Crystal Palace បណ្ដេញ​គ្រូ​បង្វឹក​ចេញ​ពី​តំណែង​ ​ក្រោយ​ចាប់ផ្ដើម​រដូវ​កាល​អាក្រក់​បំផុត​រយៈពេល​ជិត ១០០​ឆ្នាំ​

60

បាល់ទាត់៖ ​ក្លឹប​អង់គ្លេស Crystal Palace បាន​សំរេច​បណ្ដេញ​គ្រូ​បង្វឹក​លោក Frank de Boer ចេញពី​តំណែង​ហើយ បន្ទាប់ពី​ដឹកនាំ​ក្រុម​ចាប់ផ្ដើម​រដូវ​កាល​អាក្រក់​បំផុត​រយៈពេល ១០០​ឆ្នាំ​មិន​ធ្លាប់​មាន​។

​​អតិ​ត​គ្រូ​បង្វឹក​ក្លឹប​ហូ​ឡង់ Ajax Amsterdam វ័យ ៤៧​ឆ្នាំ​រូប​នេះ​បាន​ចូល​កាន់ការ​ជា​គ្រូ​បង្វឹក​នៅ Crystal Palace ទើបតែ​បាន ១០​សប្ដាហ៍​ប៉ុណ្ណោះ និង​រង​បរាជ័យ​រាល់​បួន​ប្រកួត​ដែល​លោក​ដឹកនាំ​បើក​រដូវ​កាក​ថ្មី English Premier League នេះ​។ ​ការ​បណ្ដេញ​ចេញពី​តំណែង​នេះ​ធ្វើ​អោយ​លោក Frank de Boer ជាប់​កំណត់ត្រា​គ្រូ​បង្វឹក​ដែល​ដឹក​នាំ​នៅ Premier League រយៈពេល​ខ្លី​បំផុត​។ ​បរាជ័យ​ចុងក្រោយ​កាលពី​ថ្ងៃអាទិត្យ​នៅផ្ទះ Burnley ក្រុម​របស់​លោក Frank de Boer មានឱកាស​ច្រើនតែ​សុទ្ធតែខ្ជះខ្ជាយ​នៅមុខ​ទី​ ធ្វើ​អោយ Crystal Palace ធ្លាក់​ទៅ​បាត​តារាង​មិនទាន់​ស៊ុត​ចូល​ទី​ក្រុម​ណាមួយ​បាន​នៅឡើយ​។

​​រំលឹក​ថា ក្រុម​នៅ​អង់គ្លេស​ចុងក្រោយ​ដែល​បរាជ័យ​បួន​ប្រកួត​ដំបូង​គឺ Preston North End តាំងពី​ឆ្នាំ១៩២៤​។ ​ជ័យជំនះ​មួយ​ប្រកួត​គត់​ដែល​លោក Frank de Boer ដឹកនាំ​ឈ្នះ​គឺ​នៅ League Cup ឈ្នះ Ipswich Town ក្រៅពីនោះ​មានចាញ់​ថ្ងៃ​បើក​រដូវ​កាល​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​ឡើង​ថ្មី Huddersfield Town ៣-០ ចាញ់ Swansea ២-០ ក្នុង​ផ្ទះ និង​ចាញ់​ក្រៅ​ផ្ទះ​ក្រោម​ថ្វី​ជើង Liverpool និង Burnley​។ ​មាន​សារ​ព័ត៌មាន​អង់គ្លេស​មួយ​ចំនួន​ចុះផ្សាយ​ថា​អតិ​ត​គ្រូ​បង្វឹក​អង់គ្លេស Roy Hodgson អាច​នឹង​ជំនួស​កៅអី​ដែល​ទំនេរ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