អាជ្ញាធរ​ម៉ិ​ក​ស៊ិ​ក​ប្រញាប់​ប្រញាល់​ដឹក​ជញ្ជូន​ជំនួយ​ទៅ​​ជួយ​ដល់​មនុស្ស​រាប់​លាន​នាក់ ​ក្រោយ​ការ​រញ្ជួយ​ដី​បាន​ឆក់​យក​ជីវិត​មនុស្ស ​៩៦​នាក់

66

ម៉ិ​ក​ស៊ិ​ក​៖ ​អាជ្ញាធរ​​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ការ​រញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​ដែល​បាន​វាយប្រហារ​ លើ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កាលពី​សប្ដាហ៍​មុន​បាន​ធ្វើ​ឲ្យ​មនុស្ស ២.៥​លាន​នាក់​ត្រូវការ​ជំនួយ​ដ៏​ចាំបាច់ ​និង​មនុស្ស ​៩៦​នាក់​ផ្សេងទៀត​បាត់បង់​ជីវិត ​ខណៈ​មន្ត្រី​ប្រញាប់ប្រញាល់​បញ្ជូន​ជំនួយ​ស្បៀងអាហារ​ និង​ទឹក​ទៅកាន់​សហគមន៍​នានា ​ដែល​រង​ផល​ប៉ះ​ពាល់​ក្នុង​តំបន់​ក្រីក្រ​ភាគ​ខាង​ត្បូង​។​​អភិបាល​រដ្ឋ​ Oaxaca ​លោក Alejandro Murat បាន​ប្រាប់​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក​ថា ចំនួន​អ្នក​ស្លាប់​ក្នុង​រដ្ឋ​របស់​លោក​បាន​កើន​ឡើង​ដល់ ៧៦​នាក់​។​ របាយការណ៍​បឋម​បង្ហាញ​ថា ​លំនៅឋាន​យ៉ាងហោចណាស់​ ១​ម៉ឺន​ ២​ពាន់​ខ្នង​ត្រូវ​បាន​បំផ្លាញ ហើយ​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ថែម​ទៀត​។ ​លោក Murat និយាយ​ថា មនុស្ស ​១​លាន​នាក់​ក្នុង​រដ្ឋ Oaxaca ត្រូវការ​ទឹក, អាហារ, អគ្គិសនី និង​ជំនួយ​សម្រាប់​ការ​សាងសង់​លំនៅឋាន​ឡើងវិញ​ជា​ចាំបាច់ ខណៈ​រដ្ឋ​ក្បែរ​ខាង​គឺ​រដ្ឋ​ជី​អា​ប៉ាសដែល​ស្ថិតនៅ​ជិត​ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ មាន​ប្រជាពលរដ្ឋ ១.៥​លាន​នាក់​រង​ការ​ប៉ះ​ពាល់​​ នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​ប្រចាំ​តំបន់​។

​​រ​ញ្ជូ​យ​ដី​កម្រិត ​៨.១ រ៉ិ​ច​ទ័​របាន​អង្រួន​ក្បែរ​តំបន់​ឆ្នេរ​នៃ​រដ្ឋជី​អា​ប៉ាស បាន​វាយប្រហារ​ទីក្រុង​ម៉ិ​ក​ស៊ី​កូ​ស៊ី​ធី​ និង​បណ្ដាល​ឲ្យ​ខូចខាត​​ទូទាំង​តំបន់​តូច​ចង្អៀតបំផុត​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ស្ថិតនៅចំ​កណ្ដាល​តំបន់​ដី​កោះ​នៃ​ទីក្រុង Tehuantepec របស់​រដ្ឋ​ Oaxaca។ ​មនុស្ស ​១៦​នាក់​ត្រូវ​គេ​រាយការណ៍​បាន​ស្លាប់​ក្នុង​រដ្ឋ​ជី​អា​ប៉ាស និង​ ៤​នាក់​ទៀត​ក្នុង​រដ្ឋ​ក្បែរ​ខាង​តា​បា​ស្កូ​ដោយ​សារ​រញ្ជួយ​ដី​នេះ​។ រដ្ឋ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​គឺ​ក្នុង​រដ្ឋ Oaxaca ក្នុង​ទីក្រុង​ជូ​ជី​តាន ជាទី​ដែល​មាន​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង​ ៥​ពាន់​ខ្នង​ត្រូវ​បាន​បំផ្លាញ​៕
​អត្ថបទ៖ សុខ​មាន