សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​ លើក​ទី​១៤

86

ណាន​នី​ង ៖ ​នៅ​ព្រឹក​ថ្ងៃទី​១២​ កញ្ញា នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន ​លើក​ទី​១៤ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និសីទ ​និង​ពិព័រណ៍​អន្តរជាតិ​ណាន​នី​ង ​(NICEC)​។​

នៅ​ក្នុង​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤​នេះ ​មានការ​ចូលរួម ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ​ថ្នាក់ដឹកនាំ​សហគ្រិន​របស់​ចិន ​និង​ប្រទេស​ជា​សមាជិក​ទាំងអស់​របស់​ ​អាស៊ាន ជាច្រើន រួមទាំង​អ្នកសារព័ត៌មាន​ជាច្រើនរូប​ផងដែរ​។

ឯកឧត្ដម ចាង កាវ​លី ឧបនាយករដ្ឋមន្ត្រី​ចិន ​បាន​ថ្លែង​សន្ទរកថា​បើ​ពិព័រណ៍​ចិន​-​អាស៊ាន​ លើក​ទី​១៤ បន្ទាប់មក​ ប្រមុខ​ដឹកនាំ​អាស៊ាន​ទាំងអស់​ក៏បាន​ថ្លែង​សន្ទរកថា​ម្នាក់​ម្ដង​។​ នៅក្នុង​សន្ទរកថា​របស់ សម្ដេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ​សម្ដេច​ បាន​មានប្រសាសន៍ថា ​ពិព័រណ៍​ចិន ​អាស៊ាន​នេះ ​មិន​ត្រឹមតែ​ផ្តល់​ឱកាស​ដល់​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល ​ថ្នាក់ដឹកនាំ​សហគ្រិន​របស់​ចិន ​និង​ប្រទេស​ជា​សមាជិក​ទាំងអស់​រប​ស់​អាស៊ាន​​ ការពិភាក្សា​ផ្លាស់ប្ដូរ​គំនិត​គ្នា​ ដើម្បី​ពង្រឹង ​និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម ​និង​វិនិយោគ​ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​វេទិកា ​មួយ​ចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ពហុភាគី ​និង​បង្កើន​កាលានុវត្តភាព ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចូលរួម​ពិព័រណ៍​លើ​គ្រប់​វិស័យ​ផងដែរ​។ ទន្ទឹមនេះដែរ​វេទិកា​នេះ​ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ​ក៏​កាន់តែ​មានការ​រីកចម្រើន​ខ្លាំង​ឡើងៗ​ និង​មាន​សារ​សំខាន់​សំរាប់​តំបន់​យើង ​និង​បាន​ដើរ​ស្របគ្នា​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ ជា​វិជ្ជមាន​រវាង​ប្រទេស​ចិន និ​ង​អាស៊ាន​។

ជាមួយនឹង​ការរីកចម្រើន​ជាប្រចាំ នៅក្នុង​វិស័យសេដ្ឋកិច្ច ​ដែល​ជា​ក្បាលម៉ាស៊ីន​អូស​កំណើន​របស់​ពិភពលោក តំបន់​អាស៊ី​យើង​បាន​មានការ​ផ្លាស់ប្ដូរ​យ៉ាង​ជ្រាលជ្រៅ និង​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ពហុ​វប្បធម៌ ​និង​អរិយធម៌ ​ដ៏​សំខាន់​មួយ ​ដែល​ប្រជាជន​ទូទាំង​ពិភពលោក​ចង់​ឃើញ ​ចង់​ស្គាល់ និង​ស្វែងយល់​។ ​ក្នុង​ស្មារតី​នេះ​ ប្រធានបទ​នៃ​វេទិកា​នេះ ពិត​ជា​មាន​សារសំខាន់​ណាស់ ​នៅក្នុង​ការ​ជំរុញ និង​លើក​តម្កើង​ចិន អាស៊ាន និង​អាស៊ី​ទាំងមូល​អោយ​ក្លាយ​ជា​តំបន់​មួយ​ប្រកបដោយ​ភាព​ទាក់ទាញ ​និង​ភាព​ប្រកួតប្រជែង​។

