FFC សម្រេច​បង្កើត​លីហ្គ​បាល់ទាត់​យុវជន​សម្រួច​ទិសដៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣

30

បាល់ទាត់៖ ទីបំផុត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​(FFC) បានសម្រេច​បង្កើត​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ហើយ គឺ​ការប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​លីហ្គ​យុវជន​ក្រោម​អាយុ ១៤​ឆ្នាំ និង​អាយុ ១៦​ឆ្នាំ រួម​ទាំង​លីហ្គ​បាល់ទាត់​នារី​លើកដំបូង ដែល​គ្រោង​នឹង​ចាប់ផ្ដើម​នា​ខែ​តុលា​ខាងមុខ ដើម្បី​បង្កើន​ធនធាន​កីឡាករ​-​កីឡា​ការិនី សម្រាប់​សម្រួច​ទិសដៅ​ឆ្ពោះ​ទៅ​រក​ការ​ត្រៀម​ខ្លួន​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣។លោក ម៉ៃ តុលា អគ្គលេខាធិការ​ស្ដីទី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ថ្លែង​ក្នុង​សិក្ខាសាលាស្ដីពី​ព្រឹត្តិការណ៍​ខាងលើ ដែល​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថា ដោយ​មើល​ឃើញ​ពី​សន្ទុះ​រីកចម្រើន និង​ការចាប់អារម្មណ៍​វិស័យ​កីឡាបាល់ទាត់​ ពី​សំណាក់​យុវជន​គ្រប់​មជ្ឈដ្ឋាន​នា​ពេល​បច្ចុប្បន្ន ទើប​សហព័ន្ធ​សម្រេច​បង្កើត​ជា​លីហ្គ​យុវជន​ឡើង ដែល​មាន​ការប្រកួត​ក្នុង​ដី និង​ក្រៅ​ដី ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​មានការ​ប្រកួតប្រជែង​ត្រឹមត្រូវ​លើ​ទីលាន។​ ​អគ្គលេខាធិការ​ស្ដីទី​រូប​នេះ​បន្ត​ថា គោលបំណង​បង្កើត​លីហ្គ​បាល់ទាត់​យុវជន និង​បាល់ទាត់​នារី​នេះ​គឺ​ផ្ដោត​សំខាន់​លើ​ការ​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ លោក​ពន្យល់​ថា ដោយសារ​ការ​បណ្ដុះបណ្ដាល​ថ្នាល​យុវជន​បច្ចុប្បន្ន នៅ​មិន​ទាន់​មាន​លំនឹង​ក្នុង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ផ្សេងៗ ដូច្នេះ​ដើម្បី​បង្កើត​ក្រុម​បាល់​ទាត់​មួយ​ប្រកបដោយ​គុណភាព សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន​នេះ ទើប​សហព័ន្ធ​ចាប់ផ្ដើម​ពី​មូលដ្ឋាន ដើម្បី​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស​កីឡាករ​ល្អ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​នា​ពេល​ឆាប់ៗ​ខាងមុខ។​

គួរ​បញ្ជាក់​ថា នេះ​គឺជា​យុទ្ធនាការ​ដ៏​ថ្មីស្រឡាង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ខណៈ​សហព័ន្ធ​ទើប​សម្រេច អនុវត្ត​ផែនការ​បង្កើត​សាលា​បាល់ទាត់​ទូទាំង ២៥​ខេត្ត​-​ក្រុង​កាល​ពី​ពេល​ថ្មីៗ។ យ៉ាង​ណាមិញ​ចំពោះ​លក្ខខណ្ឌ​ចូលរួម​ប្រកួត​លីហ្គ​យុវជន និង​លីហ្គ​បាល់ទាត់​នារី​ឆ្នាំ​២០១៧​ឆាប់ៗ​ខាង​មុខ គឺ​បើកទូលាយ​សម្រាប់​ក្រុម​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ ខណៈ​សហព័ន្ធ​នឹង​ចំណាយ​លើ​ការ​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​របស់​ក្រុម​នីមួយៗ​ទៀត​ផង៕​

​អត្ថបទ លី ឈុន​ឡា