ស្នងការ​ថ្មី​ខេត្ត​បាត់ដំបង ​​ត្រូវ​រក្សា​ឲ្យ​បាន​នៅ​សាមគ្គីភាព​ផ្ទៃ​ក្នុង​ និង​គោលការណ៍ ​របស់​រដ្ឋាភិបាល​ដាក់​ជូន

54

បាត់​ដំបង ៖ ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ ណែនាំ​ដល់​លោក​​ស្នងការ​ថ្មី​ខេត្ត​បាត់ដំបង ​​ត្រូវ​រក្សា​ឲ្យ​បាន​នៅ​សាមគ្គីភាព​ផ្ទៃ​ក្នុង​ និង​គោលការណ៍ ​របស់​រដ្ឋាភិបាល​ដាក់​ជូន។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ចាន់ អ៊ា​ន​ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ​តំណាង​សម្ដេច​ក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បានថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច ​តែងតាំង​មុខតំណែង​នឹង​បំពាក់​ឋានន្តរសក្ដិ ​ស្នងការ​នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង ​នៅ​ព្រឹក​ថ្ងៃទី​៧ ​ខែកញ្ញា ​ឆ្នាំ​ ២០១៧​នេះ ។

នាយ​ឧ​ត្ត​ម​សេនីយ៍ ចាន់ អ៊ាន​ ​ក៏​ណែនាំ​ដល់​​ស្នងការ​បាត់ដំបង​ថ្មី ​ត្រូវ​បន្ត​ដឹកនាំ​នៅ​អ្វី​ ដែល​លោកស្នងការ​ចាស់​ បាន​ដឹកនាំ​កុំ​ពេល​បាន​ចូលកាន់​តំណែង​ថ្មី​ ធ្វើការ​ផ្លាស់ប្ដូរ​នាំ​អោយ​ខុស​ជំនាញ​ព្រោះ​ តាម​លោក​ដឹក​ គណៈស្នងកា​រខេត្តបាត់ដំបង ​​រហូតដល់​អធិការ​សុទ្ធ​តែ​ជា​អ្នកមាន​បទ​ពិសោធន៍​ និង​ជំនាញ​ ហើយ​ត្រូវ​រក្សា​ឲ្យ​បាន​ នៅ​សាមគ្គីភាព​ផ្ទៃ​ក្នុង​ និង​គោល​ការ​របស់​រដ្ឋាភិបាល​ដាក់ជូន​។

យោង​តាម​សេចក្តី​សម្រេច​របស់​រដ្ឋាភិ​បាល​ ត្រូវ​បាន​ផ្ទេរ​ និង​តែងតាំង ​និង​ដំឡើង​ ​ឋានន្តរសក្ដិ​ថ្នាក់​ឧត្ដម​សេនីយ៍​ទោ​ជូន​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ​អ៊ុច ​សុខុន ​ស្នងការរង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​តែងតាំង​ ជា​ស្នងការ​នគរបាល​ខេត្តបាត់ដំបង ​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ ស ​ថេត ​ត្រូវ​ផ្ទេរ​ និង​តែងតាំង ​ដំណែង​ជា​អគ្គ​ស្នងការ​រង​នគរបាលជាតិ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ​បាន​មានប្រសាសន៍ថា​ ក្នុង​ការ​កាន់​មុខ​ដំណែង​រយៈពេល ​ជាង​៩ឆ្នាំ​ ជា​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ លោក​បាន​ខិតខំ​អនុវត្ត​ច្បាប់​ និង​ផែនការ​ណែនាំ​របស់​ថ្នាក់​នាំទៅ​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ ​ហ៊ុន សែន​ ជា​ប្រមុខ​រក្សា​បាន​នៅ​សន្តិសុខ​សណ្តាប់​ធ្នាប់​ជូន​សង្គម​ និង​ពលរដ្ឋ​។​ ជាមួយគ្នា​នោះ​ លោក​ក៏​សូម​ការ​អភ័យទោស​ចំពោះ​កង​នគរបាល​ទូទាំង​ខេត្ត​ នៅ​កំហុស​ទាំងឡាយ ​ទាំង​ចេតនា​ក្តី​ អចេតនា ​ក្តី​ ក្នុង​ការ​ដឹកនាំ​សំដៅ ​សម្រេច​នៅ​កិច្ច​ដែល​ត្រូវ​អនុវត្ត​។

ក្នុង​ឱកាស​នោះដែរ​ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ មាន​ប្រសាសន៍​ថា ​ការផ្ទេរ ​និង​ផ្លាស់ប្ដូរ​តំណែង​ស្នងការ​នា​ពេលនេះ​ ជា​ឱកាស​មួយ​សម្រាប់​​ខេត្តបាត់ដំបង ​ដើម្បី​ដឹកនាំ​បន្ត​ការងារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ជូន​ពលរដ្ឋ​៕