លោក មាស ចាន់ណា សង្ឃឹមថា ​កូន​ក្រុម​នឹង​ធ្វើ​បាន​ល្អ​នៅ​លើ​ទឹកដី​ក្រសួង​ការពារជាតិ បើ​ទោះ​បី​អវត្តមាន​កីឡាករ​សំខាន់​មួយ​ចំនួន​

71

បាល់ទាត់៖ ​ក្រុម​ក្រសួងការពារជាតិ​នឹង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​របស់​ខ្លួន ដើម្បី​ធ្វើការ​ប្រកួត​ជើង​ទី​២ ទល់នឹង​ក្រុម​ភ្ញៀវ​ណាហ្គា​វើ​ល ក្នុង​ការ​វិល​ត្រលប់​មកវិញ​នៃ​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​២០១៧ នៅ​ចុង​សប្ដាហ៍​នេះ​គឺ​នៅ​ថ្ងៃ​សៅរ៍ ទី​០៩ ខែ​កញ្ញា ក្រោយពី​ឈប់​សំរាក​ជាង ១​ខែ​កន្លង​មកនេះ​។​​ខណៈ​កំពុង​ដឹកនាំ​ក្រុម​ហ្វឹកហាត់​កំដៅ​សាច់ដុំ​ ដើម្បី​ត្រៀមខ្លួន​ក្នុង​ការ​ប្រកួត​មួយ​នេះលោក មាស ចាន់ណា គ្រូ​បង្វឹក​របស់​ក្លឹប​ណាហ្គា​វើ​ល​បាន​ឲ្យ​ដឹង​ថា ក្រោយ​មកពី​សិង្ហបុរី​វិញ​លោក​សង្កេត​ឃើញ​ថា កូន​ក្រុម​របស់​លោក​មានការ​យកចិត្តទុកដាក់​ក្នុង​ការ​ហ្វឹកហាត់ ហើយ​មាន​កីឡា​មួយ​ចំនួន​គាត់​ទទួល​បាន​ការអប់រំ​បាល់​ទាត់ ទើប​ធ្វើ​ឲ្យ​កាន់តែល្អ​ប្រសើរ ជាហេតុ​ឲ្យ​លោក​គិត​ថាកូន​ក្រុម​របស់​ខ្លួន​នឹង​ធ្វើ​បាន​ល្អ​។​ ​លោក​បន្ត​ទៀត​ថា ជំនួប​លើក​នេះ​ក្រុម​របស់​លោក​នឹង​អវត្តមាន​កីឡាករ​សំខាន់​មួយ​ចំនួន ដោយសារ​មាន​របួស និង​ជាប់​ពិន័យ​កាត​ក្រហម ដូច្នេះ​លោក​ត្រូវ​មាន​ការ​ផ្លាស់ប្ដូរ​កីឡាករ ប៉ុន្តែ​លោក​សម្គាល់​ឃើញ​ថា ​ការប្រកួត​កន្លងមកនៅ​លើ​ទីលាន​ក្រសួង​ការ​ពារជាតិ គឺ​កូន​ក្រុម​របស់​លោក​តែងតែ​លេង​បាន​យ៉ាង​ល្អ​។​

​​សូម​រំលឹក​ថា កាលពី​ជើង​ទី​១​ រវាង​ក្រុម​ទាំង​២​ បញ្ចប់​ដោយ​លទ្ធផល ១ស្មើ ហើយ​បើ​គិត​ត្រឹម​សប្ដាហ៍​ទី​១៤ ក្លឹប​បាល់ទាត់​ណាហ្គា​វើ​ល​ឈរ​នៅ​លេខ​៤ ដោយ​ ១៤​ប្រកួត ឈ្នះ ​៧​ប្រកួត ស្មើ​ ៥​ប្រកួត និង​ចាញ់​២​ប្រកួត ហើយ​មាន​ ២៦​ពិន្ទុ​ក្នុង​ដៃ​៕