យោធា​ហ្វីលីពីន៖ ​ក្រុម​ឧទ្ទាម​មួយ​ចំនួន​ត្រៀម​ទម្លាក់​អាវុធ​ចុះចូល​​ ខណៈ​ទាហាន​សម្រុក​ចូល​​​ដល់​​ទីក្រុង​ម៉ា​រ៉ាវី​

79

ហ្វីលីពីន៖ មន្ត្រី​យោធា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​ជា​បណ្ដាញ​ក្រុម​រដ្ឋ​អ៊ីស្លាម​មួយ​ចំនួន​ ដែល​កំពុង​ឡោមព័ទ្ធ​ភាគ​ខាង​ត្បូង​ទីក្រុង​ម៉ា​រ៉ាវីប្រទេស​ហ្វីលីពីន​ បានទទួល​អារម្មណ៍​ថា​ខ្លួន​បរាជ័យ ស្រប​ពេល​ល​ពួកគេ​បាន​ត្រៀមខ្លួន​ចុះចូល​ជាមួយរដ្ឋាភិបាល​ បន្ទាប់​ពី​ការ​វាយ​ប្រយុទ្ធ​អស់​រយៈពេល​ ៣​ខែ​កន្លះ។​​អ្នកនាំពាក្យ​ទាហាន​ហ្វីលី​ពី​នលោកវរសេនីយ៍ឯក ​រ៉ូ​មេ​អូ ប្រូ​ន័​រ​ បាន​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​ថា កងកម្លាំងបាន​ប្រើ​ឧបករណ៍​បំពង​សំឡេង ​ជំរុញ​ឲ្យ​ក្រុម​ឧទ្ទាម​ទម្លាក់អាវុធ​ចុះចូល​ជាមួយ​រដ្ឋាភិបាល ដោយ​ប្រាប់​ថា ពួក​អ្នក​ប្រយុទ្ធ​នៅសល់​ប្រមាណ​ចន្លោះ​ពី​៥០​ទៅ ​៦០​នាក់​ប៉ុណ្ណោះក្នុង​ទីក្រុង​នេះ ហើយរដ្ឋាភិបាល​នឹង​លើក​លែងទោស​ស្លាប់​ដល់​ពួកគេ​ បើ​ពួកគេ​ទម្លាក់អាវុធ​ចុះ ​ផ្លាស់ប្ដូរ​សំលៀកបំពាក់​ពណ៌​ខ្មៅ​របស់​ខ្លួន​ និង​ដើរចូល​ទៅកាន់​តំបន់ដែល​ត្រូវ​បាន​កំណត់ទុក​។​ ​ការ​ប្រគល់​ខ្លួន​​អាច​ប្រព្រឹត្តិ​ឡើង​ទៅ​បាន​លុះ​ត្រា​តែ​មាន​ការចរចា​ទ្វារ​ក្រោយ ​ដែល​កើត​ចេញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ប្រធានាធិបតី​ហ្វីលីពីនលោក Rodrigo Duterte ជាមួយ​ក្រុម​ឧទ្ទាម ​ក្នុង​នោះអតីត​អភិបាលក្រុងម៉ា​រ៉ា​រីលោក អូ​ម៉ា សូលី​តា​រី​យ៉ូ​អា​លី ​ត្រូវ​ដើរ​តួ​ជា​សន្ធាន​ការី។​

កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះលោក Duterte បាន​បញ្ជា​ឲ្យ​បើកផ្លូវ​ឲ្យ​ក្រុម​ឧទ្ទាម​រត់​ភៀសខ្លួន​ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ចំណាប់ខ្មាំង​រាប់​សិប​នាក់​។​ ​គួរ​រម្លឹក​ថា​ មនុស្ស​ជាង​ ៨០០​នាក់​បាន​បាត់​បង់ជីវិត​ ភាគច្រើន​ជា​ក្រុម​ប៉ះ​បោរ​ប្រដាប់​អាវុធចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ​ខែ​ឧសភា​មក​ នៅ​ពេល​ដែល​ពួក​សកម្ម​ប្រយុទ្ធ​បាន​កាន់កាប់​ផ្នែក​ធំ​ៗ​ជាច្រើន​នៃ​ទីក្រុងម៉ា​រ៉ាវី​ ដែល​សំបូរ​ដោយ​ពលរដ្ឋ​កាន់សាសនា​អ៊ីស្លាម​មួយ​នេះ៕
អត្ថបទ៖ សុខ​មាន