​បង្ហាញខ្លួន​ ជនសង្ស័យ​៥​នាក់ ​ពាក់ព័ន្ធ​​ករណី​នាំ​មនុស្ស​ចេញ​ក្រៅ​ប្រទេស​ខុសច្បាប់​

116

កំពង់ធំ​ ៖ ជនសង្ស័យ​៥​នាក់​ ពាក់ព័ន្ធ​នឹង​ករណី​ នាំ​មនុស្ស​ចេញ​ក្រៅ​ប្រទេស​ខុសច្បាប់ ​ត្រូវបាន​សមត្ថកិច្ច​​ក្រសួង​មហាផ្ទៃ និង​ស្នងការដ្ឋាន​ នគរបាល​ខេត្តកំពង់ធំ ​បង្ហាញខ្លួន​ កាលពី​រសៀល​ម៉ោង​២ ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៧ ​នៅ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ​។

ឧត្ដមសេនីយ៍ទោ ជីវ ផល្លី អនុប្រធាននាយកដ្ឋាន ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ​ ​មានប្រសាសន៍ថា​ ជនសង្ស័យ​៥​នាក់​ មានឈ្មោះ ១-​រឹម សិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ ក្រសាំង ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​,ឈ្មោះ ជា ឡុ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ ដង្ហិត ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ,ឈ្មោះ​រ័ត្ន សាវ៉ា​ន់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​, -​ឈ្មោះ​ឌិន ហំ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ភូមិ​ប្រាសាទ​អណ្ដែត ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់​ ខេត្តកំពង់ធំ , -​ឈ្មោះ មឿ​ន ម៉ៅ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ពន្លឺ​ព្រះ​ផុស ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្ត សៀមរាប​។

ឧត្ដម​សេនីយ៍ ជីវ ផល្លី បាន​​បន្ដទៀត​ថា កន្លងមក និង​បច្ចុប្បន្ន ​ករណី​ចាញ់បោក ​មេខ្យល់​នាំ មនុស្ស​ទៅ​ក្រៅ​ប្រទេស ​មាន​ច្រើន​ករណី ​ហើយ​ជន​រង​គ្រោះ​ក្នុង​សកម្មភាព​​នេះ ​មាន​ខ្លះ​បាត់​ខ្លួន​, បាត់​ដំណឹង ​ខ្លះ​ជាប់​ពន្ធនាគារ​ នៅ​ប្រទេស​គេ​ និង​ខ្លះ​ទៀត​ស្លាប់​ជាដើម ​ហេតុនេះ ​លោក ​សុំ​អំពាវនាវ ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ​ប្រុងប្រយ័ត្ន​ចំពោះ​ករណីនេះ ​បើ​ចង់​ចេញទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស សូម​ចេញទៅ ​ដោយមាន​លក្ខណៈ​ ស្របច្បាប់​។

លោក​ឧត្ដមសេនីយ៍ទោ ជីវ ផល្លី ​បញ្ជាក់ទៀត​ថា ជនសង្ស័យ​ទាំង​៥​នាក់​នេះ ​នឹង​បញ្ជូន​ទៅ​សាលាដំបូង​ ខេត្តកំពង់ធំ​ ក្នុងពេល​បន្ទាប់​ ដើម្បី​បន្ត​នីតិ​វិធី​៕