សមត្ថកិច្ច​២​រូប​ មាន​តួនាទី​ការពារ​នៅ​ប៉ុស្តិ៍​របៀង​ការពារ​ព្រំដែន​ក្បាលដំរី​ ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម ​បើក​ឲ្យ​មានការ​កាប់​ឈើ ហ៊ុប​ យ៉ាង​គឃ្លើន

313

មណ្ឌលគិរី​ ៖ ទោះបី​ខេត្តមណ្ឌលគិរី​ កាល​ពីដើមឆ្នាំ​២០១៧ មានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដ៏​កក្រើក​នៅ​តំបន់​អូរ​ហ៊ុ​ច ​ដែល​បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​នៅតាម​បន្ទាត់​ព្រំដែន​ខ្លាច​ញញើត​អំពី​ការ​ធ្វើ​ជំនួញ​ឈើ​ឆ្លងដែន​នោះ ​ប៉ុន្តែ​សមត្ថកិច្ច​២​រូប​ ដែល មាន​តួនាទី​ការពារ​នៅ​ប៉ុស្តិ៍​របៀង​ការពារ​ព្រំដែន​ក្បាលដំរី​ ក្នុងស្រុក​ពេ​ជ្រា​ដា​ គឺ​នៅតែ​មិន​ក្រែង​រ អារ​ជាមួយ​ចំណាត់​ ការ​របស់​គណៈកម្មកា​រ​បង្ក្រាប​និង​ទប់​ស្កាត​បទល្មើស​ព្រៃឈើ​នោះទេ ​ដោយ​ពួកគេ​បាន​ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម ​បើក​ឲ្យ​មានការ​កាប់​ឈើ ហ៊ុប ​នៅក្បែរ​ប៉ុស្តិ៍​ក្បាលដំរី ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​គឃ្លើន ។

យោង​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​២​រូប ​បាន​លួច​បង្ហើប ​ឲ្យ​ដឹងថា លោក មុន ភី​នី ​មាន​តួនាទី​ជា​មេ​ប៉ុស្តិ៍​ស្ដីទី​ការពារ ព្រំដែន​ក្បាលដំរី និង​លោក កែវ សុ​ភ័​ក្រ ​មាន​តួនាទី​ជា​មេបញ្ជាការ​កងអនុសេនាតូច​លេខ​១ ​ពួកគេ​បាន​លួច​ឃុបឃិត ​ជាមួយ​ជនជាតិ​វៀតណាម ​បើក​ឲ្យ​មានការ​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រក ​របៀង​ក្បាលដំរី​ ដែល​ពួកគេ​គ្រប់គ្រង​ជារឿយៗ ។

ប្រភពដដែល ​បន្តថា ជាក់ស្ដែង​កាលពី​អំឡុង​ដើមខែ​កញ្ញា ពួកគេ​បាន​អនុញ្ញាត​ ឲ្យ​ជនជាតិ​វៀតណាម​ ចូលមក​កាប់​ និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេស​វៀតណាម​ ចំនួន​០២​រថយន្ត​កែច្នៃ ​និង​សេសសល់ ​ឈើ​ហ៊ុ​ប​ចំនួន​១៥​ដើ​ម ត្រៀម​ដឹកចេញទៅ​វៀតណាម តែ​ត្រូវ​បាន​ក្រុមមន្ត្រី​បរិស្ថាន​នៃ​ដែន​ជម្រកសត្វព្រៃ​ស្រែ​ពក​បង្ក្រាប ​បាន កាលពី​ថ្ងៃទី​០៣​ កញ្ញា ២០១៧​ កន្លងទៅនេះ ​ហើយ​ឈើ​នៅ​សេសសល់​ ដែល​មន្ត្រី​ជំនាញ​បង្ក្រាប​នេះ​ គឺមាន​ ចម្ងាយ​តែ​៥០០​ម៉ែត្រ​ប៉ុណ្ណោះ ពី​ប៉ុស្តិ៍​ក្បាលដំរី ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ បាន​ឲ្យ​ដឹងថា ​ឈើ​ហ៊ុ​ប​ចំនួន​១៥​ដើម ដែល​ត្រូវ​បាន​បង្ក្រាប​នេះ គឺជា​ប្រភេទ​ឈើ​ផ្ចឹក ​និង​ប្រភេទ​ឈើ​ស្រឡៅ​ បង្ក្រាប​ដោយ​កម្លាំង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ​និង​កម្លាំង​នគរបាល ​ដែល​បម្រើការ​ក្នុង​ដែន​ជម្រក ពុំមាន​ការ​ចូល​រួម​សហកា​រ​ពី​កម្លាំងយោធា និង​នគរបាល​នៅ ប៉ុស្តិ៍​ក្បាលដំរី នោះទេ ។

