អ្នក​ចិញ្ចឹម​ត្រី​ ក្នុង​ខេត្តសៀមរាប ​ត្អូញត្អែរ​ពី​វិបត្តិ​ទីផ្សារ

53

 

សៀមរាប ៖ ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅ​ពេល​បច្ចុប្បន្ននេះ ​បាន​មានការ​ចាប់អារម្មណ៍​ងាក​មក​ចាប់​មុខរបរ ចិញ្ចឹមជីវិត​ដោយ​ការ​ចិញ្ចឹម​សត្វ​ដាំ​បន្លែ​ផ្លែឈើ​ជាដើម ​ប៉ុន្តែ​ផលិតផល​របស់​កសិករ​ខ្មែរ​មួយ​ចំនួន បាន នឹង​កំពុង​ប្រឈម​ទៅ​នឹង​វិបត្តិ​ទីផ្សារ ដោយសារតែ​លំហូរ​នៃ​ការ​នាំចូល​ផលិតផល​កសិកម្ម​យ៉ាង​ច្រើន លើសលុប​មក​ក្នុង​ទីផ្សារ​ក្នុងស្រុក​ខ្មែរ​។

អ្នក​ចិញ្ចឹម​ត្រី​នៅក្នុង​ខេត្ដ​សៀមរាប ​បានស្នើ​ដល់​មន្ត្រី​ជំនាញ ឬ​ស្ថាប័ន​ពាក់ព័ន្ធ ​ឲ្យ​ជួយ​ទប់ ស្កាត់​ការ​នាំ​ចូល​ត្រី​ខុសច្បាប់​មកពី​ក្រៅប្រទេស ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​ចិញ្ចឹម​ត្រី​នៅ​ស្រុក​ឲ្យ​មាន ​តម្លៃ​ខ្ពស់ ខណៈពេល​នេះ ​ត្រី​ចិញ្ចឹម​ក្នុងស្រុក​កំពុងតែ​ប្រឈម​ជា​ខ្លាំង​ទៅ​ នឹង​បញ្ហា​វិបត្តិ​ទីផ្សារ​។

លោក លី ហាំង​សេង អ្នក​វិនិយោគ​លើ​ការ​ចិញ្ចឹម​ត្រី​មួយរូប ​នៅ​សង្កាត់​ស្វាយដង្គុំ ​ក្រុង​សៀមរាប បាន​ប្រាប់​BTV​ កាលពី​ម្សិល​ម៉ិ​ញ​ថា ​លោក​បាន​ចាប់​មុខរបរ​ចិញ្ចឹម​ត្រី​បែប​ធម្មជាតិ​លើ​ផ្ទៃដី​ប្រមាណ ១៦​ហិកតា​ ដោយ​ចំណាយ​ទុន​អស់​ប្រមាណ​មួយ​លាន​ដុល្លារ ​បន្ទាប់ពី​លោក​បាន​ទៅ​សិក្សា​ផ្នែក កសិកម្ម​នៅ​ក្រៅ​ប្រទេស​ជាច្រើន​ខែ ។

លោក​ បាន​ឲ្យ​ដឹងថា ​ត្រី​ដែល​លោក​ចិញ្ចឹម​មាន​៦​ប្រភេទ ​សរុប​ចំនួន​ពីរលាន​ក្បាល​ និង​មាន អាយុកាល​ត្រូវ​ទទួល​ផល​ហើយ ​ប៉ុន្ដែ​នៅពេល​ទំនាក់ទំនង​លក់​ចេញ ​បែរ​ ជា​ផលិតផល​ក្នុងស្រុក​មាន តម្លៃថោក​ ដែល​សង្ស័យ​បណ្ដាលមកពី​ការ​នាំ​ចូល​ត្រី​ច្រើនជាង​ផលិតផល​ក្នុងស្រុក​។

លោក ​បាន​ឲ្យ​ដឹង​ទៀតថា ​បើ​ប្រៀបធៀប​តម្លៃ​នៃ​ការលក់​ចេញ ​និង​ថ្លៃដើម​ដែល​បាន​ចំណាយ គឺ​មាន​ការខាតបង់​យ៉ាងច្រើន​គួរ​ឲ្យ​ព្រួយបារម្ភ ​ព្រោះ​ក្នុង​មួយថ្ងៃ ​លោក​ត្រូវ​ចំណាយ​ថវិកា​ជាង​ពីរពាន់ ដុល្លារ​ទៅលើ​មុខរបរ​នេះ​។

លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម ខេត្ដ​សៀមរាប​ បាន​ទទួលស្គាល់ថា​ ត្រី​ចិញ្ចឹម នៅក្នុង ស្រុក​ពិតជា​មានតម្លៃ​ទាប​មែន​ ដោយសារ​ការនាំ​ចូល​ត្រី​ពី​ក្រៅប្រទេស​ច្រើន​ និង​ដោយ ​សារ​ការ​ចិញ្ចឹម ត្រី​នៅក្នុង​ស្រុក​ខ្វះ​លក្ខណៈ​បច្ចេកទេស​។

លោក​ បាន​បញ្ជាក់ថា ​ការ​ត្រួត​ពិនិត្យ​ការ​នាំ​ចូល​ត្រី​ពី​ក្រៅប្រទេស ​មិន​មែនជា​តួនាទី​របស់ ក្រសួង​កសិកម្ម​ទេ ​តែ​ជា​កាតព្វកិច្ច​របស់​ក្រសួងពាណិជ្ជកម្ម ​កាំ​កុង ត្រូល ​និង​ពន្ធ ដា​ដើម​។

លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម បាន​បញ្ជាក់ថា ​ដើម្បី​ឲ្យ​ផលិតកម្ម​ក្នុងស្រុក​មានតម្លៃ​ ខ្ពស់​លុះត្រា​ទប់ស្កាត់​ការ​នាំ​ចូល​ពី​ខាងក្រៅ​។ លោក លី ហាំង​សេង ​អ្នក​វិនិយោគ​លើ​ការ​ចិញ្ចឹម​ត្រី​ បាន​សំដែង​ការ​ព្រួយ​បារម្ភ​ពី​ការបាត់បង់​ ដើមទុន​វិនិយោគ​ទៅ​ពេល​អនាគត ​ប្រសិនបើ​គាត់​មិន​អាច​រក​ទីផ្សារ​លក់​ផល​ត្រី​របស់​គាត់​ឲ្យ​បានល្អ ទេនោះ​៕