ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ចិន​គ្រោង​វិនិយោគ ​លើ​វិស័យ​៣ ​នៅ​ខេត្តកំពត

1909

កំពត ៖ ​ក្រុមហ៊ុន​ធំ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ​គ្រោង​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​ ចំនួន​បី​ក្នុង​ខេត្តកំពត ដោយសារ​ក្រុមហ៊ុន​បាន​សិក្សា​រក​ឃើញ​ពី​សក្តានុពល​នៅក្នុង​ខេត្ត​នេះ​។

លោក Liu Donghua ស្ថាបនិក​សហគ្រិន​ចិន (Zhisland Entrepreneurs Club ) ​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​កិច្ច​សម្ភាសន៍ ​មួយ​បន្ទាប់ពី​ជំនួប​ជាមួយ​រដ្ឋបាល​ខេត្តកំពត ​កាលពី​ម្សិល​ម៉ិ​ញ​ថា​ លោក ​នឹង​នាំ​ក្រុមហ៊ុន​ដៃគូ ​និង​សមាជិក​ជាង​៦​ពាន់​នាក់ ​មក​វិនិយោគ​លើ​វិស័យ​បី​ក្នុង​ខេត្តកំពត​ បន្ទាប់​ពី​លោក​មើល​ឃើញ​អំពី​សក្តានុពល​ជាងគេ​នៅ​ខេត្តកំពត ​គឺ វិស័យ​កសិកម្ម ​ ឧស្សាហកម្ម ​និង​ទេសចរណ៍​។

លោក ​បាន​លើក​ឡើង​ថា ​វិស័យ​កសិកម្ម​នៅ​ខេត្តកំពត​ល្អ​មែនទែន ព្រោះ​ខាង​ភាគី​ចិន​អាច​ជួយ​ណែនាំ​ ឬ​ពន្យល់​បន្ថែម ​ដើម្បី​ធ្វើ​ឲ្យ​ទិន្នផល​បាន​កើន​ឡើង​កាន់តែ​ខ្ពស់​។​​ចំណែកឯ​វិស័យ​ឧស្សាហកម្ម ​ជាពិសេស​វិស័យ​កាត់ដេរ ​លោក​ចង់​បង្កើត​ទាំង​កន្លែង​ត្បាញ ​កន្លែង​ផលិត​ក្រណាត់ និង​កន្លែង​កាត់ដេរ ​។

ដោយឡែក​វិស័យ ទេសចរណ៍​លោក ​បាន​លើកឡើងថា ​ក្រុម​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​កម្ពុជា​លើក​នេះ ​ភាគច្រើន​ជា​អ្នក​វិនិយោគ​លើ​កសិកម្ម និង​ឧស្សាហកម្ម​ ដូច្នេះ​ពេល​លោក​ធ្វើដំណើរ​ត្រឡប់​ទៅវិញ ​លោក​ នឹង​ព្យាយាម​បំផុស​ក្រុមហ៊ុន ​ឬ​អ្នក​វិយោគ​លើ​វិស័យ​ទេសចរណ៍ ឲ្យ​បាន​ដឹង​អំពី​សក្តានុពល​វិស័យ​មួយ​នេះដែរ ​និង​ថា​ ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​វិនិយោគ​វិស័យ​ទាំង​បី​ខាងលើ អាច​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅបាន​។

ឯកឧត្ដម​ ចាន់ ចេស្តា​ អភិបាល​នៃ​គណៈ​ អភិបាល​ខេត្តកំពត ​នៅក្នុង​កិច្ចប្រជុំ​បាន​ធ្វើ​បទ​បង្ហាញ​ជា​សង្ខេប​អំពី​សក្តានុពល​នៃ​ខេត្តកំពត ​និង​ឆ្លើយ​សំនួរ​ជាច្រើន​ពី​សំណាក់​អ្នក​វិនិយោគ​ចិន​ ព្រមទាំង​បាន​ពន្យល់​ពី​ហេតុផល ​ដែល​ខេត្តកំពត ​មិនសូវមាន​អ្នក​មក​វិនិយោគ​ថា ​ព្រោះ​អ្នក​វិនិយោគ​ភាគ​ច្រើន ​មិន​សិក្សា​ឲ្យ​ស៊ីជម្រៅ​អំពី​ខេត្តកំពត​ ហើយ​សម្លឹង​ឃើញ​តែ​ព្រះសីហនុ ​កំពង់ស្ពឺ​ និង​ភ្នំពេញ ងាយស្រួល​ក្នុង​ការ​ដឹកទំនិញ​ចេញចូល ​ខណៈដែល​កំពត​ក៏​មាន​ផ្លូវ​ដឹកជញ្ជូន​ ជិត​ជាមួយ​ព្រះសីហនុ មាន​ផ្លូវដែក ​ហើយ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៨ ​ខាងមុខ ខេត្តកំពត ​នឹង​មាន​កំពង់​ផែ​អន្តរជាតិ​កំពត​ថ្មី​មួយ ដែល​មាន​ជម្រៅ​ទឹក​១៣​ម៉ែត្រ ​ដែល​អាច​ឲ្យ​នាវា​ផ្ទុក​ទំនិញ​ធំ​ចូល​ចត​បាន​យ៉ាង​ងាយ ជា​ពិសេស​តម្លៃ​ដីធ្លី​សម្រាប់​វិនិយោគ​មានតម្លៃ​ថោក​ បើ​ប្រៀប​ជាមួយ ​ព្រះសីហនុ​ និង​ភ្នំពេញ​៕