អាល្លឺម៉ង់​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​គំរូ​លើ​ការ​ហាម​ប្រាម​ប្រើប្រាស់​អាវុធ​

58

ភ្នំពេញ៖ មន្ត្រី​តំណាង​របស់​ប្រទេស​អាល្លឺម៉ង់ បាន​ចាត់ទុក​កម្ពុជា ជា​ប្រទេស​គំរូ​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន លើ​ការងារ​ទប់ស្កាត់ និង​ការហាម​ប្រាប់​ប្រើប្រាស់​អាវុធជាតិផ្ទុះ បានល្អ​ប្រសើរ ទាំង​នៅក្នុង​ប្រទេស និង​នៅ​ក្នុង​តំបន់​។​

ក្នុង​សិក្ខាសាលា​តម្រង់​ទិសដៅ​យុទ្ធសាស្ត្រ​គ្រប់គ្រង​អាវុធជាតិផ្ទុះ និង​រៀបចំ​គម្រោង​ទៅ​ថ្ងៃ​អនាគត ថ្ងៃទី​១២ ខែ​កញ្ញា នៅ​សណ្ឋាគារ​មួយ​នា​រាជធានី​ភ្នំពេញ ឯកឧត្តម សៀង ឡាប្រេស្ស ទីប្រឹក្សា​រាជរដ្ឋាភិបាល​ទទួលបន្ទុក​កិច្ចការ​ព័ត៌មាន នីតិកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​មានប្រសាសន៍ថា អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ដែល​រដ្ឋាភិបាល​អាឡឺម៉ង បានផ្តល់​ជំនួយ​មក​ក​ម្ពុ​ជា ហើយក៏​បានរៀបចំ​សិក្ខាសាលា​រៀបចំ​ផែន​ការជួយ​កម្ពុជា ធ្វើជា​ប្រទេស​គំរូ និង​ជា​ប្រទេស​នាំមុខ​ទប់ស្កាត់ ការ​ហាម​ប្រាម​ការប្រើប្រាស់​អាវុធជាតិផ្ទុះ ការ​ប្រយុទ្ធប្រឆាំង​អំពើ​រត់ពន្ធ​សព្វាវុធ​នៅក្នុង​ប្រទេស និង​ឆ្លងកាត់​ប្រទេស​។​

ឯកឧត្ដម សៀង ឡាប្រេស្ស បន្តថា មូលហេតុ​ដែល​បរទេស​យក​កម្ពុជា ជា​ប្រទេស​នាំមុខ​ប្រយុទ្ធ​ប្រឆាំង​អំពើ​រត់ពន្ធ​អាវុធ​នោះ គឺ​ដោយសារ​កម្ពុជា​កន្លងមក​ជា​ប្រទេស​ដែល​ធ្លាប់តែ​ប្រើប្រាស់​អាវុធ​ជាតិ​សម្លាប់​គ្នា​នៅក្នុង​សម័យ​សង្គ្រាម ហើយ​កម្ពុជា ក៏បាន​ចាត់វិធានការ​ដកហូត ហាមប្រាម​ការប្រើប្រាស់​អាវុធ រហូតដល់​កម្ពុជា បាន​បង្កើត​ច្បាប់​ហាមប្រាម​ការប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ និង​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ ប្រយុទ្ធប្រឆាំង​ការរត់ពន្ធ​អាវុធ​។

ឯកឧត្ដម​បន្ថែម​ថា ​កម្ពុជា​កំពុង​បាន​អនុវត្ត​ច្បាប់​មិន​អនុញ្ញាតិ​ឲ្យ​ជន​ស៊ីវិល​កាន់កាប់ ឬ​ប្រើប្រាស់​អាវុធជាតិផ្ទុះ​ទេ ហើយ​ទន្ទឹម​នឹង​ការហាម​ប្រាម បច្ចុប្បន្ន​កងកម្លាំង​មាន​សមត្ថកិច្ច​ក៏បាន​ចុះ​ត្រួតពិនិត្យ​ស្ទើរ​រៀងរាល់ថ្ងៃ ដើម្បី​ស្វែងរក​ជន​ស៊ីវិល​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​

​​​អ្នកគ្រប់គ្រង​គម្រោង ការិយាល័យ​សហព័ន្ធ​កិច្ចការ​សេដ្ឋកិច្ច និង​ការនាំចេញ​របស់​ប្រទេស​អាឡឺម៉ង លោក ម៉ៃ​ខឺ​ល វិ​ស (Michael Weiss) ថ្លែងថា ការប្រើប្រាស់​អាវុធជាតិផ្ទុះ​ក្នុង​ទ្រង់ទ្រាយ​ធំ ឬ​តូច​ប៉ុណ្ណា​ក៏ដោយ គឺ​វា​បង្ក​បញ្ហា​ប្រឈម​ជាច្រើន​ពិសេស​បង្ក​ប៉ះពាល់​ដល់​ការស្វែងរក​សុខសន្តិភាព​ នៅក្នុង​ប្រទេស និង​នៅលើ​ពិភពលោក ហើយ​កម្ពុជា គឺជា ប្រទេស​សំខាន់​នៅក្នុង​តំបន់ នៅក្នុង​ការតភ្ជាប់​នូវ​ទំនាក់ទំនង​អាស៊ាន ទប់ស្កាត់​ការ​ជួញដូរ និង​ការប្រើប្រាស់​អាវុធ​ជាតិផ្ទុះ​៕​