អគ្គនាយកដ្ឋាន​កសិកម្ម ​ជំរុញ​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ​ពង្រឹង​គុណភាព​អង្ករ​មុន​នាំចេញ​អង្ករ

43

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​កសិកម្ម​ បាន​ជំរុញ​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ​ពង្រឹង​គុណភាព​អង្ករ​មុន​នាំចេញ​អង្ករ​ ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ដោយ​តម្រូវ​ឲ្យ​ដាក់ពាក្យ​ស្នើសុំ​វាយតម្លៃ​ពី​គុណភាព​ជា​មុនសិន​។

ឯកឧត្តម​បណ្ឌិត ហ៊ាន វណ្ណ​ហន ​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ បាន​ថ្លែងថា ​អគ្គនាយកដ្ឋាន​កសិកម្ម​ បាន​ជំរុញ​ឲ្យ​អ្នក​នាំចេញ​អង្ករ​ និង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ពន្លឿន​ការ​ដាក់​ពាក្យ​ស្នើសុំ​ត្រួត​ពិនិត្យ​ និង​ការវាយតម្លៃ​សង្វាក់​ផលិតកម្ម​តាម​រោង​ម៉ាស៊ីន​នីមួយៗ​ ដើម្បី​ធានា ​សន្តិសុខ​អនាម័យ​មុន​នាំចេញ​។

ឯក​ឧ​ត្ត​ម​បណ្ឌិត​ ប​ន្ក​ថា ម្ចាស់​រោង​ម៉ាស៊ីន​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​វាយតម្លៃ​លើក​ទី​២ ​ហើយ​ខាង​អគ្គនាយកដ្ឋាន​កសិកម្ម​មិន​មាន​ការរើសអើង​នោះទេ​។ ​ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ក្រសួងកសិកម្ម​បាន​លើកទឹកចិត្ត​ដល់​អ្នក​នាំចេញ​របស់​កម្ពុជា​ ទៅកាន់​ទីផ្សារ​អន្តរជាតិ​ពិសេស​នោះ​ទីផ្សារ​ចិន​ និង​អឺរ៉ុប​តែម្តង​។

ឯកឧត្ដម ​ បាន​បញ្ជាក់ថា ​ សំរាប់​អ្នក​នាំចេញ​អង្ករ​ដែល​មិន​មាន​រោង​ម៉ាស៊ីន​នោះ​គឺ​ពិបាក ​ជាប់​ក្នុង​ការ​វាយតម្លៃ​ពី​សមត្ថកិច្ច​អនាម័យ​ និង​ភូគាម​អនាម័យ​របស់​ចិន​ ហើយ​បច្ចុប្បន្ននេះ​ មាន​រោង​ម៉ាស៊ីន​ចំនួន​៤០​ ហើយ​ដែល​បាន​វាយតម្លៃ​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​។

សម្រាប់ លោក សុង សារ៉ន អគ្គ​នាយ​ក្រុមហ៊ុន Amru Rice Cambodia Co Ltd បាន​ថ្លែងថា ​ក្នុងនាម​ជា​ក្រុមហ៊ុន​គំរូ​ គឺ​ស្វាគមន៍​ឲ្យ​រោង​ម៉ាស៊ីន​កិនស្រូវ​ និង​អ្នក​នាំចេញ​របស់​កម្ពុជា​ដាក់ពាក្យ​ស្នើសុំ​ការវាយតម្លៃ​ផងដែរ ​ដើម្បី​ធានា​ពី​គុណភាព​ក៏ដូចជា​ការ​លើក​មុខមាត់​កម្ពុជា​ផង​ដែរ​។

លោក​ បាន​បន្ថែមទៀតថា ​គោលការណ៍​របស់​អគ្គ​នាយកដ្ឋាន​កសិកម្ម​ដែល​បាន​ធ្វើ​ឡើង​គឺ​ត្រឹមត្រូវ​និង​សុំ​លើកទឹកចិត្ត​ដល់​អ្នក​នាំចេញ​ទាំងអស់​ ហើយ​ការ​ធ្វើ​ដូច្នោះ​គឺ​ជំរុញ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ឲ្យ​បាន​កាន់​តែច្រើន​ថែមទៀត​។

កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៧ កន្លងទៅនេះ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ​បាន​ទទួល​ជួប​ដោះស្រាយ ​ជាមួយ​ម្ចាស់​រោង​ម៉ា​ស៊ីន​ ​កិនស្រូវ​លើ​បញ្ហា​ជា​ឧបសគ្គ​ក្នុង​ការ​នាំចេញ​អង្ករ ​ពិសេស​ការនាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​តែម្តង​៕