ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​ ប្រគល់​សត្វព្រៃ​៣ប្រភេទ​ ឲ្យ​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​ សម្ព័ន្ធមិត្ត​សត្វព្រៃ

92

កំពង់ធំ ​៖ តំណាង​ស្ថាប័ន​អយ្យកា អម​សាលាដំបូង​ខេត្តកំពង់ធំ ​លោក​ព្រះរាជអាជ្ញា អ៊ិត សុធា ​កាល​ពី​ព្រឹក​ថ្ងៃទី​១២ ​ខែកញ្ញា ឆ្នាំ​២០១៧ ​នៅ​សាលាដំបូង​ខេត្តកំពង់ធំ ​បាន​ប្រគល់​សត្វព្រៃ ​ឲ្យ​ក្រុម​សមត្ថកិច្ច​អន្តរាគមន៍​បង្ក្រាប​សត្វ​ព្រៃ ​នៃ​រដ្ឋបាល​ព្រៃឈើ ​និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ​ដើម្បី​អនុវត្ត​នីតិវិធីបន្ត​។

នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម ​តេ​ឡេ​ក្រាម ​ផ្ទាល់ខ្លួន​ របស់​លោក​ព្រះរាជអាជ្ញា ​បាន​បន្ត​ឲ្យ​ដឹងថា ​សត្វព្រៃ​ទាំងនេះ​ មានការ​បង្ក្រាប​ពី​កងរាជអាវុធហត្ថ​ស្នាក់ការ ​ការពារ​សន្តិសុខ​៦០១​ កាលពី​យប់ ថ្ងៃទី​១១ ​ខែកញ្ញា​ នេះ ​ដោយ​មានការ​សម្រប​ សម្រួល ​ពី​ស្ថាប័ន​អយ្យកា​ ក្នុង​នោះ ​មាន​សត្វ​ប្រវឹក​ ១៥០​ក្បាល ​,​សត្វ ស្វា​១០​ក្បាល​ និង​សំពោច​ ៥​ក្បាល​។

លោក​ព្រះរាជអាជ្ញា អ៊ិត សុធា ​បាន​បញ្ជាក់ថា ​នេះ ​មិន​មែនជា​លើក​ទី​១​ទេ ​ដែល​សមត្ថកិច្ច ​ក្រោម ការ​សម្របសម្រួល ​និង​ចំណាត់ការ ​ពី​ស្ថាប័ន​អយ្យកា​ អម​សាលាដំបូង​ខេត្តកំពង់ធំ ​ធ្វើ​បង្ក្រាប​សត្វព្រៃ​នោះ ប៉ុន្តែ​បទល្មើស​នេះ ​នៅតែ​កើតមាន​ក្នុង​ការ​លួចលាក់ ៕