កីឡា​ជន​ខ្សោយ​បញ្ញា​ជិត ២០០​នាក់​ចូលរួម​ប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ឆ្នាំ​២០១៧

70

ស្ប៉េ​ស្យា​ល់៖ ដោយ​ទទួល​បាន​ការ​គាំទ្រ និង​អនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ម្សិលមិញ​នេះ គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​រៀប​ចំ​ការប្រកួត​កីឡា​សម្រាប់​ជន​ខ្សោយ​បញ្ញា ឬ​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ឆ្នាំ​២០១៧ នៅ​ក្នុង​បរិវេណ​នៃ​ពហុ​កីឡដ្ឋាន​ជាតិរាជធានី​ភ្នំពេញ ដោយមាន​ក្រុម​កីឡាករ​-​កីឡា​ការិនី​ខ្សោយ​បញ្ញាប្រមាណ​ជិត ២០០​នាក់​ចូលរួម។​​ព្រឹត្តិការណ៍​នេះធ្វើឡើង​រយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ ដោយមាន​កីឡាករ​-​កីឡា​ការិនី​ជន​ខ្សោយ​បញ្ហា​ប្រមាណ​ជិត ២០០​នាក់​ចូលរួម ដែល​មាន​ពី​ខេត្ត​ចំនួន៥ គឺ​ខេត្ត​បាត់ដំបង​, កំពង់ធំ​, ស្វាយរៀង​, តាកែវ និង​ខេត្ត​ព្រៃវែង រួម​ទាំង​អង្គការ​-​សមាគម​ចំនួន៦ ដូចជា​សមាគម​បណ្ដាញ​អាណាព្យាបាល​(FSN), អង្គការ​ភាព​ញញឹម​នៃ​កុមារ​, អង្គការ​យុវជន​ពិការ​កម្ពុជា​, មជ្ឈមណ្ឌល​សុខភាព​ផ្លូវចិត្ត​កុមារ និងមនុស្ស​ចាស់​(CCAMH), អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(KPF) និងសមាគម​ឧ៍​ពុក​-​ម្ដាយ​កុមារ​ពិការ​សតិ។​ ​ឯកឧត្ដម មាស សារិន ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​តំណាង​គណៈកម្មាធិការ​ជាតិស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ឆ្នាំ​២០១៧ ក្រសួង​អប់រំ​បាន​អនុញ្ញាត​ឲ្យ​រៀបចំ ៣​ប្រភេទ​កីឡាគឺ​កីឡាបាល់ទាត់​ក្នុង​សាល​មាន ៦​ក្រុម​ចូលរួម​ប្រកួត​, កីឡា​ប៉ូល​ឈើ​បុរស​-​នារី រួម​ទាំង​កីឡាអត្តពលកម្ម​មាន ៣​វិញ្ញាសាគឺ​វិញ្ញាសា​រត់​ចម្ងាយ ២៥​ម៉ែត្រ​, ៥០​ម៉ែត្រ និង​រត់​ចម្ងាយ ១០០​ម៉ែត្រ​។​

​ជាមួយគ្នា​នោះ​ឯកឧត្ដម សែម សុខា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ដែល​ចូលរួម​ជា​អធិបតី​ក្នុង​ឱកាស​នោះបាន​មានប្រសាសន៍ថា នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​ល្អដើម្បី​ផ្ដោត​លើ​អ្នកខ្សោយ​បញ្ញា​ទូទាំង​ប្រទេស បាន​ចូលរួម​ជាមួយ​សកម្មភាព​កីឡា ដើម្បី​ទទួល​បាន​នូវ​សុខ​ភាព​ល្អរឹតចំណង​មិត្តភាព សាមគ្គីភាព ពិសេស​គឺ​ការចូលរួម​លើកកម្ពស់​អ្នក​ខ្សោយ​បញ្ញា ឲ្យ​មាន​កម្លាំងចិត្ត​ចូលរួម​រាល់​សកម្មភាព​ផ្សេងៗ ជាមួយ​នឹង​មនុស្ស​ធម្មតា​។ មិនតែប៉ុណ្ណោះ​ឯកឧត្ដម​បាន​សម្ដែង​ការ​គាំទ្រ និង​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា ​បន្ត​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ផង៕
​អត្ថបទ លី ឈុន​ឡា