ខេត្ត​ក្វាង​ស៊ី ផ្ដល់​ជំនួយ​សម្ភារៈ​មាន​ដូចជា​ម៉ាស៊ីន​កុំព្យូទ័រ មានតម្លៃ​ជាង​១​លាន​ដុល្លារ​ ដល់​រាជរដ្ឋាភិបាល​កម្ពុជា

125

ភ្នំពេញ៖ ​ក្នុងឱកាស​អញ្ជើញ​ស្នាក់អាស្រ័យ​បំពេញបេសកកម្ម​នៅ​ខេត្ត​ក្វាង​ស៊ី រសៀល​ថ្ងៃទី​១២​ខែកញ្ញា​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ជួប​ជាមួយ​ឯកឧត្តម ឈិន វ៉ូ អភិបាលខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​ក៏បានផ្តល់​ជំនួយសំភារៈ​មានដូចជា​ម៉ាស៊ីន​កុំព្យូទ័រ មានតម្លៃ​ជាង​១​លាន​ដុល្លារ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ សម្តេច​តេ​ជោ បាន​បង្ហាញ​នូវ​មោទនភាព​ថា ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម ចិន​-​អាស៊ាន​លើក​ទី​១៤ ជា​ឱកាស​ដ៏​ល្អ ហើយ​លោក​អភិបាលខេត្ត​ក្វាង​ស៊ី​ ក៏បាន​សំដែង​នូវ​ការ​ស្វាគមន៍​ដោយ​រីករាយ​ដែល​បាន​ជួប​ជាមួយ​សម្តេច​។ ឯកឧត្តម​ថា ​នេះ​ជា​លើក​ទី​១០​ហើយ ដែល​សម្តេច​បាន​អញ្ជើញ​មក​ចូលរួម​ក្នុងការ​តាំង​ពិព័រណ៍​ចិន​-​អាស៊ាន ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​គាំទ្រ​របស់​សម្តេច ចំពោះ​ប្រទេស​ចិន ក៏ដូចជា​ខេត្ត​ក្វាង​ស៊ី​។​

​​​អភិបាលខេត្ត​ក្វាង​ស៊ី បាន​ជម្រាប​ជូន​សម្តេច​ថា ខេត្ត​ក្វាង​ស៊ី នឹង​បន្ត​សហការ​ជាមួយ​ប្រទេស​កម្ពុជា ជា​បន្ត​ទៀត ទៅលើ​វិស័យ​អាទិភាព​ចំនួន​៣៖ គឺ​វិស័យ​កសិកម្ម , អប់រំ​, និង ទេសចរណ៍​។​

​​​ឯកឧត្តម ឈិន វ៉ូ បាន​ចាត់ទុកថា ការ​តាំ​ង​ពិព័រណ៍ ចិន​-​អាស៊ាន​លើក​ទី​១៤​នេះ មាន​យន្តការ​មួយ​ដ៏​សំខាន់ លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​អាស៊ាន​-​ចិន​។ ឯកឧត្ដម​បន្តថា ​ឆ្នាំ​ក្រោយនេះ គឺជា​ខួប​លើក​ទី​៦០ នៃ ទំនាក់ទំនង​ការទូត រវាង​ប្រទេស ចិន​-​កម្ពុជា , ជា​ខួប​លើក​ទី​១៥​ឆ្នាំ នៃ​ការ​តាំងពិ​ព័រណ៍​ចិន​-​អាស៊ាន​-​និង​ខួប​អនុស្សាវរីយ៍​១៥​ឆ្នាំ នៃ​ដៃគូ​ជា​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​-​ចិន​, ហើយ​ដោយសារ​ខេត្ត​ក្វាង​ស៊ី ​ជា​អ្នករៀបចំ​ក្នុងការ​តាំង​ពិព័រណ៍ ក៏ដូចជា​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​នោះ ដូច្នេះ ត្រូវ​ខិតខំ​ធ្វើយ៉ាងណា​ក្នុងការ​ពង្រីក និង ពង្រឹង​កិច្ច សហប្រតិបត្តិការ​រវាង​អាស៊ាន -​ចិន និង​ត្រៀម​ធ្វើយ៉ាងណា ដើម្បី​ការតាំង​ពិព័រណ៍​នៅ​ឆ្នាំ​ក្រោយនេះ ឱ្យបាន​ជោគជ័យ​។​

​​​ឯកឧត្ដម ឈិន វ៉ូ បាន​សំដែង​នូវ​ការ​សង្ឃឹមថា សម្តេច​តេ​ជោ នឹង​បន្ត​គាំទ្រ​ដល់​ការតាំងពិព័រណ៍​នៅ​ទីក្រុង​ណាន​នី​ង​នា​ឆ្នាំក្រោយ​ជា​បន្តទៀត ហើយ​សង្ឃឹមថា​ការតាំងពិព័រណ៍​អាស៊ាន​-​ចិន នឹង​រួមចំណែក​ដ៏​សំខាន់​ដល់​ទំនាក់ ទំនង​រវាង​អាស៊ាន​-​ចិន​។ ឯកឧត្តម ឈិន វ៉ូ បាន​អរគុណ​ចំពោះ​សម្តេច​តេ​ជោ ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ខេត្ត​ក្វាង​ស៊ី​។

