ADB ​សេដ្ឋកិច្ចកម្ពុជា​ ឆ្នាំនេះ​ នឹង​សម្រេច​បាន​កំណើន​៧,១​ភាគរយ​

73

ភ្នំពេញ ៖ ​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា ​បាន​ថ្លែងថា ​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំនេះ​ នឹង​សម្រេច​បាន​កំណើន​៧,១​ភាគរយ ​ដែល​ជំរុញ​ដោយសារ​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ និង​វិស័យ​កសិកម្ម​។

លោក​ Samiuela T. Tukuafu ​នាយក​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​របស់​មន្ត្រី​ថ្នាក់​បច្ចេកទេស​ នៃ​វេទិកា​គោលនយោបាយ ដែល​ជាប់​ទាក់ទង​ទៅនឹង​សេដ្ឋកិច្ច​របស់​មហា​អនុតំបន់​ទន្លេ មេគង្គ ​ និង​ជាពិសេស​សម្រាប់​ប្រទេស​សមាជិក​មហា​អនុតំបន់​ទន្លេ មេគង្គ ​ដែល​ពឹង​ផ្អែកលើ​កសិកម្ម កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា ​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​កំណើន​សេដ្ឋកិច្ច ដ៏​រឹងមាំ​អស់​រយៈពេល​ជាង​២​ទសវត្សរ៍​មកហើយ​ ដែល​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ជាង​៧​ភាគរយ​។ ​កំណត់ត្រា​នៃ​កំណើន​នេះ ​បានធ្វើ​ឲ្យ​កម្ពុជា​ជាប់​លំដាប់​ទី​៦ ​ក្នុង​ពិភពលោក ក្នុងចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​។​ កាលពី​ឆ្នាំ​២០១៥​ធនាគារ​ពិភពលោក បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ​ដោយ​ផ្អែកលើ​ប្រាក់ចំណូល​ជាតិ​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់ៗ​១.០៧០​ ដុល្លារ​អាមេរិក​។

លោក ​ថ្លែងបន្តថា ​តាមរយៈ​យុទ្ធសាស្ត្រ​នៃ​ការធ្វើ​ពិពិធ​កម្ម ​ទៅនឹង​ដំណាំ​មានតម្លៃ​ខ្ពស់ ​និង​ការ​ប្រកួត​ប្រជែង​ផ្នែក ​នាំចេញ​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​ អាច​នឹង​បង្កើន​អានុភាព​ខ្លួនឯង​បន្ថែម​ទៀត ក្នុងនាម​ជា​ប្រទេស​នាំមុខ​សម្រាប់​ការកាត់បន្ថយ​ភាព​ក្រីក្រ​ខ្ពស់​។

ការព្យាករណ៍​នេះ​មាន​ភាពលំអៀង​បន្តិច​ ពី​ការ​ព្យាករណ៍​របស់​ធនាគារ​ពិភពលោក​កាល​ពីពេល​ថ្មីៗ​នេះ​ថា សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំនេះ​សម្រេច​បាន​កំណើន​ត្រឹម​៦,៩​ភាគរយ​ប៉ុណ្ណោះ​។

សេដ្ឋវិទូ​កម្ពុជា​បណ្ឌិត ​ម៉ី កល្យាណ ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ធ្លាប់​ បាន​ថ្លែងថា ​ការព្យាករណ៍​នេះ​ពិត​ជា​មាន​លក្ខណៈ​វិទ្យាសាស្ត្រ និង​អាច​ទទួល​យកបាន ​ដោយសារ​កំលាំង​ចលករ​ជំរុញ​កំណើន ​សេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ​កាន់តែ​ត្រូវ​បានធ្វើ​ពិពិធ​កម្ម​ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ក៏​កម្ពុជា ​ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត ​ដើម្បី​សម្រេច​បាន​កំណើន​តាម​ការ​ព្យាករណ៍​នេះ ​ព្រោះ​បច្ចុប្បន្ន​កម្ពុជា​ប្រកួតប្រជែង​កាន់​តែខ្លាំង​ឡើង​ជាមួយ​ប្រទេស​ក្នុង​តំបន់​៕