អ្នក​វិនិយោគ​ថា វិនិយោគិន​បរទេស​កំពុង​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​នៅ​កម្ពុជា

50

ភ្នំពេញ ​៖​ មន្ត្រី​ជាន់​ខ្ពស់​សភាពាណិជ្ជកម្ម​កម្ពុជា​ បាន​ឲ្យ​ដឹងថា​ បច្ចុប្បន្ននេះ​ វិនិយោគិន​ពី​ក្រៅ​ប្រទេស ​ពិសេស​នោះ ​វិនិយោគិន​ចិន ​ជប៉ុន ​និង​កូរ៉េ ​កំពុង​ផ្តោត​លើ​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​។

ឯកឧត្តម ងួន ម៉េង​តិច​ អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​ បាន​ថ្លែង​ឲ្យ​ដឹងថា ​មួយ​រយៈ​ចុងក្រោយ​នេះ មាន​វិនិយោគិន​ពី​ប្រទេស​ចិន ​ជប៉ុន និង​កូរ៉េ​ជាច្រើន ​កំពុងតែ​សិក្សា​គម្រោង​ជាច្រើន​ដូចជា គម្រោង​ ប្រព័ន្ធ​អេឡិចត្រូនិក​ និង​វិស័យ​ឩស្សាហកម្ម​កាត់ដេរ​ ដែល​អាច​ស្រូប​កម្លាំង​ពល​កម្មករ​ជាច្រើន​ពាន់​នាក់​។

ឯកឧត្តម ​បាន​បន្ត​ទៀត​ថា ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ​ក្រុមហ៊ុន​ចិនតៃវ៉ាន់ ​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ​និង​ការ​វិនិយោគ​លើ​សម្ភារៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ផង​ដែរ​។

មន្ត្រី​ជាន់ខ្ពស់​សភាពាណិជ្ជកម្ម​កម្ពុជា បាន​​ថ្លែង​ទៀតថា ​ការ​រីក​ចម្រើន​នៃ​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ​និង​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ឱកាស​ដល់​វិនិយោគិន​ហើយ​ជាពិសេស គោលនយោបាយ​ បើក​ចំហរ​របស់​រាជ​រដ្ឋាភិបាល ​ដែល​មាន​ការ​អនុគ្រោះ​ផង​នោះ ។

សម្រាប់ លោក ឧកញ៉ា លឹម ហេង អគ្គនាយក​ក្រុមហ៊ុន Heng Mean Investment ​បាន​ថ្លែងថា​ បច្ចុប្បន្ន​នេះ ​អ្នក​វិនិយោគ​ចិន​ និង​ជប៉ុន​កំពុងតែ​សម្លឹង​ឃើញ​ប្រទេស​កម្ពុជា ​ដោយសារតែ​កម្ពុជា​៨០% ​គឺជា​ប្រទេស​កសិកម្ម ដូច្នោះ​ជា​ឱកាស​មួយ​សម្រាប់​ក្រុមហ៊ុន​ចិន​ និង​ក្រុមហ៊ុន​ជប៉ុន​មក​កែច្នៃ​លើ​ផ្នែក​កសិកម្ម​ និង​ឧស្សាហកម្ម​។

លោក​ឧកញ៉ា​ បាន​បន្ត​ទៀត​ថា​ ខាង​សភាពាណិជ្ជកម្ម ​និង​រាជរដ្ឋាភិបាល​តែងតែ​ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា​ ជា​បន្តបន្ទាប់ ​ហើយ​ជាក់​ស្តែង​កាលពី​ឆ្នាំ​២០១៦​ កន្លងទៅ​មាន​ក្រុមហ៊ុន​ចិន​បាន​វិនិយោគ​ច្រើន​នៅ​កម្ពុជា​។

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ ២០១៥ ២០២៥ ​ដើម្បី​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម ​នៅ​ឆ្នាំ​២០៣០ ​និង​ជា​ប្រទេស​មាន​ប្រាក់​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។

គោលនយោបាយ​នេះ​តម្រូវ​ឲ្យ​មានការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ១២​ ពាន់​លាន​ដុល្លារ ​ក្នុង​រយៈពេល​១០​ឆ្នាំ ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​តភ្ជាប់​នឹង​កាត់បន្ថយ​ការ​ចំណាយ​ដឹកជញ្ជូន ​និង​ថាមពល​អគ្គិសនី​ជាដើម​៕