​​​ជា​ការ​ឆ្លើយតប សម្តេច​តេ​ជោ បាន​អរគុណ​ដល់​ឯកឧត្តម ឈិន វ៉ូ ដែលមាន​ពាក្យពេជន៍​ដ៏​ល្អ ហើយ​សម្តេច​គូសបញ្ជាក់ថា នៅក្នុង​ការតាំងពិព័រណ៍ កិច្ចប្រជុំ​ជាច្រើនលើក​មកនេះ សម្តេច​បាន​ចូលរួម​១០​លើក​ហើយ​។​

សម្ដេច ​បាន​គូសបញ្ជាក់​អំពី​ប្រវត្តិ​នៃ​ការបង្កើត​ការតាំងពិព័រណ៍​អាស៊ាន​-​ចិន​នេះ មាន​ប្រវត្តិ​ជាច្រើន គឺ​ចាប់ផ្តើម​នៅពេល ដែល​កម្ពុជា ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​អាស៊ាន​-​ចិន ក្នុងការ​បង្កើត ការតាំងពិព័រណ៍​អាស៊ាន​-​ចិន​។​

​​​ដូច្នេះ​វិភាគទាន​របស់​សម្តេច​ក្នុងការ​ផ្តួចផ្តើម​ការតាំង​ពិព័រណ៍​អាស៊ាន​-​ចិន​ គឺមាន​តាំងពីដើម​រៀងមក​។ សម្តេច​តេ​ជោ ក៏បាន​រម្លឹក​ឡើងវិញ តាំងពី​ការបើក​កិច្ចប្រជុំ​លើក​ទី​១​នៅ​ទីក្រុង​ណាន​នី​ង ដែលមាន​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី វ៉ូ យី ចូលរួម ហើយ​សម្តេច​ថា​តាមរយៈ​ការតាំងពិព័រណ៍​អាស៊ាន​-​ចិន​នេះ ផលិតផល​កម្ពុជា​ជាច្រើន បាន​ចូលមក ទីផ្សារ​ប្រទេស​ចិន និង​បានធ្វើឱ្យ​ប្រទេស​ចិន មានការ​យល់ដឹង​បន្ថែមទៀត អំពី​ផលិតផល កសិផល​របស់​ប្រទេស​កម្ពុជា​។​

​​​សម្តេច​មានប្រសាសន៍​ទៀតថា តាមរយៈ​ការតាំងពិព័រណ៍​នេះ ក៏​អាច​ចូលរួមចំណែក​ជួយ​ជា​វិភាគទាន​ក្នុងការ ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​កម្ពុជា -​ចិន ។ សម្តេច​បញ្ជាក់​ថា​ ​នៅ​ឆ្នាំ​ក្រោយនេះ មិន​ត្រឹមតែ​ជា​ឆ្នាំ​សំខាន់​នៃ​ការ​ប្រារព្ធ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ចិន និង កម្ពុជា​, និង​ខួប​១៥​ឆ្នាំ នៃ​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ឆ្នាំ​ក្រោយនេះ ជា​លើក​ទី​២​ហើយ​ដែល​នឹងមាន​កិច្ចប្រជុំ កិច្ចសហការ នៃ​ប្រទេស​នៅតាម​ដង​ទន្លេ​ឡាន​ឆាង​-​មេគង្គ ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​សម្តេច​ក៏បាន​អញ្ជើញ​នាយករដ្ឋមន្ត្រី ចិន លី​ខឺ ឈាង ទៅ​ចូលរួម​និង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ផងដែរ​។​

​​​ជា​មួយនេះ ឯកឧត្តម ឈិន វ៉ូ ក៏​ជំរាបជូន​សម្តេច​ថា នៅ​ដើមឆ្នាំ​ក្រោយនេះ ខេត្ត​ក្វាង​ស៊ី នឹង​បញ្ជូន​ប្រតិភូ​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដើម្បី​សហការ​ជាមួយ​ប្រទេស​កម្ពុជា សំដៅ​ត្រៀម​រៀបចំ​ការ​តាំង​ពិព័រណ៍​អាស៊ាន​-​ចិន នៅ​ឆ្នាំក្រោយ ជាពិសេស​នៅ​ខែ​មីនា ឆ្នាំ​២០១៨​នេះដែរ ខេត្ត​ក្វាង​ស៊ី នឹង​រៀបចំ​វេទិកា​មួយ នៅ​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​យ៉ាងណា​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ចិន​នៃ​ខេត្ត​ក្វាង​ស៊ី​ទៅ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​ ក្នុងន័យនេះ ឯកឧត្តម ឈិន វ៉ូ ក៏បាន​ស្នើសុំ​សម្តេច​តេ​ជោ មេត្តា​ពិចារណា អំពី​គោលបំណង​នេះ​។​ជា​ចុងបញ្ចប់​នៃ​ជំនួប​ពិភាក្សា ឯកឧត្តម ឈិន វ៉ូ ក៏​បានផ្តល់​ជំនួយ​ជា​សម្ភារៈ​ប្រើប្រាស់​មាន​ដូចជា​ម៉ាស៊ីន​កុំព្យូទ័រ ដែលមាន​តម្លៃ​ជាង​១​លាន​ដុល្លារ​៕