ក្រុមហ៊ុន​នាំ​អង្ករ​ទៅ​ក្រៅប្រទេស​ធានា​ទិញស្រូវ​ពី​កសិករ​នៅ​ខេត្ដ​ព្រះវិហារ

124

ព្រះវិហារ ៖ ​ក្រុមហ៊ុន អ៊ែ​ម រុ រ៉ា​យ (Am Ru Rice) ដែល​បាន​ទទួល​ទិញស្រូវ​សរីរាង្គ​ពី​ប្រជាកសិករ​នៅ​ស្រុក​រវៀង ខេត្ដ​ព្រះវិហារ ​បាន​ជំរុញ​ឲ្យ​ប្រជាកសិករ ធ្វើ​ពូជស្រូវ​សេរី​រាង្គ​ឲ្យ​បាន​ច្រើន​ទៅតាម​បច្ចេកទេស ​ដើម្បី​ងាយស្រួល​ក្រុមហ៊ុន​ទទួល​ទិញ​នាំ​ចេញទៅ​ក្រៅ​ប្រទេស​ទៅតាម​តម្រូវការ​គ្រោងទុក​។

អគ្គនាយក​ក្រុមហ៊ុន អ៊ែ​ម រុ រ៉ា​យ (Am Ru Rice) ដែល​បាន​នាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស ​លោក​ឧកញ៉ា សុង សារ៉ន បាន​ប្រាប់​BTV​ កាលពី​ម្សិលមិញ​ថា​ នៅ​ឆ្នាំ​២០១៧​នេះ ក្រុមហ៊ុន​របស់​លោក បាន​ទទួល​ទិញស្រូវ​សរីរាង្គ​ពី​សហគមន៍​ចំនួន​ជាង​ពីរម៉ឺន​តោន ​ដើម្បី​នាំចេញ​ទៅ​ក្រៅ​ប្រទេស ជាពិសេស​សហគមន៍​អឺរ៉ុប​។ សហគមន៍​កសិករ ចំនួន​២៤​សហគមន៍​ដែល​ស្មើនឹង​ផ្ទៃដី​ជាង​មួយ​ម៉ឺន​ហិកតា ​នៅ​ខេត្ដ​ព្រះវិហារ​ទាំងមូល​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន អ៊ែ​ម រុ រ៉ា​យ ដោយ​ធានា​ទិញស្រូវ​សេរី​រា​ង្គ​មួយ​គីឡូក្រាម​តម្លៃ​ជាង​មួយ​ពាន់​រៀល ​ដែល​ការ​ចុះកិច្ចសន្យា​នេះ​ គឺអាច​ជួយ​ដល់​ប្រជា​សហគមន៍​កុំ​ឲ្យ​មាន​ឈ្មួញកណ្ដាល​ក្រឡុក​តម្លៃ​ពួកគេ​តាម​អំពើ​ចិ​ត្ដ​។

លោក​ បាន​បន្ដទៀតថា​ នៅ​សហគមន៍​អឺរ៉ុប និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅ​លើ​សកលលោក បាន​ចាប់អារម្មណ៍​ទៅលើ​ស្រូវ​អង្ករ​សរីរាង្គ​បែប​ធម្មជាតិ​របស់​ប្រជាកសិករ​ខ្មែរ ​ដូច្នេះ​សហគមន៍​ប្រជាកសិករ​នៅ​ខេត្ដ​ព្រះវិហារ​ ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ​ត្រូវ​ផលិត​ស្រូវ​សេរី​រា​ង្គ​ឲ្យ​មាន​ស្តង់ដារ និង​បច្ចេកទេស ​ដោយ​គ្មាន​ប្រើប្រាស់​សារធាតុ​គីមី​ឲ្យ​បាន​កាន់តែច្រើន​ ដើម្បី​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ​ក្រៅប្រទេស​ បន្ទាប់ពី​បាន​ចុះកិច្ច​សន្យា​ជាមួយគ្នា​កន្លងមក​។ ​ជាមួយគ្នា​នោះ​ ក្រុមហ៊ុន​ក៏បាន​ធានា​ទិញ​ផលិតផល​កសិកម្ម ដូចជា ស្វាយចន្ទី និង​ដំឡូង​មី ផងដែរ​។ ​ស្រូវ​ដែល​ក្រុមហ៊ុន​ទិញ គឺជា​ពូជស្រូវ​សុទ្ធ​ពី​សហគមន៍ ​ដូចជា ផ្ការំដួល ​និង​នាង​អុក ជាដើម​។

លោក ប៉ាវ សុ​វ៉ាត ប្រធាន​សហគមន៍​សាមគ្គី​រហ័ស​មានជ័យ នៅ​ឃុំ​រហ័ស ស្រុក​រវៀង ​ខេត្ដ​ព្រះវិហារ បាន​ឲ្យ​ដឹងថា ​ការចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​មាន​ភាពល្អប្រសើរ ​ដោយសារ​ក្រុមហ៊ុន​ឲ្យ​តម្លៃ​ស្រូវ​ខ្ពស់ជាង​ឈ្មួញកណ្ដាល ​គឺ​ក្នុង​មួយ​គីឡូក្រាម​១​ពាន់​៥០​រៀល ​ខណៈ​ឈ្មួញកណ្ដាល​ហ៊ាន​ទិញ​តែត្រឹម​១​ពាន់​រៀល​ ឬ​ក្រោម​នោះ​ក្នុង​មួយ​គីឡូក្រាម​។ ជាមួយគ្នា​នោះ ​ក្រុមហ៊ុន​ក៏បានផ្ដល់​ប្រាក់​បុព្វ​ភាព​ផងដែរ ប៉ុន្ដែ​ការធ្វើ​ស្រូវ​សរីរាង្គ​មានការ​ពិបាក​បន្ដិច​។

លោក​បាន​បន្ដទៀតថា បន្ទាប់ពី​កសិករ​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ​ប្រជាកសិករ​បាន​ជីវភាព​ធូរធារ ​ហើយ​សហគមន៍​នឹង​ធានា​ការ​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​ក្រុមហ៊ុន​អ៊ែ​ម រុ រ៉ា​យ ផងដែរ​៕