ប្រកួត​ដំបូង​របស់​ Mbappe ​ស៊ុត​មួយ​គ្រាប់ និង​ប៉ះ​មួយ​គ្រាប់​ជួយ​ឲ្យ​ PSG ​យក​ឈ្នះ​​ក្រុម Metz ៥-១ បន្ត​ឈរ​កំពូល​តារាង​​

209

បាល់ទាត់៖ ​ការប្រកួត​លី​ហ្គ​កំពូល​បារាំង Ligue​ បាន​ឈាន​ដល់​សប្ដាហ៍​ទី៥​ ហើយ​កាលពី​ចុង​សប្ដាហ៍​នេះ​ ដោយ​ក្រុម Paris Saint Germain ​ធ្វើដំណើរ​ទៅកាន់​ទឹកដី Stade Saint Symphorien ​នៃ​ក្រុម​បាត​តារាង Metz។​​ការប្រកួត​ក្នុង​វគ្គ​ទី​១ កីឡាករ Edinson Cavani​ ស៊ុត​នាំមុខ​មួយ​គ្រាប់​នៅ​នាទី​ទី​៣១ ក្រោយ​បញ្ជូន​បាល់​ពី Neymar​ ខណៈ​ដែល​ក្នុង Metz សង​មួយ​គ្រាប់​វិញ​ដោយ Emmanuel Riviere​ នាទី​ទី​៣៧ មុន​ចប់​វគ្គ​ទី​១។​​ ឈាន​ដល់​វគ្គ​ទី​២ ក្រុម​ម្ចាស់ផ្ទះ​បាត់បង់​កីឡាករ​មួយ​រូប ​ដោយ​ទទួល​បាន​កាត​ក្រហម​នាទី​ទី​៥៦ គឺ Benoit Assou-Ekotto​ ហើយ​នៅសល់​គ្នា ១០​នាក់ Metz រក​សម្ពាធ​ជា​ខ្លាំង ពោល​ក្រុម​ចំណាយ​លុយ​ច្រើន​លើស​លុប PSG មួយ​នេះ​បន្ថែម​បាន ៤​គ្រាប់​ផ្ទួនៗ​គ្នា ពោល​កីឡាករ​ខ្ចី​ជើង Kylian Mbappe​ ធ្វើ​បាន​សម្រេច​មួយ​គ្រាប់​នាទី​ទី​៥៩ ខណៈ​ដែល Neymar, Cavani​ ស៊ុត​គ្រាប់​ទី​២ និង Lucas Moura ​មួយ​គ្រាប់​ផង​ដែរ​។​​

ឆ្លង​តាមរយៈ​ជ័យជំនះ​ធ្វើ​ឲ្យ​ក្រុម​ជើងឯក​រង​ឆ្នាំទៅ Paris Saint Germain​ បន្ត​ឈរ​នៅ​លេខ​១ ក្នុង​តារាង​ដដែល​ដោយមាន ១៥​ពិន្ទុ​ពេញ ខណៈ​ជើងឯក​ឆ្នាំទៅ Monaco វិញ​លេខ​២ ហើយ Metz នៅតែ​គ្មាន​ពិន្ទុ​រាប់​នឹង​គេ​ដដែល​៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