សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ពន្លា​ជាតិ​កម្ពុជា ​និង​ទស្សនា​សាល​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា

44

ណាន​នី​ង​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ ​​បន្ទាប់ពី​អញ្ជើញ​ចូលរួម​បើក​ពិព័រណ៍​ចិន​-​អាស៊ាន​ លើក​ទី​១៤ រួចហើយ​ សម្ដេច​ អគ្គ​មហាសេនា​បតី​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​សម្ពោធ​ពន្លា​ជាតិ​កម្ពុជា​ និង​ទស្សនា​ សាល​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​ ដែល​ធ្វើឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ សន្និសីទ ​និង​ពិព័រណ៍​ អន្តរជាតិ​ណាន​នី​ង​។

បន្ទាប់ពី​សម្តេច ​តេ​ជោ ​បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ បើក​ជា​ផ្លូវការ​នូវ​ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម ​កម្ពុជា ​នៅ​ជាន់​ខាងលើ​ហើយ ​សម្តេច​តេ​ជោ ​បាន​អញ្ជើញ​ដើរ​ពិនិត្យមើល​ផលិតផល​កម្ពុជា​ (Made in Cambodia)​ ដែល​បាន​យក​មក​តាំង​ពិព័រណ៍​នៅទីនេះ ​មានដូចជា ​អង្ករ ម្រេច គ្រប់​ស្វាយចន្ទីរ ​ស្រា​ផ្លែឈើ ​ស្ករត្នោត​ធម្មជាតិ ​កាហ្វេ​ខ្មែរ​ គ្រឿង​ចម្លាក់​ដោយ​ដៃ ​ក្រណាត់​និង​សំលៀក​បំពាក់ ​ខ្មែរ ​និង​ផលិតផល​កសិកម្ម ខ្មែរ​យើង​ដែល​មាន​គុណភាព ​និង​សុខភាព​ជាច្រើន​រយ​មុខ​ទៀត​។

បងប្អូន​យក​ផលិតផល​មក​តាំងនៅ​ទីនេះ ​គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​គុណភាព​កម្ពុ​ជា ​នឹង​ដើម្បី​ស្វែងរក​ដៃគូ​ចិន​ក្នុង​ការ​ចែកចាយ​នៅ​ទីផ្សារ​ក្នុងប្រទេស​ចិន​។

សម្តេច​តេ​ជោ ​មាន​ក្តីរំភើប​រីករាយ ​និង​លើកទឹកចិត្ត​ដល់​បងប្អូន​ពាណិជ្ជករ ​និង​អ្នក​វិនិយោគិន ​ចូល​រួម​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម ​ខ្មែរ​យើង​អោយ​កាន់​តែ​ច្រើន​​ ដើម្បី​ជួយ​ដល់​បងប្អូន​កសិករ​អោយ​មាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ឡើង​។

បន្ទាប់ពី​បាន​ជួប​សំណេះសំណាល ​និង​សួរសុខទុក្ខ​បងប្អូន​អាជីវករ ​និង​ពាណិជ្ជករ​នៅ​ជាន់​ខាងលើ​រួច ហើយ ​សម្តេច​តេ​ជោ​ ហ៊ុន សែន ​បាន​អញ្ជើញ​ទៅ​ជាន់​ខាងក្រោម​កាត់​ខ្សែបូរ​សម្ពោធ​ពន្លា​ជាតិ​កម្ពុជា ​ដែល​ឆ្នាំ​២០១៧ នេះ​គឺ​មាន​រៀបចំ​ជា​ទ្រង់ទ្រាយ​ប្រាសាទ​ព្រះវិហារ​។ ​នៅក្នុង​ឱកាស​នោះដែរ ក៏មាន​កូន ​ក្មួយ​រាំ របាំ​ជូន​សម្តេច ​និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា​ប្រកបដោយ​បរិយាកាស​រីករាយ​ក្រៃលែង​៕