកាលពី​ល្ងាច​ថ្ងៃទី៤ ខែកញ្ញា ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះស្រា​បៀរ​អង្គរដែល​តែងតែ​គាំទ្រចំពោះ​អត្ត​ព​លិ​ក​ជាតិ ហើយគណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុ​ជា​មាន​ក្តី​រំភើប ដែល​តែងតែ​ទទួល​បាន​ការ​គាំទ្រក្នុង​កិច្ចការ​លើកស្ទួយ​វិស័យ​កីឡា​ជាតិឲ្យ​ទទួល​បាន​ជោគជ័យ​។ ឯកឧត្ដមជឿ​ជាក់​ថា​ កិច្ចសហការ​នេះ​នឹង​ជួយ​ជំរុញវិស័យ​កីឡា​ឲ្យ​លេចធ្លោ​ទៅមុខ​ដូច​អ្វី​ ដែល​អត្ត​ព​លិ​ក​ខ្មែរបាន​បង្ហាញ​នៅ​ក្នុងកីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ​”​។​ ​ទន្ទឹម​នឹង​នោះ​លោក អ៊ុង គី​កុង នាយក​គ្រប់គ្រង​ផ្នែក​លក់​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វបាន​ឲ្យ​ដឹង​ថា លោក​មាន​អារម្មណ៍​សប្បាយចិត្ត​ណាស់ ដែល​បាន​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់អត្ត​ព​លិ​ក​កម្ពុជា ដែល​បាន​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍កីឡា​ស៊ី​ហ្គេម​លើក​ទី២៩ ​នេះ​។ ហើយ​ក្រុមហ៊ុន​របស់​លោក​នឹង​ពិចារណា​រាល់​ការឧបត្ថម្ភ​ផ្សេងទៀត​ ប្រសិនបើ​មានការ​ស្នើសុំ​ពីគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

​​ចំណែក​កីឡាករ ឃីម ឌី​ម៉ា ម្ចាស់​មេដាយ​មាស​ឯកត្តជន​លើ​វិញ្ញាសា​ប្រដាល់​គុន​ខ្មែរ​នោះបាន​ឲ្យ​ដឹង​ថា “​ចំពោះ​ទឹកប្រាក់ ៦​ពាន់​ដុល្លារដែល​ទទួល​បាន​នេះ រូបគេ​នឹង​បែងចែក​មួយ​ចំនួន​ឲ្យ​ទៅ​ម្ដាយ​ឪពុក និង​មួយ​ចំនួន​ទៀត​ទុក​ចាយ​ខ្លួនឯង​ប្រចាំថ្ងៃ​។ កីឡាករ​ដែរកំពុង​ប្រកបការងារ​នៅ​ក្នុង​កងរាជអាវុធហត្ថ​រូប​នេះ​ បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្ដម រ័ត្ន ស្រ៊ាង និង​មេបញ្ជាការ​ផ្ទាល់​របស់​ខ្លួនដែល​តែងតែ​យកចិត្តទុកដាក់​ដល់​រូបគេ​។​ ​សូម​បញ្ជាក់​ថា កិច្ច​សហការ​គ្នា​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ស្រា​បៀរ​អង្គរ បាន​ជូន​រង្វាន់​លើកទឹកចិត្ត​ចំពោះ​អត្ត​ព​លិ​ក​លើ​វិញ្ញាសា​ឯកត្តជន ដែល​ឈ្នះ​មេដាយ​មាស​ជា​ទឹក​ប្រាក់​ចំនួន ៦​ពាន់​ដុល្លារ​, មេដាយ​ប្រាក់ ៣​ពាន់​ដុល្លារ​ និង​មេដាយ​សំរិទ្ធិ ១​ពាន់​ដុល្លារ​អាមេរិក​។ ចំណែក​អត្ត​ព​លិ​ក​ដែល​ប្រកួត​លើ​វិញ្ញាសា​ជា​ក្រុម​ សំរាប់​ជ័យ​លាភី​មេដាយ​មាស​ទទួល​បាន​ទឹក​ប្រាក់ ៨​ពាន់​ដុល្លារ​, មេដាយ​ប្រាក់ ៥​ពាន់​ដុល្លារ​ និង​មេដាយ​សំរិទ្ធ​ទទួល​បាន ៣​ពាន់​ដុល្លារ​៕