ពលរដ្ឋ​មូ​ស្លីម​រ៉ូ​ហ៊ីង​យ៉ា​រាប់​រយ​នាក់​ឆ្លង​ទន្លេ​កាត់​តាម​ព្រំដែន​មីយ៉ាន់ម៉ា​ចូល​​ទៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​

97

បង់​ក្លា​ដែ​ស​៖ ពលរដ្ឋ​មូ​ស្លីម​​រ៉ូ​ហ៊ីង​យ៉ា​រាប់​រយ​នាក់ មកពី​ប្រទេស​មី​យ៉ាន់​ម៉ាបានទៅ​ដល់​កោះ Shah Porir Dwip ក្នុង​ប្រទេស​បង់​ក្លា​ដែ​សភាគ​ខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​ ដោយមាន​មនុស្ស​មួយ​ចំនួន​ដួល​នៅ​លើ​ឆ្នេរ​ខ្សាច់​ ដោយ​សារ​ហេវហត់​​ក្នុង​ពេល​ធ្វើដំណើរ និង​ខ្សោះ​ជាតិ​ទឹក​ បន្ទាប់ពី​ភៀសខ្លួន​កាត់​តាម​ទន្លេ​ណា​ហ្វដែល​ខណ្ឌ​ចែក​ប្រទេស​ទាំង​២​។​​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង ​៣​សែន​នាក់​បាន​រត់​ភៀសខ្លួន​ទៅ​កាន់​ទឹក​ដី​បង់​ក្លា​ដែ​ស ​ចេញ​ពី​ប្រទេស​មី​យ៉ាន់​ម៉ាដែល​សំបូរ​ដោយ​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ ចាប់​តាំង​ពី​អំពើហិង្សា​ចុងក្រោយ​បាន​ផ្ទុះឡើង​នៅ​ថ្ងៃ​ទី​២៥​ ខែ​សីហា ដែល​ក្នុង​នោះ​មាន​ជនជាតិភាគតិច​មូ​ស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង​ ៤​សែន​នាក់​ផ្សេង​ទៀត​បាន​កំពុង​រស់​នៅ​ក្នុង​ជំរំ​បណ្ដោះអាសន្ន ដ៏​រខេករខាកនៅ​ទីនោះ​រួចជាស្រេច​ទៅ​ហើយ​។ ​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស ​និង​ពួក​រ៉ូ​ហ៊ីង​យ៉ា​ដែល​កំពុង​រត់​គេច​ខ្លួន​បាន​និយាយ​ថា ទាហាន​ និង​ក្រុម​អ្នកថែរក្សា​សណ្ដាប់ធ្នាប់​ កាន់សាសនា​ព្រះពុទ្ធ​នៅ​រដ្ឋ​រ៉ា​ឃី​ន​បាន​លួច​ដុត​ផ្ទះ ដើម្បី​បណ្ដេញ​ពួកគេចេញពី​តំបន់​ ដែល​គេ​ប៉ាន់ប្រមាណ​ថាមាន​មនុស្ស​ប្រហែល ១,១​លាន​នាក់​រស់នៅ​។

​​យោង​តាម​ប្រភព​ដាច់ដោយឡែក​ចំនួន​២ ដែល​កំពុង​ឃ្លាំមើល​ស្ថានភាព​នេះ​ឲ្យ​ដឹង​ថា​ ភូមិ​ពលរដ្ឋ​មូ​ស្លីម​​រាប់​សិប​កន្លែង​ត្រូវ​បាន​ដុត​បំផ្លាញ​កាលពី​ថ្ងៃ​សុក្រ​ និង​ថ្ងៃ​សៅរ៍​ក្នុង​តំបន់​ចម្រុះ​ជនជាតិភាគតិចរ៉ា​តេ​ដុង​នៃ​រដ្ឋ​រ៉ា​ក់​ឃី​ន​។ ផ្សែង​ខ្មៅ​ងងឹត​អាច​ត្រូវ​គេ​មើល​ឃើញ​ហុយ​ឡើងលើ​អាកាស​ ចេញពី​តំបន់​ខាង​ប្រទេស​មី​យ៉ាន់​ម៉ា​ទល់មុខ​ភូមិ​ហ្សា​ផូ​រៀឌ្វី​បរបស់​បង់​ក្លាដែ​ស​កាល​​ពី​ថ្ងៃ​ចន្ទ​។​ ​មន្ត្រី​ជាន់​ខ្ពស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ បាន​ស្ដីបន្ទោស​ប្រទេស​មី​យ៉ាន់​ម៉ាចំពោះ​ប្រតិបត្តិការ​យោធាដ៏​សាហាវ​ព្រៃផ្សៃ ​ប្រឆាំង​ក្រុម​ជនជាតិភាគតិច​មូ​ស្លីម​​រ៉ូ​ហ៊ីង​យ៉ាក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន ​ដោយ​ហៅ​សកម្មភាព​នោះ​ថា​ជា​ការ​សម្លាប់​ផ្ដាច់​ពូជ​ក្រុម​ជនជាតិភាគតិច​នេះ​៕
អត្ថបទ៖ សុខ​មាន