មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រ៉ែ​ ៖ ​កម្ពុជា​នឹង​ទទួល​បាន​កំណប់ មាស​ក្នុង​ពេល​ឆាប់ៗ

149

ភ្នំពេញ ៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​ បាន​ថ្លែង​ឲ្យ​ដឹងថា ​ក្រោយពី​កម្ពុជា​ផ្តល់​អាជ្ញាប័ណ្ណ​ក្នុង​ការ​ស្វែង​រុករក​រ៉ែ ​មកដល់ពេលនេះ​ មាន​ក្រុមហ៊ុន​ចំនួន​ពីរ ​បាន​រុក​រក​ឃើញ​រ៉ែ​មាស​ខ្នាត​មធ្យម ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ទាំងនោះ ​កំពុង​ដាក់ពាក្យ​ស្នើ​សុំ​ដើម្បី​ធ្វើ​អាជីវកម្ម​។

ឯកឧត្តម ​យស់ មុន្នី​រ៉ាត់ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ​នៃ​ក្រសួង​រ៉ែ ​និង​ថាមពល​ បាន​ថ្លែង​លើកឡើង​ នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ​ការចូលរួម ​នៃ​វិស័យ​រ៉ែ​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​ ដែល​ធ្វើឡើង​នៅ​អគ្គនាយកដ្ឋាន​ប្រេងកាត​ កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ​វិស័យ​រ៉ែ​នៅ​កម្ពុជា ​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ​និង​ជា​វត្ថុធាតុដើម​មួយ​យ៉ាង​សំខាន់​ សម្រាប់​ផ្គត់ផ្គង់​ឧស្សាហកម្ម​ប្រើប្រាស់​វត្ថុធាតុដើម​រ៉ែ ​ដើម្បី​ផលិត​ជា​ផលិតផល​ផ្សេងៗ ​សម្រាប់​បំពេញ​សេចក្តីត្រូវ​ការ​នៅក្នុង​ប្រទេស ​និង​ការ​នាំ​ចេញទៅ​ក្រៅប្រទេស​ជាដើម​។

ឯកឧត្តម ​បាន​បន្តថា ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​វិនិយោគ ​នៅក្នុង​ការ​ស្វែង​រុករក​រ៉ែ​លោហៈ​នេះ ​ចាប់ពី​ឆ្នាំ​២០១៣​ មក មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​បាន​មក​សុំ​អាជ្ញាប័ណ្ណ ​ដើម្បី​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​នេះ ​ប៉ុន្តែ​ដោយសារ​ការ​ស្វែង​រុករក ​មិនបាន​ជួបប្រទះ​នៃ​ប្រភព​រ៉ែ​នោះ​ មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​បញ្ចប់​ការ​ស្វែង​រុករក​ជា​បណ្តើរៗ​ ដែល​គិត​រហូតមកដល់​ឆមាស​ទី​១ ​ឆ្នាំនេះ ​មាន​ក្រុមហ៊ុន​ចំនួន​៦៣​ប៉ុណ្ណោះ នៅ​ស្វែង​រុករក​រ៉ែ ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន​៤​ក្រសួង​គ្រោង​ នឹង​ដកហូត​អាជ្ញាប័ណ្ណ ​លែង​ឲ្យ​ធ្វើ​អាជីវកម្ម​ផងដែរ​។

ឯកឧត្តម យស់ មុន្នី​រ៉ាត់ បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ​នៅក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​នៅ​សេសសល់​នេះ ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន​ពីរ ​ក្នុង​នោះ​ក្រុមហ៊ុន​នៅ​ខេត្ត​រតនគីរី ​បាន​ស្វែង​រុករក​ឃើញ​រ៉ែ​មាស​ខ្នាត​មធ្យម​ឃើញ​ហើយ ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ដើម្បី​ធ្វើ​អាជីវកម្ម ​ដែល​យ៉ាង​យូរបំ​ផុត​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៨ ​យើង​នឹង​ទទួល​បាន​កំណប់​ដុំ​មាស​នេះ ។ ​ចំណែក​ក្រុមហ៊ុន​មួយទៀត ដែល​ជា​ក្រុមហ៊ុន​របស់​ប្រទេស​អូស្ត្រាលី ​ក៏បាន​ស្វែង​រុករក​រ៉ែ​មាស​ឃើញ​ផង​ដែរ​ នៅ​ក្នុង​ខេត្ត​មណ្ឌល​គិ​រី ​បច្ចុប្បន្នកំពុង​ដាក់ពាក្យ​សុំ​ធ្វើ​អាជីវកម្ម​។ ​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​នេះ ​ឯកឧត្តម​បញ្ជាក់ថា ​ចំណែក​អ្វី​ដែល​ជា​បញ្ហា​ក្នុង​ការធ្វើ​អាជីវ​កម្មនេះ ​គឺ​ត្រូវ​ចំណាយ​ពេល​ធ្វើ​ការសិក្សា​យ៉ាង​ច្រើន​អំពី​បរិស្ថាន ​មុននឹង​ឈាន​ទៅ​ទៅធ្វើ​អាជីវកម្ម​របស់​ខ្លួន​។​

ដោយឡែក ឯកឧត្តម ឌិ​ត ​ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ ​និង​ថាមពល​ បាន​ថ្លែង​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ពិតជា​មាន​រ៉ែ ​ប៉ុន្តែ​ប្រភេទ​រ៉ែ​ទាំងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​មិន​អាច​មានលទ្ធភាព​វិនិយោគ​នោះឡើយ ​ព្រោះ​ការ​ស្វែង​រុករក​រ៉ែ​គឺ​ត្រូវការ​មាន​ជំនាញ​ច្បាស់លាស់ ជាពិសេស​មាន​ឧបករណ៍​គ្រប់គ្រាន់​ទើប​យើង​អាច​ដំណើរការ​ទៅបាន ​ពោល​គឺ​មិនមែន​ការ​ស្វែង​រុករក​ដោយ​ប្រថុយប្រថាន​នោះឡើយ ​ព្រោះ​ប្រភេទ​រ៉ែ​គឺជា​ល្បាយ​ហើយ​កប​នៅក្នុង​ដី​ទៀត ផង​។​កាល​ពី​ឆ្នាំ​២០១៦​ ចំណូល​ជាតិ​ដែល​មិន​មែនជា​សារពើពន្ធ ​ប្រមូល​បាន​ពី​វិស័យ​រ៉ែ ​មាន​ចំនួន​ប្រមាណ ១៦​លាន​ដុល្លារ​អាមេរិក​ កើន​ឡើងជា​ច្រើនដង​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុនៗ​៕