អគ្គនាយកដ្ឋាន​ពន្ធដារ​ប្តឹង​កាសែត The Cambodia Daily ពី​រឿង​គេចវេះ​មិន​បង់ពន្ធ

97

ភ្នំពេញ ៖ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ កាលពី​ថ្ងៃទី​៤ ខែកញ្ញា​នេះ ​បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ប្តឹង​កាសែត​បរទេស ​The Cambodia Daily ​ដោយ​ប្តឹង​ផ្ទាល់ ​ចំពោះ​ដឹកនាំ​ថ្នាក់​ នៃ​កាសែត​មួយ​នេះ​ចំនួន​៣ រូប ​មាន ​ម្ចាស់​ស្ថាប័ន​, បណ្ណាធិការ ​និង​ចាងហ្វាង​ការផ្សាយ​កាសែត​ The Cambodia Daily ​ចំពោះ​ការ​គេចវេះ​មិន​បង់ពន្ធ​ជូន​រដ្ឋ ។

ពាក្យ​បណ្តឹង​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​បង្ហាញ​ថា ​ថ្នាក់ដឹកនាំ​នៃ​កាសែត​ The Cambodia Daily (​ខេ​ម​បូ​ឌា​ដេលី​) ​ចំនួន​៣​រូប ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ដាក់ពាក្យ​បណ្តឹង​នោះ​ រួមមាន​ លោក Bernard Krisher (​បឺ​ណាដ គ្រី​ស្សឺ​) មាន​តួនាទី​ចាងហ្វាង​កាសែត លោកស្រី Deborah Krisher-Steele (​ដេ​បូរ៉ា គ្រី​ស្សឺ​ស្ទីល​) ដែល​មាន​តួនាទី​ជា​កម្មសិទ្ធិករ និង លោក Douglas Eric Steele (​ដ៉ូ​ក្លាស អេ​រ៉ិ​ច​ស្ទីល​) ដែលមាន ​តួនាទី​ជា​បណ្ណាធិការ ក្រុមហ៊ុន​កាសែត ដោយ​ប្តឹង​ពី​បទ​គេចវេះ ​ពន្ធ​ និង​ការប្រព្រឹត្ត​អំពើ​រាំងស្ទះ​ដល់​ការអនុវត្ត​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​។

ដោយឡែក លោកស្រី Deborah Krisher-Steele. ដែលជា​កម្មសិទ្ធិករ​ក្រុមហ៊ុន​កាសែត The Cambodia Daily ក៏ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្តឹង​ពីបទ​ បរិហារកេរ្តិ៍​ជា​សាធារណ ហើយ​ទាមទារ​សំណង​ចំនួន​៨០០​លាន​រៀល​ក្រោយពី​ធ្វើការ​រៀបរាប់​ចោទ​ប្រកាន់ថា​អគ្គនាយកដ្ឋាន​ពន្ធដារ​អនុវត្ត​បំណុល​រហូត​ឈាន​ទៅដល់​ការបិទ​ព្រោះ​ជា​ចេតនា​នយោបាយ​។

នៅក្នុង​ពាក្យបណ្តឹង​ អគ្គនាយកដ្ឋាន​ពន្ធដា​រ​លើកឡើងថា​ ក្រុមហ៊ុន Bernard Kriser Jmushi Co., Ltd. បាន​ប្រកប​អាជីវកម្ម សារពើពន្ធ​កាសែត​ The Cambodia Daily នៅក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​១៩៩៣ ប៉ុន្តែ​ទើប​មក​ចុះបញ្ជី​ពន្ធដារ​នៅ​ថ្ងៃទី​១៤ ខែ​ មិថុនា ឆ្នាំ​២០១៧​។

កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧ គឺជា​ថ្ងៃ​ឱសាទ​វាទ​ដែល​កាសែត​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ និង​ក៏​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ចេញផ្សាយ​របស់​កាសែត The Cambodia Daily​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ក៏បាន​ធ្វើលិខិត​ស្នើសុំ​កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​ចាត់វិធានការ​តឹង​ក្នុង​ការ​ទប់ស្កាត់​ការ​ធ្វើដំណើរ​ចាកចេញ​របស់​ម្ចាស់​កាសែត និង​បណ្ណាធិការ​ពី​ប្រទេស​កម្ពុជា ដើម្បី​អនុវត្ត​ការទារ​បំណុល​ពន្ធ​លើ​ក្រុមហ៊ុន​កាសែត The Cambodia Dialy​។​

កាសែត​បរទេស The Cambodia Daily បាន​ប្រកាស​បិទ​ការចេញផ្សាយ​របស់ខ្លួន ​នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​ពុំ​មាន​លទ្ធភាព​បង់ពន្ធ​ជូន​រដ្ឋ​តាម​ការកំណត់ ​បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​២៤​ឆ្នាំ​នៅ​កម្ពុជា​៕