កម្ពុជា​បន្ត​ចាញ់​នៅ​ប្រកួត​ទី​៤ ពានរង្វាន់ AFF U18 ខណៈ​ម៉ាឡេស៊ី​កក់​កៅអី​​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

325

បាល់ទាត់៖ ​ក្រុម​គោព្រៃ​កម្ពុជា​បាន​បន្ត​រង​បរាជ័យ​ ក្នុង​ការប្រកួត​ពានរង្វាន់​យុវជន​អាស៊ីអាគ្នេយ៍ AFF U18 Championship ដោយ​លទ្ធផល ២ ទល់​នឹង ០ ខណៈ​គ្រាប់​បាល់​បរាជ័យ​នេះ​ជួយ​ឲ្យ​ម៉ាឡេស៊ី ទទួល​បាន​កៅអី​មួយ​ទៅ​វគ្គ​ ៤​ក្រុម​ចុងក្រោយ​ជាស្រេច​ទោះ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​។​​កម្ពុជា​កំពុង​ត្រូវការ​ពិន្ទុ​ជា​ចាំបាច់​មុន​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​មហិច្ឆតា​នេះ​ត្រូវ​បាន​បង្អាក់​ដោយ​ម៉ាឡេស៊ីការប្រកួត​កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា​កន្លងទៅ ក្រុម​ភ្ញៀវ​បាន​បំបាក់​អ្នក​ចម្បាំង​ក្រុង​អង្គរ​ដោយ​លទ្ធផល ២-០​។ ម៉ាឡេស៊ី​បាន​បើក​ការ​នាំ​មុខ​មុន​តាំងពី​នាទី​ទី​២២ ដោយ​អ្នកចាំទី​ ជា វណ្ណ​សាក់ ចាប់​បាល់​ផ្លាត​ធ្វើ​ឲ្យខ្សែបម្រើ​ប្រយុទ្ធ Shafizi​ និង​មួយ​គ្រាប់​ទៀត​ជា​ការ​ទាត់​ពី​ចម្ងាយ​យ៉ាង​ងាយ​របស់​ខ្សែប្រយុទ្ធ Mohhamad Syaiful នៅ​នាទី​ទី​៥២​។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ម៉ាឡេស៊ី​បន្ត​ឈរ​កំពូល​តារាង​ពូ​ល A មាន ​១២​ពិន្ទុ​ស្មើ​ថៃ ខណៈ​ក្រុម​ទាំង​២ ​នឹង​ប៉ះ​គ្នា​នៅ​ប្រកួត​ចុងក្រោយ​។ យ៉ាង​ណា​ក្ដី​ពួកគេ​មាន​សិទ្ធិ​ទៅ​វគ្គ​ 1/2 ដូចគ្នា ព្រោះ​ដាច់​ពិន្ទុ​ពី​ក្រុម​លេខ​៣ ​សិង្ហបុរី​ដល់​ទៅ​ ៦​ពិន្ទុ​។ ដោយ​ឡែក​ក្នុង​ពូ​ល​ដែល​មាន​ ៦​ក្រុម​កម្ពុជា​ឈរ​លើ​ឡាវ​មួយ​គត់​ដែល​ពុំ​ទាន់​មាន​ពិន្ទុ​។ ប្រកួត​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១២ ​ខាងមុខ​កម្ពុជា​នឹង​ប៉ះ​ឡាវ​វេលា​ម៉ោង ៣:៣០​នាទី​៕