ពាក់ព័ន្ធ​និង​ករណីនេះ លោក មុន ភី​នី មេ​ប៉ុស្តិ៍​ស្ដីទី​ការពារ​ព្រំដែន​ក្បាលដំរី និង​លោក កែវ សុ​ភ័​ក្រ មេបញ្ជាការ​កងអនុសេនាតូច​លេខ​១ យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បានទេ ។​ ចំណែក​លោក អ៊ុក ​សំណាង ស្នងការ នគរបាល​ខេត្តមណ្ឌលគិរី ​ដែល​ទើប​ឡើង​កាន់ដំណែង​ថ្មី​ បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា លោក​មិន​សន្និដ្ឋានថា ​មន្ត្រី​របស់​លោក ​ស្អាតស្អំ ឬ​យ៉ាងណា​នោះទេ​ ប៉ុន្តែ​ក្នុងករណីនេះ បើ​លោក​រក​ឃើញថា​ លោក មុន ភី​នី ពិតជា​ឃុបឃិត​បើក​ឲ្យ​មាន​ជំនួញ​ ឈើ​ឆ្លងដែន​តាម​ប៉ុស្តិ៍​ក្បាលដំរី​នេះ​មែន ​លោក​នឹង​ចាត់វិធានការ​លើ​បុគ្គល​នេះ​ តាម​វិន័យ​របស់​កងកម្លាំង ។

ចំណែក​លោក ឃិន ​ម៉េង​ស្រេង មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ​ករណីនេះ​ លោក​ពុំបាន​ដឹង​ទេ ជុំវិញ​ការ​នាំ​ឈើ​ចេញទៅ​ប្រទេស​វៀតណាម ​តាម​ច្រក​ក្បាលដំរី​នេះ​ ប៉ុន្តែ​ករណី​បង្ក្រាប​ឈើ​ក្បែរ​ប៉ុស្តិ៍​ក្បាលដំរី ​កាលពីពេល ថ្មីៗ​កន្លងទៅនេះ​ គឺ​លោក​ជា​អ្នកបញ្ជា​ឲ្យ​កម្លាំង​របស់​លោក​នៅ​ទីនោះ​បង្ក្រាប​ផ្ទាល់​តែម្ដង ។

មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្តមណ្ឌលគិរី ​បាន​រំពឹងថា លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ដែល​ទើប​ឡើង​កាន់ដំណែង​ថ្មី និង លោក ឃិន ម៉េង​ស្រេង ​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី​ នឹង​ត្រួតពិនិត្យ​លើ ​កងកម្លាំង​របស់​លោក​នៅ​តាម​បន្ទាត់​ព្រំដែន​យ៉ាង​តឹងរឹង​ មិន​ឲ្យ​មាន​ករណី​បទល្មើស​ព្រៃឈើ​ឆ្លងដែន​នៅ​ខេត្តមណ្ឌលគិរី ​កើតឡើង​ច្រំ​ដែល ដូច​ពេលកន្លងមក​នោះទេ ៕