កម្ពុជា​-​ចិន​ នឹង​ពង្រឹង​កិច្ចសហការ​លើ​វិស័យ​កម្មសិទ្ធិបញ្ញា​ និង​ការ​កសាង​ម៉ាក​ពាណិជ្ជកម្ម

90

ភ្នំពេញ ៖​ កម្ពុជា​-​ចិន​ នឹង​ពង្រឹង​កិច្ចសហការ​លើ​វិស័យ​កម្មសិទ្ធិបញ្ញា​ និង​ការ​កសាង​ម៉ាក​ពាណិជ្ជកម្ម​ហើយ​នេះ​ បើ​តាម​កិច្ចព្រមព្រៀង​មួយ​ធ្វើ​កាលពី​ថ្ងៃទី​៦ ​ខែកញ្ញា ​ឆ្នាំ​២០១៧​ នៅ​ក្រសួងពាណិជ្ជកម្ម​។

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ បាន​ថ្លែង​ឲ្យ​ដឹងថា ​ប្រទេស​កម្ពុជា​ និង​ចិន​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ម៉ាក​ និង​ការ​កសាង​ម៉ាក​យីហោ ​រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​រដ្ឋ​បាល​ជាតិ​ ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ឯក​ឩ​ត្ត​ម​ បាន​បន្តថា គោលបំណង​នៃ​ការ​ផ្តួចផ្តើម​ឲ្យ​មាន​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ គឺ​ដើម្បី​ពង្រឹង ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ ដោយ​ឈរលើ​មូលដ្ឋាន​ ស្មើភាព ​និង​ផ្តល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​លើ​វិស័យ​ម៉ាក​ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ព្រមទាំង​ជំរុញ​ការ​កសាង​ម៉ាក​កាន់​តែច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ និង​ចិន​។

ឯក​ឩ​ត្ត​ម ​បន្ថែមថា​ អនុស្សរណៈ​នេះ​ក៏​មាន​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការអនុវត្ត​កម្មសិទ្ធិបញ្ញា ​តាមរយៈ​ការ​គាំពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ ​និង​ផលិតករ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​។

សម្រាប់ ឯកឧត្តម ម៉ា ហ្សិ​ង​គី (Ma Zhengqi) អនុរដ្ឋមន្ត្រី​នៃ​រដ្ឋបាលជាតិ​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ លើកឡើងថា​ តាមរយៈ​អនុស្សរណៈ​នេះ​ប្រទេស​ទាំងពីរ​នឹងធ្វើ​ការ​ចែករំលែក​លិខិត​បទដ្ឋាន​គតិយុត្តិ ​ពាក់ព័ន្ធ​កម្មសិទ្ធិបញ្ញា​ព្រមទាំង​ធ្វើ​ទស្សនកិច្ច​សិក្សា​ពី​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ដកស្រង់​បទពិសោធន៍​នៅ​លើ​វិស័យ​កម្ម​សិទ្ធិ ​បញ្ញា ​និង​ការ​ពង្រឹង​កិច្ចការពារ​ម៉ាក​ពាណិជ្ជកម្ម​។

ប្រទេស​ចិន​ បាន​សន្យាថា​ នឹង​ជួយ​បណ្តុះ​បណ្តាល​ធនធានមនុស្ស​លើ​ផ្នែក​ត្រួតពិនិត្យ​ម៉ាក​ដល់​ប្រទេស​កម្ពុជា និង​ជួយ​ជំរុញ​ឲ្យ​មានការ​តាំង​ពិព័រណ៍​ផលិតផល​ខ្មែរ​ក៏ដូចជា​ការ​កសាង​ម៉ាក​យីហោ​របស់​កម្ពុជា​នៅលើ​ទីផ្សារ​បន្ថែមទៀត​៕