អគ្គនាយក​ពន្ធដារ​ ៖​ ការ​ប្រមូល​ពន្ធ​គ្រប់​ប្រភេទ​ បន្ត​កើន​ឡើង​ខ្ពស់

23

ភ្នំពេញ ៖ ​ការប្រមូល​ព​ន្ធ​ ក្នុង​រយៈពេល​៨​ខែ​ឆ្នាំនេះ ​មានការ​កើន​ឡើង​ស្ទើរ​គ្រប់​ប្រភេទ​ពន្ធ​សំខាន់ៗ​ ជាពិសេស​ប្រភេទ​ពន្ធ​-​អាករ​សំខាន់ៗ ​រួមមាន​ ពន្ធ​លើ​ប្រាក់ចំណូល​កើន​ឡើង​ជាង​៣១% ​អាករ​លើ​តម្លៃ​បន្ថែម​ កើនឡើង​ជាង​៤២% ​ខណៈដែល ​អាករ​ពិសេស​កើន​ឡើង​ជាង​១៣% ​និង​ពន្ធ​លើ​ប្រាក់បៀវត្ស​ក៏​មាន​ការ​កើនឡើង​ជិត​៣%​ ផងដែរ​។

ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ​និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ ពន្ធដារ បាន​លើក​ឡើង​ នៅក្នុង កិច្ចប្រជុំ បូកសរុប​ការងារ​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ ខែសីហា​ ឆ្នាំ​២០១៧ ​ព្រមទាំង​ទិសដៅ ​សម្រាប់​អនុវត្តន៍ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ នៅ​ថ្ងៃទី​១១ ខែកញ្ញា ​ឆ្នាំ​២០១៧ ​នេះ​ថា ការ​ប្រមូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ជា​លទ្ធផល​ក្នុង​ខែសីហា ឆ្នាំ​២០១៧​នេះ ​ចំណូល​ពន្ធ​-​អាករ​ដែល​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ប្រមូល​បាន​មាន​ចំនួន​៥១៥​ពាន់​លាន​រៀល ​ស្មើនឹង​ប្រមាណ​ជា​១២៨,៨២​ដុល្លា​រ អាមេរិក​ ក្នុងនោះ​បើ​គិត​រយៈពេល​៨​ខែ ​ឆ្នាំ​២០១៧ ចំណូល​ពន្ធ​-​អាករ​ដែល​អគ្គនាយក​ដ្ឋា​ន ​ពន្ធដារ​ប្រមូល​បាន​ចំនួន​ជាង​៥៦៥៧​ពាន់​លាន​រៀល ​ស្មើនឹង​១ ៤១៤,៤៣ លាន​ដុល្លារ​អាមេរិក​)​

ឯកឧត្តម​ បន្ត​ឲ្យ​ដឹង​ទៀត​ថា ​សម្រាប់​ចំណូល​រយៈពេល​៨​ខែ​ ខាងលើនេះ​ ប្រសិនបើ​ធៀប​ទៅ ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ ​យើង​ឃើញថា ​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ ក្នុង​រយៈពេល​៨​ខែ​ឆ្នាំនេះ​ បាន​កើន​ឡើង​ចំនួន​១៣៥៤ ​ពាន់​លាន​រៀល (​ប្រមាណ ៣៣៨,៤៨ លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង​៣១,៤៦% ​ ក្នុងនោះ​ប្រភេទ ពន្ធ​សំខាន់ៗ ​ដែល​មាន​ការ​កើនឡើង​នូវ​ប្រាក់​ពន្ធ​ស្ទើរ​គ្រប់​ប្រភេទ​។

ការប្រមូល​ពន្ធ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​កើន​ឡើង​យ៉ាង គំហុក ​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​កំណែទម្រង់​ស៊ីជម្រៅ ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិ​បាល​ មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការដំឡើង​ ប្រាក់​បៀរ​វត្សរ៍​ជូន​មន្ត្រីរាជការ ​និង​កង​កំលាំង​ប្រដាប់​អាវុធ​នានា​។ ​តាម​ផែនការ​រដ្ឋាភិបាល ​នឹង​ដំឡើង​ប្រាក់​បៀរ​វត្សរ៍​ជូន​មន្ត្រីរាជការ​យ៉ាងតិច​បំផុត​ជាង​១​លាន​រៀល ​នៅ​ឆ្នាំ​២០១៨​ខាងមុខ​៕