មន្ត្រី​កាំកុងត្រូល​ខេត្តមណ្ឌលគិរី​ បាន​រឹបអូស​ទំនិញ​ខូចគុណភាព​មួយ​ចំនួន

36

មណ្ឌលគិរី ៖ ​បើទោះជា​មានការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ត្រួតពិនិត្យ​ទប់ស្កាត់​ចំពោះ​ទំនិញ​ខូច​គុណភាព​យ៉ាងណាក៏ដោយ​ពី​សំណាក់ ​មន្ត្រី​កាំកុងត្រូល ​ដើម្បី​ធានា​សុខុមាលភាព​ប្រជាពលរដ្ឋ​នោះ​ ក៏​ទំនិញ​ខូចគុណភាព​មួយ​ចំនួន​នៅតែ​ត្រូវ​បាន​គេ​លូច​នាំចូល ​មក​លក់​ចែកចាយ​នៅ​តាម​ទីផ្សារ​នានា ​ក្នុងប្រទេស​កម្ពុជា ​ពិសេស​ទីផ្សារ​តំបន់​ជនបទ ​ដែល​ប្រជាពលរដ្ឋ​មិនសូវ​មានការ យល់ដឹង​អំពី​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​នេះ​។

មន្ត្រី​សាខា​កាំកុងត្រូល​ ខេត្តមណ្ឌលគិរី ​កាលពី​ចុង​សប្តាហ៍​មុននេះ បាន​រកឃើញ ​និង​រឹបអូស​ទំនិញ​ខូចគុណភាព ​ជាង​១០០​គីឡូក្រាម ​យក​ទៅ​ដុត​កម្ទេចចោល ​ដែលជា​ទំនិញ​របស់​អាជីវករ​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ហើយ​ការស្វែងរក​ចំណីអាហារ ​និង​ទំនិញ​ខូចគុណភាព​លើ​ទីផ្សារ និង​តាម​ហាង​លក់ទំនិញ​ខាង​លើនេះ ​គឺធ្វើឡើង​ដោយ មានការ​សហការ​គ្នារ​វាង​មន្ត្រី​កាំកុង​ត្រូល​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​។

លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី​ បាន​ឲ្យ​ដឹងថា​ ក្នុង​ប្រតិបត្តិការ​នេះ គឺ​មន្ត្រី​ជំនាញ បាន​ធ្វើ​តេស្ត​លើ​ទំនិញ​បន្លែ និង​ចំណីអាហារ​ជាច្រើន​ប្រភេទ ​និង​បាន​រក​ឃើញ​ភេសជ្ជៈ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង ​ខូចគុណភាព​ ចំនួន​ជាង​១០០​គីឡូក្រាម ​និង​បាន​រឹបអូស​ទំនិញ​ទាំងនេះ​ទៅ​ដុត​កម្ទេចចោល​។

ប្រធាន​សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី ​បាន​ឲ្យ​ដឹង​ទៀតថា ​ការចុះ​ត្រួតពិនិត្យ​នេះ ​គឺ​ក្នុង​គោល​បំណង​ដើម្បី​ការ ​ពារ​សុខភាព​អ្នកប្រើប្រាស់​ និង​អប់រំ​អាជីវករ​ឲ្យ​យល់ដឹង​អំពី​ការពិនិត្យ​ទំនិញ​ខូចគុណភាព​ដោយ​ខ្លួនឯង​។

មន្ត្រី​កាំកុងត្រូល ​បាន​ធ្វើ​ការណែនាំ​បន្ថែម​ដល់​អាជីវករ​ឲ្យ​បាន​យល់ដឹង​ និង​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ទំនិញ ​ទាំង​ឡាយណា​ដែល​មិន​មាន​ គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដូចជា​ កំប៉ុង​កំពិត ​ប៉ោង ច្រែះ​ស៊ី ទំ​និញ​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់ ចៀសវាង​ការ​លក់ទំនិញ​ប្រភេទ​នេះ​ឲ្យ​ពលរដ្ឋ​បរិភោគ​៕