មនុស្ស ១០​នាក់​បាត់​បង់​ជីវិតក្រោយ​ពី​ព្យុះ​​កំបុត​ត្បូង​អឺរម៉ា​បោក​បក់​​លើ​​ប្រទេស​គុយបា

71

គុយបា៖ មនុស្ស ១០​នាក់​​បាន​បាត់​បង់​ជីវិត​​ក្នុង​ប្រទេស​គុយបា​​ដោយ​ព្យុះ​​កំបុត​ត្បូង​​អឺរម៉ា​​ នេះ​បើ​យោង​តាម​​អាជ្ញាធរ​​របស់​ប្រទេស​នេះ​​ ដែល​​ចាប់​ផ្ដើម​វាយ​តម្លៃ​​អំពី​ទំហំ​​នៃ​ការ​ខូច​ខាត​ទាំង​​ស្រុង​ ក្រោយ​​ការបោក​បក់​​នៃ​ព្យុះ​​ដ៏​កំណាច​​នេះ។

ចំនួន​អ្នក​​​បាត់​បង់​ជីវិត​​​នេះ​មាន​​ ៧​នាក់​​នៅ​ក្នុង​ទីក្រុង​​ឡាហាវ៉ាន ខណៈ​​មាន​សេចក្ដី​​រាយការណ៍​​អំពី​​អ្នក​បាត់​បង់​ជីវិត​​​នៅ​ក្នុង​តំបន់​​ម៉ាតានហ្សាស​ និង​​នៅ​តំបន់​​​ស៊ីហ្គោឌឺ​អាវីឡា​ និង​តំបន់​​​ចុង​បូព៌ា​កាម៉ាហ្គេយ​។ ក្រុម​អាជ្ញាធរ​​បញ្ជាក់​ថា អ្នក​បាត់​បង់​ជីវិត​​​ភាគ​ច្រើន​​បណ្ដាល​មក​ពី​អគារ​​បាក់​រលំ​​​ និង​​​ឆក់​ខ្សែ​​ភ្លើង​ផង។ ​ព្យុះ​កំបុត​ត្បូង​​នេះ​បាន​​បោក​បក់​​ក្នុង​ល្បឿន​ជាង ២៦០​គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង​​​​បណ្ដាល​​ឲ្យ​ដើម​​ឈើ​​​​​ដួល​រលំ, បង្គោល​​ភ្លើង​ជាច្រើនដួល​, ​បំប៉ើង​ដំបូល​ផ្ទះ​ជា​ច្រើន និង​​បណ្ដាល​ឲ្យ​​មាន​ទឹក​ជំនន់​​ធ្ងន់ធ្ងរ​នៅ​តាម​ទីក្រុង​​មាត់​ឆ្នេរ​​ ខណៈ​​​ពលរដ្ឋ​​​​រាប់​​លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់។

ចំណែក​​​នៅ​តាម​ដង​ផ្លូវ​​​នៅ​ភាគ​កណ្ដាល​​ទីក្រុង​​ឡាហាវ៉ាន ​​នៅ​មាន​ទឹក​លេច​​នៅ​ឡើយ​​កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​​មុន​ ហើយ​​កាល​ពី​ថ្ងៃ​​ចន្ទ​ម្សិលមិញ​​​នេះ​ដែរ​មាន​គ្រួសារ​​​ចំនួន ៨០​%​ ដែល​នៅ​មិន​ទាន់​មាន​​អគ្គិសនី​ប្រើប្រាស់​​នៅ​ឡើយ៕​​​

 

អត្ថបទ៖ រិទ្ធី