សមាគម​ពាណិជ្ជកម្ម​កម្ពុជា ចិន​រួមគ្នា​ជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ពី​ចិន​មក​កម្ពុជា

45

ភ្នំពេញ ៖ ​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ​ក្នុង​គោលដៅ ​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម ​និង​ការ​វិយោគ​ពី​ប្រទេស​ចិន​ មកកាន់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

លោក​ យូ លីង​ស៊ុ​ង ​អនុប្រធាន​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ​និង​ជា​ប្រធាន​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ ​សមាគម​ កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា ​ក្នុង​ពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា ​ចិន​កំពុង​ស្ថិត​ក្នុង​សម័យកាល​ដ៏​សំខាន់ ​នៃ​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។​ប្រឈមមុខ​ នឹង​ការ​កែលំអរ​យ៉ាង​ស៊ីជម្រៅ ​ផ្នែក​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ ​និង​បើក​គោល​នយោបាយ​ទូលំទូលាយ​នៅ​ក្រៅ​ប្រទេស​ ទន្ទឹម​ នឹង​ការ​ទទួល​ភារកិច្ច​ដូចគ្នា​ទៅលើ​ការងារ​អាទិភាព ​និង​រ​ចនា​សម្ព័ន្ធ​ផ្នែក​ផលិតផល ​និង​ការ​ចចារ​លើ​កិច្ច​សហប្រតិបត្តិការ​ ក្នុង​ផលប្រយោជន៍​យ៉ាង​ច្រើន​ចំណុច​រវាង​ប្រទេស​ទាំងពីរ​។

លោក​ បន្តថា តាមរយៈ​ការ​កាន់​តំណែង​ជា​ប្រធាន​សមាគម​ក្នុង​អាណត្តិ​ទី​១​នេះ ​នឹង​មាន​ភារកិច្ច​យ៉ាង​ធំធេង ​ប៉ុន្តែ​យើង​នឹង​ខិតខំប្រឹងប្រែង​រួម​កំលាំងកាយ ​កំលាំងចិត្ត ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​មកពី​ប្រទេស​ចិន​ឲ្យ​បាន​កាន់​តែច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​ និង​ធ្វើ​យ៉ាង​​ណា​ជំរុញ​ទំនាក់​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​មានប្រសាសន៍ថា​ បច្ចុប្បន្ននេះ​ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ បានធ្វើ​ឲ្យ​ប្រទេស​ចិន​កំពុង​ឈាន​ចូល​ទៅក្នុង​សម័យថ្មី​ នៃ​ឧស្សាហូបនីយកម្ម និង​ទំនើប​ភាវូបនីយកម្ម ​ប្រកបដោយ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ​ប្រទេស​ចិន​កាន់តែ​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ពិភពលោក តាមរយៈ​ការ​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ ផ្តល់​ជំនួយ​ឥត​ចំណង និង​កម្ចី​ឥណទាន​ដល់​ប្រទេស​ក្រីក្រ ជំរុញ​វិនិយោគ ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ និង​ពង្រឹង និង​ថែរក្សា​សន្តិសុខ និង​សន្តិភាព​ក្នុង​ពិភពលោក​។

ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី​បាន​អបអរសាទរ និង​ស្វាគមន៍​ចំពោះ​ការ​បង្កើត​សមាគម​ពាណិជ្ជកម្ម​ចិន​-​កម្ពុជា សម្រាប់​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ឲ្យ​កាន់តែ​កើន​ឡើង​ថែមទៀត ខណៈដែល​ប្រទេស​ចិន​បាន​វិនិយោគ​ច្រើន​ជាងគេ​បំផុត​នៅ​កម្ពុជា​ ដែល​កាលពី​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​កើន​ដល់​៥.១០០​លាន​ដុល្លារ​អាមេរិក​៕