ក្រសួង​ការងារ ​នឹង​កំណត់​យក​ ថ្ងៃ​២៥​កញ្ញា​ បើក​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៨

68

ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​កិច្ចប្រជុំ​ស្តីពី​ការ កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ ផ្នែក​វាយនភណ្ឌ ​កាត់ដេរ ​និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៨​ នឹង​ចាប់​ផ្តើម​ពិភាក្សា​ ចាប់ពី​ថ្ងៃទី​២៥​ ខែកញ្ញា​ ខាងមុខ​តទៅ​។

ថ្លែង​នៅ​ក្រោយ​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​អាណត្តិ ​ទី​៨ ​លើក​ទី​១៦ ​នា​ព្រឹក​ថ្ងៃទី​១២ ​កញ្ញា ឆ្នាំ​២០១៧​នេះ ​ឯកឧត្តម​បណ្ឌិត​ អ៊ិត សំហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ កិច្ចប្រជុំ​នៅ​ព្រឹក​នេះ​ បាន​ស្តាប់​ពី​លទ្ធផល ​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​លេខាធិការដ្ឋាន ​ទាក់ទង​ទៅ​ និង​ទិន្នន័យ​ ជា​លក្ខណៈ​បច្ចេកទេស​មួយ​ចំនួន ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ភាគី​នីមួយៗ​យកទៅ​ពិចារណា​។

ក្នុងនោះ​ក្រុមការងារ​បាន​អនុម័ត​ទៅលើ​ការ បង្កើត​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី ​ដែល​ភាគី​នីមួយៗ​ មាន​សមាជិក​ចំនួន​១៦​រូប​ស្មើៗ​គ្នា ​មកពី​ភាគី ​កម្មករ​និយោជិក​ ភាគី​និយោជក​ និង​ភាគី​រដ្ឋាភិបាល​។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ស្នើ​ឲ្យ​ក្រុមការងារ​បច្ចេកទេស​ រក​នូវ​តួលេខ​ឯកភាពគ្នា​មួយ​ជាការ​ល្អ ​ប៉ុន្តែ​បើ​រកមួយ​មិន​បានទេ ​បាន​ត្រឹម​លេខ​២​ នៅ​ជិតគ្នា​បន្តិច ​ឬក៏​មាន​លេខ​៣​ដូច​ឆ្នាំមុនៗ​ ក៏បាន​ដែរ ដើម្បី​ដាក់​ជូន​គណៈកម្មការ​ប្រឹក្សា​ការងារ​ពិនិត្យ និង​អនុម័ត​ទៅលើ​ប្រាក់​ឈ្នួល​នេះ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​សង្កត់ធ្ងន់ថា​ រាល់​កិច្ចពិភាក្សា​របស់​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី​ ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​វិនិច្ឆ័យ​បែប​សង្គម (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការ​ចំណាយ​ក្នុង​ការ​រស់ នៅ​) និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច (​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស​ ស្ថានភាព​ទីផ្សារ​ការងា​រ និង​កម្រិត​ចំណេញ​របស់​វិស័យ​)​ ក៏ដូចជា​បន្ទាត់​ភាពក្រីក្រ​ សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ប្រាក់ ​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​មក​ពិនិត្យ​និង​សម្រេច​។

បើទោះជា​យ៉ាងណា ឯកឧត្តម អ៊ិត សំហេង បញ្ជាក់​បន្ថែមថា​ កិច្ចប្រជុំ​លើក​ក្រោយ​របស់ ​គណៈកម្មការ​ប្រឹក្សា​ការងារ ​នឹង​បើក​គ្រប​ពី​លទ្ធផល​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៨​ថា ​បាន​ប៉ុន្មាន ​ប៉ុន្តែ​មិន​ត្រូវ​នៅ​ក្រោម​បន្ទាត់​១៦៨ ​ដុល្លារ​អាមេរិក​ ដែល​ជា​គោលការណ៍​កំណ​ត់​របស់​ប្រមុខ​រដ្ឋាភិបាល​។​

ស្របគ្នា​នេះដែរ លោក ​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​បានលើកឡើង​ថា ឆ្លងតាម​ការ​បង្ហាញ​ដ៏​ខ្លី​របស់​គណៈកម្មការ​នេះ​ឃើញថា​ តួលេខ​ជាច្រើន​ដូចគ្នា ហើយ​នៅ​សល់​តែ​ការ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​ការ​បម្រែបម្រួល​ការរស់នៅ​មួយ ​និង​ភាព​ចំណេញ​នៅ​ក្នុង​វិស័យ ​ដែល​ត្រូវ​ជជែក​គ្នា​។ ​បន្ទាប់​ពីនេះ ​ក្រុមការងារ​នឹង​រក​ការកំណត់​បង្ហាញ​ផ្លូវ​កា​រ ​នៅក្នុង​កិច្ច​ខាងមុខនេះ​។ ​សម្រាប់​ទស្សន​របស់​លោក​ផ្ទាល់​គិតថា​ តួលេខ​នៃ​ប្រាក់ខែ​កម្មករ គួរ​ស្ថិត​ក្នុង​រង្វង់​២០០​ដុល្លារ​អាមេរិក​ គឺ​សមរម្យ​សម្រាប់​កម្មករ​ និយោជិក​៕