ក្រុម​កីឡា​ការិនី​យោធភូមិភាគ​ពិសេស ប្រាប់​ហេតុផល​ផ្ដួល​ក្រុម​ម្ចាស់​មេដាយ​មាស​ពិភពលោក​គ្រង​មេដាយ​មាស​ពាន​សម្ដេច ស ខេង លើក​ទី​១៧

22

ប៉េតង់៖ ការប្រកួត​កីឡា​ប៉េតង់​ដណ្ដើម​ពានរង្វាន់ «​សម្ដេច​ក្រឡាហោម ស ខេង​» លើក​ទី​១៧ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយក្រោយ​ដំណើរ​ការប្រកួត​អស់​រយៈ ៤​ថ្ងៃចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ម្សិលមិញ នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ពិធី​បិទ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ស ខេង ឧប​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៉ូល និង​ប៉េតង់​កម្ពុជា​ទៀត​ផង។​

ជាមួយ​នឹង​ពិធី​បិទ​ការប្រកួត​នោះ​ដែរ ក៏​មាន​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដ៏​ជក់ចិត្ត​ចំនួន ២​គូ​ផង​ដែរគឺ​ការប្រកួត​វិញ្ញាសា​បុរស និង​នារី ៣​នាក់ ទល់នឹង ៣​នាក់​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុតគឺ​ការប្រកួត​វិញ្ញាសា​នារី ៣​នាក់ ទល់នឹង ៣​នាក់ ដែល​ក្រុម​កីឡា​ការិនី​យោធ​ភូមិភាគ​ពិសេស បាន​យកឈ្នះ​ក្រុម​របស់​ម្ចាស់​មេដាយ​មាស​ពិភពលោក គឺ​ក្រុម​ក្រសួងការពារជាតិ ដែល​រួមមាន​កីឡា​ការិនី កែ ឡេង​, អ៊ុក ស្រីមុំ និង​កញ្ញា ឈិន ស្រី​ពេជ្រ ដោយ​លទ្ធផល ១៣-៥​ពិន្ទុ ដើម្បី​គ្រង​មេដាយ​មាស​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​នេះ។ ​បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះកីឡា​កា​រិ​នី ដួង ឌី​ណា សមាជិក​ក្រុម​កីឡា​ការិនីយោធភូមិ​ពិសេស បាន​ពន្យល់​ពី​ហេតុផល​មួយ​ចំនួនដែល​ជំរុញ​ញ​ឲ្យ​ក្រុម​ខ្លួន ​មានលទ្ធភាព​ផ្ដួល​ក្រុម​កីឡា​ការិនី​ក្រសួងការពារជាតិ​។ ម្ចាស់​មេដាយ​ប្រាក់​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ រូប​នេះ​បាន​បញ្ជាក់​ថា វា​ជា​ការ​ប្រកួត​ដ៏​តានតឹង ប៉ុន្តែ​ដោយសារ​ស្មារតី​សាមគ្គីភាព ទើប​ក្រុម​ទាំងមូល​ព្យាយាម​យកឈ្នះ​ក្រុម​របស់​រាម​ច្បង កែ ឡេង និង អ៊ុក ស្រីមុំ បាន។

ឆ្លៀត​ក្នុង​ឱកាស​នោះ​សម្ដេច​ក្រឡា​ហោម ស ខេង ក៏បាន​សម្ដែង​ការ​កោត​សរសើរ ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការប្រកួត​យ៉ាង​ស្វិតស្វាញ​របស់​កីឡាករ​-​កីឡា​ការិនី​ម្នាក់ៗ។ មិនតែប៉ុណ្ណោះ​សម្ដេច​បាន​ក្រើន​រំឭក​ក្នុង​ការ​បន្ត កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​កីឡា​ប៉េតង់​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ដើម្បី​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ការ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣។ សម្ដេច​បន្ត​ថា តាមរយៈ​ពាន​នេះ​ក៏​នឹង​ចម្រាញ់​បាន​ធនធាន​កីឡាករ​-​កីឡា​ការិនី​មាន​សមត្ថភាព​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ផង​ដែរ​។​ គួរ​បញ្ជាក់​ថា ឆ្លងកាត់​ការ​ប្រកួត​រយៈពេល ៤​ថ្ងៃ​ដែល​មាន ៣៦​ក្លឹប​ស្មើនឹង ៤៣​ក្រុម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​សម្ដេច​ក្រឡា​ហោម ស ខេង ឆ្នាំ​២០១៧​នេះ គឺ​ក្រុម​អត្ត​ព​លិ​ក​ក្លឹប​កីឡា​ប៉េតង់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ​គឺ​មេដាយ​មាស​៣ ប្រាក់​១ និង​សំរឹទ្ធ​២ ខណៈ​ក្រុម​អត្ត​ព​លិ​ក​ក្លឹប​ក្រសួងការពារជាតិ ដណ្ដើម​បាន​ត្រឹម​មេដាយ​មាស​២ និង​ប្រាក់​២ ប៉ុន្តែ​ពាន​ធំ​ពោល​គឺ​ពាន​វាយ​បុរស ៣​នាក់​ទល់នឹង ៣​នាក់ បាន​មក​ក្រុម​កីឡាករ​ក្រសួង​ការពារ​ជាតិ​៕
​អត្ថបទ លី ឈុន​ឡា