ជា​សក្ខីកម្ម ​ទំហំ​ពាណិជ្ជ​រវាង​អាស៊ាន​ និង​ចិន​មាន​ទំហំ​ប្រមាណ​៤៥២ ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៦​។ ​ក្រៅពី​កំណើន​ នៃ​ការដោះដូរ​ពាណិជ្ជកម្ម​ រ​វាង​តំបន់​អាស៊ាន ​ចិន ​សកម្មភាព​ទេសចរណ៍​រវាង​តំបន់​ទាំងពីរ​មានការ​កើន​ឡើងជា​លំដាប់​ ដោយ​ភ្ញៀវ​ទេសចរណ៍​ចិន ​ទៅ​តំបន់​អាស៊ាន​មាន​ចំនួន​ជិត​២០​លាន​នាក់​ក្នុង​ឆ្នាំ​២០១៦ ​ជាមួយ​កំណើន​៦,%​ ប្រៀប​នឹង​ឆ្នាំ​២០១៥​។ ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ បាន​នៅ​ឈរ​លំដាប់​ទី​១ ​សម្រាប់​ភ្ញៀវ​ទេសចរ ​អន្តរជាតិ ​ដែល​ទៅ​ទស្សនា​តំបន់​អាស៊ាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ ម្យ៉ាងវិញទៀត ចំនួន​ភ្ញៀវ​ទេសចរ ​អាស៊ាន​ទៅ​ប្រទេស​ចិន​ទាំងមូល​ក៏​មាន​ការ​កើនឡើង​ជា​លំដាប់​ដូចគ្នា ​ដោយមាន​ចំនួន​ជាង​១០​លាន​នាក់​ក្នុង​ឆ្នាំ​២០១៦ កើន​ជាង​៥៧,%​ធៀប​នឹង​ឆ្នាំ​២០១៥​។

ជា​ការ​ពិត​កំណើន​ខ្ពស់​នៃ​វិស័យ​ទេសចរណ៍​រវាង​អាស៊ាន ​ចិន នេះ​បាន​កំពុង​ជួយ​ជំរុញ​អោយ​បាន​នូវ សមាហរណកម្ម​សេដ្ឋកិច្ច​រវាង​តំបន់​អាស៊ាន ចិន​ កាន់តែ​មាន​ភាព​ស៊ីជម្រៅ ​និង​ការ​តភ្ជាប់​កាន់តែ​រឹងមាំ​។ វិស័យ​ទេសចរណ៍​នេះ​ទៀតសោត ​ក៏​ជំរុញ​ការ​តភ្ជាប់​រវាង ​ប្រជាជន ​និង​ប្រជាជន ​ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​នៃ​ការស្ថាបនា ផ្លូវ​សូត្រ​សតវត្ស​ទី​២១​ អោយ​កាន់តែ​មាំមួន ​ស្រប​ពេល​ដែល​កសាង​វិថី​សូត្រ​សត វត្សរ៍​ ​ទី​២១ ​បាន​ក្លាយ​ជា​របៀប​មួយ​ដ៏​សំខាន់ ​ដែល​ប្រទេស​យើង​ទាំង​អស់គ្នា​ត្រូវតែ​ធ្វើការ រួមគ្នា​ដើម្បី​សម្រេច​នូវ​សមាហរណកម្ម​តំបន់​។

ក្នុង​ស្មារតី​នេះ គំនិត​ផ្ដួចផ្ដើម​ពង្រឹង​វិស័យ​ទេសចរណ៍​នេះ ​នឹង​ជួយ​បង្កើន​ការស្ថាបនា​វិថី​សូត្រ​សត វត្សរ៍​ទី​២១ ដែល​នឹង​ជំរុញ​សហប្រតិបត្តិការ​​តំបន់​អោយ​ឈាន​ដល់​កម្រិត​ថ្មី​មួយទៀត​ ជួយ​ពង្រឹង​កំណើន​ស​រដ្ឋកិច្ច​ផង ជួយ​ជំរុញ​សមាហរណកម្ម​តំបន់​អាស៊ាន​ ចិន​ផង ​ជាពិសេស​សមាហរណកម្ម​រវាង​តំបន់​អាស៊ាន​ខ្លួនឯង​ផ្ទាល់ ​អោយ​កាន់តែ​គ្រប់​ជ្រុងជ្រោយ​។ កម្ពុជា​ពិតជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ក្នុង​តំបន់​ ដោយ​ឈរ​លើ​លក្ខណៈ​ពិសេស​នៃ​អច្ឆរិយ ​គ្មាន​ពីរ​នៃ​ប្រសាទ​អង្គរ ​និង​ប្រសាទ​រាប់ពាន់​ទៀត ​និង​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នានា​។ ​ជាក់ស្តែង​ឆ្នាំ​២០១៦ ភ្ញៀវ​ទេសចរណ៍​ចិន​ចូល​មក​ទស្សនា​កម្ពុជា​បាន​ឈរ​លំដាប់​ទី​២ ​ដែល​ភ្ញៀវ​ទេសចរណ៍​ចិន​មាន​ប្រមាណ​៨,៣​សែន​នាក់ ​ដែល​មាន​ការ​កើនឡើង​ជង​២០%​ ធៀប​នឹង​ឆ្នាំ​២០១៥​។ ​កម្ពុជា​ត្រៀមខ្លួន​ទទួល​ធ្វើជា​ប្រទេស​កិត្តិយស​ក្នុង​ពិព័រណ៍​ចិន អាស៊ាន​លើ​ទី​១៥ ឆ្នាំ​២០១៨​ខាងមុខ​ផងដែរ​៕