លោក Leonardo និង​គ្រូ​វៀតណាម​មើល​ឃើញ​ចំណុចខ្សោយ​ក្រុម​គោព្រៃ​កម្ពុជា​រៀង​ៗ​ខ្លួន​

38
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា

បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​របូត ៣​ពិន្ទុ​ទៅ​ហើយ សម្រាប់​ការប្រកួត​បញ្ចប់​ជើង​ទី​១ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ី AFC Asian Cup 2019 កាលពី​យប់មិញ ក្រោយ​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ​វៀតណាម​ដោយ​លទ្ធផល ២-១ នៅ​លើ​ទឹកដី​របស់​ខ្លួន។

គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម

ការ​បរាជ័យ​នេះ​ដែរ​ត្រូវ​បាន​គ្រូ​បង្វឹក​ផ្ទាល់​លោក Leonardo Vitorino និង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វៀតណាម​លោក ម៉ៃ គីម​ជុង មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​ផ្សេងៗ​គ្នា ដែល​នាំ​ឲ្យ​ម្ចាស់ផ្ទះ​កម្ពុជា​ចាញ់​ផង​ដែរ។ ​លោក Leonardo Vitorino បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានក្រោយ​ចប់​ការប្រកួត​ថា ការប្រកួត​នេះ​វគ្គ​ទី​១ កូន​ក្រុម​ខ្លួន​ធ្វើ​បាន​ល្អ​ច្រើន តែ​ឈាន​ដល់​វគ្គ​ទី​២ គុណភាព​ក្នុង​ការ​គ្រប់គ្រង​បាល់​ចាប់ផ្ដើម​ធ្លាក់​ចុះ បន្ទាប់ពី​ស្មើគ្នា ១-១ នៅ​វគ្គ​ទី​១។ គ្រូ​បង្វឹក​ប្រេ​ស៊ី​ល​រូប​នេះ​បាន​បន្ថែម​ថា វគ្គ​ទី​២ កូន​ក្រុម​បាន​បាត់បង់​ការ​ប្រមូល​អារម្មណ៍ ពិសេស​គឺ​ក្រោយពេល​កីឡាករ​វៀតណាម​រក​បាន​គ្រាប់​បាល់​ទី​២ ទើប​បណ្ដាល​ឲ្យ​ក្រុម​ភ្ញៀវ​វៀតណាម​មានឱកាស​រក​បាន គ្រាប់​បាល់​ជ័យជម្នះ​តែម្ដង។​

​ចំណែក​លោក ម៉ៃ គឹម​ជុង វិញ បាន​លើក​ឡើង​ថា បើ​ទោះ​បី​កូន​ក្រុម​ខ្លួន​រង​សម្ពាធ​អ្នកគាំទ្រ​ដ៏​ច្រើន​របស់​កម្ពុជា និង​ពិបាក​លេង​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ប៉ុន្តែ​លោក​បាន​មើល​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​កម្ពុជា​ច្រើន ពិសេស​គឺ​តំបន់​ការពារកណ្ដាល និង​តំបន់​ប្រយុទ្ធ​ ដែល​ធ្វើ​ឲ្យ​ក្រុម​លោក​មានឱកាស​គ្រប់គ្រង​ស្ថានការណ៍ លើ​ទីលាន​បាន​ច្រើន។ តែ​ទោះជា​បែបនេះ​ក្ដីក៏​ក្រុម​វៀតណាម ពិបាក​លេង​ក្នុង​ប្រអប់​គ្រោះថ្នាក់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែរ។​ សូម​បញ្ជាក់​ថា ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បច្ចុប្បន្ន​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៣ និង​មាន ៣​ពិន្ទុ បន្ទាប់ពី​ឆ្លងកាត់ ៣​ប្រកួត​ឈ្នះ​១ និង​ចាញ់​២ គ្រា​ដែល​វៀតណាមបាន​ឡើង​ទៅ​ឈរ​ចំណាត់​ថ្នាក់លើ​កម្ពុជា​វិញ ជាមួយ​លទ្ធផល ៣​ប្រកួត​ឈ្នះ​១ និង​ស្មើ​២ មាន ៥​ពិន្ទុ។ ចំពោះ​ប្រកួត​បន្ទាប់ក្រុម​វៀតណាម នឹង​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ​ម្ដង​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧​ខាងមុខនេះ៕
អត្ថបទ លី ឈុន​ឡា