អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​រយៈពេល​១០​ថ្ងៃ​មាន​ចំនួន​ជាង​បួន​ម៉ឺន​បី​ពាន់​នាក់​

93

ភ្នំពេញ៖ លទ្ធផល​បណ្ដោះអាសន្ន​ នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧​នេះ​មាន​ចំនួន​ជាង​បួន​ម៉ឺន​បី​ពាន់​នាក់ ខណៈ​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​បោះឆ្នោត​ថ្មី​មាន​ចំនួន​ជិត​ពីរលាន​នាក់​នោះ​។​

យោង​តាម​បញ្ជី​បណ្ដោះអាសន្ន​របស់​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ចំនួន​៤៣,៤៦១​នាក់​ចាប់ពី​ថ្ងៃ​ទី​០១ ​ដល់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៧​នេះ នៅ​ក្នុង​ឃុំ​-​សង្កាត់​ចំនួន​១,៦៣៧​។​

យុទ្ធនាការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នា​ឆ្នាំ​២០១៧​នេះ​គឺមាន​ចំនួន​រយៈពេល​៧០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១​កញ្ញា ដល់​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ បើ​តាម​បញ្ជី​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឲ្យ​ដឹងថា ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​ចុះឈ្មោះ​ថ្មី គឺមាន​ចំនួន​១,៦២៦,២៥២​នាក់​ខណៈ​ឆ្នាំ​២០១៦​កន្លងទៅ​មាន​ចំនួន​៧,៨៦៥,០៣៣​នាក់​។ ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​គឺមាន​ចំនួន​៩,៨៨២,៧៤៦​នាក់​។​

ប្រទេស​កម្ពុជា​នឹង​បោះឆ្នោត​សាកល​អា​ណ្តិ​ទី​៦​របស់ខ្លួន​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះហើយ​នឹងមាន​គណបក្សនយោបាយ​ជាច្រើន​ចូលរួម​ប្រកួតប្រជែង​៕