ការ​បង្កើត​ផ្សារ​សហគមន៍​ទិញ​ស្រូវ​កំពុង​ផ្ដល់​សង្ឃឹម​ចំពោះ​ប្រជាកសិករ​

95

ភ្នំពេញ៖ ការបង្កើត​ផ្សារ​សហគមន៍ ដើម្បី​ប្រមូល​ទិញ​ស្រូវ​ដោយ​ផ្ទាល់​ពី​ប្រជាជន ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​ប្រជាកសិករ ប៉ុន្តែ​ទន្ទឹម​នេះ ​វា​ក៏​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​រាជរដ្ឋាភិបាល​ឲ្យ​បាន​កាន់​តែខ្លាំង​ផងដែរ​។​

លោក​ឧកញ៉ា ​សុង សារ៉ន​ អគ្គនាយក​នៃ​ក្រុមហ៊ុន AMRU Rice Cambodia​ ដែលជា​ក្រុមហ៊ុន​នាំ​អង្ករ​ខ្មែរ​ចេញទៅ​បរទេស​គាំទ្រ​ចំពោះ​គម្រោង​នេះ​យ៉ាង​ខ្លាំង ព្រោះ​ផ្សារ​សហគមន៍ នឹង​ផ្ដល់​ផល​ប្រយោជន៍​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ក្នុង​សហគមន៍​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ឈ្មួញកណ្ដាល​នោះទេ​។

លើសពីនេះ វា​ក៏បាន​ធ្វើ​ឲ្យ​ចរន្ត​ទីផ្សារ​មាន​ភាព​ល្អ​ផងដែរ​ដោយ​ចាប់ផ្ដើម​ពី​ការ​ចងក្រង​សហគមន៍ ទៅ​រោង​ម៉ាស៊ីនកិនស្រូវ រឺ​បន្តទៅ​រោងចក្រ​កែឆ្នៃ​ជាដើម​។

ទន្ទឹម​នឹងនេះ លោក​ក៏បាន​បញ្ជាក់​បន្ថែមថា ការ​ចង់​ឲ្យ​ផ្សារ​សហគមន៍​នេះ ដំណើរ​ការបាន​ជោគជ័យ​ក៏​ទាមទារ​ឲ្យ​មាន​យន្តការ និង​ការគាំទ្រ​ជួយឧបត្ថម្ភ​ពី​សំណាក់​រដ្ឋាភិបាល​ផង​ដែរ ជាពិសេស​ផ្ដោត​សំខាន់​លើ ប្រព័ន្ធ​ធារាសាស្ត្រ បញ្ហា​ផ្លូវ​ដឹកជញ្ជូន និង​បញ្ហា​ប្រាក់​ចំណាយ​ក្នុង​ការងារ​កសិកម្មរ​បស់​ប្រជាជន​។ ក្នុង​នោះ ​រដ្ឋាភិបាល​ក៏​គួរតែ​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​បង្រៀន​ដល់​ប្រជាជន​ក្នុង​សហគមន៍​ផ្ទាល់​ផង​ដែរ ដើម្បី​ឲ្យ​ពួកគាត់​អាច​មាន​ចំណេះ​ជំនាញ​បាន​កាន់តែ​ប្រសើរ​ក្នុង​ផ្នែក​កសិកម្ម​ដាំ​ដុះ​បាន​ល្អ​ជាង​មុន​។

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក​ឧកញ៉ា​ហ៊ុន ឡាក់​ក៏បាន​ថ្លែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ការ​បង្កើត​ផ្សារ​សហគមន៍​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាជន​ផ្ទាល់​ផងដែរ ដោយ​លោក​បាន​លើក​ហេតុផល​ថា ការបង្កើត​នេះ​នឹង​ជួយ​ដល់​កសិករ​ដែល​នៅ​ឆ្ងាយៗ​និង​ត​ភ្ជាប់​រវាង​ពាណិជ្ជករ និង​ប្រជាកសិករ​ដោយផ្ទាល់​។

លោក​បាន​បន្ថែមទៀតថា បើសិនជា​អាច​អាជ្ញាធរ​មូលដ្ឋាន​គួរតែ​ព្យាយាម​សម្រួល​ក្នុង​មធ្យោបាយ​ធ្វើដំណើរ និង​បញ្ហា​ទីតាំង​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​ក្នុង​ដឹកជញ្ជូន​។ លើសពីនេះ បើសិនជា​រដ្ឋាភិបាល​មានលទ្ធភាព​គ្រប់គ្រាន់​គួរតែ​ផ្ដល់​ប្រាក់កម្ចី​បន្ថែម​ផងដែរ​។​

ការបង្កើត​ផ្សារ​សហគមន៍​សម្រាប់​ប្រមូល​ទិញស្រូវ​តាម​មូលដ្ឋាន​នេះ ជា​គម្រោង​របស់​ឧកញ៉ា ភួ ពុ​យ​ប្រធានសភា​ពិ​ណិ​ជ្ជ​កម្ម​ខេត្តបាត់ដំបង និង​ជា​ប្រធាន​ធានា​គារ​ស្រូវ​ភីអិលស៊ី ក្រោម​ការផ្ដល់ប្រាក់​ឥ​ណ្ឌ​ទាន​ពី​រដ្ឋាភិបាល​តាមរយៈ​ធានា​គារ​អភិវឌ្ឍន៍ជនបទ​ក្នុង​ចំនួន​ទឹកប្រាក់​២៧​លាន​ដុល្លា​ដើម្បី​ប្រមូល​ទិញស្រូវ​ក្នុង​គោលដៅ​រក្សា​តម្លៃ​ស្រូវ​ក្នុងប្រទេស ដែល​ផ្តោតលើ​គោលដៅ​ក្នុង​ខេត្តពោធិសាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​៕