ការនាំចេញ​ទិន្នផល​ដូងប្រេង ​មានការ​កើន​ឡើង​ក្នុង ​ឆ្នាំ​២០១៧

170

ភ្នំពេញ ៖ ​ការនាំចេញ​ដូង​ប្រេង​របស់​ក្រុមហ៊ុន​ម៉ុង រិទ្ធីគ្រុប​ បាន​កើន​ឡើង​ក្នុង​ចន្លោះ​១៥ ​ទៅ​២០​ភាគរយ ​ក្នុង​រយៈពេល​បី​ត្រីមាស​ ឆ្នាំនេះ ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

អនុប្រធាន​ផ្នែក​លក់​ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​ដូង​ប្រេង​របស់​ឧកញ៉ា ម៉ុង រិទ្ធី ​លោក ​ប្រា​ចាក់ កង​តាណ​ម​ថា​ម​ Prachak Kongtanomtham ​បាន​ឲ្យ​ដឹង​ នា​ថ្ងៃទី ១២ ខែកញ្ញា​ ម្សិលមិញ​នេះ​ថា ការ​នាំចេញ​នៃ​ទិន្នផល​ដូងប្រេង ​ឆ្នាំនេះ​ មានការ​កើន​ឡើង ​ក្នុង​ចំនួន​ខាងលើនេះ​ ដោយ​ទំហំ​នៃ​ការ​នាំចេញ​បាន​កើន​ឡើង​ដល់​៣០,០០០​តោន ​និង​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​២៣​លាន​ដុល្លារ​អាមេរិក​។

លោក​ បាន​បន្ថែមថា​ ទោះបីជា​មានការ​កើនឡើង​នូវ​ចំនួន​នាំចេញ​ក្ដី ​តែ​បញ្ហា​តម្លៃ​លក់​ចេញ​មិន​មាន​ភាព​ប្រែប្រួល​នោះទេ ព្រោះថា​សព្វថ្ងៃ​ទិន្នផល​ដូង​ប្រេង​១​តោន ​លក់បាន​ក្នុង​តម្លៃ​ត្រឹមតែ​ប្រមាណ​ជាង​៦២០ ​ដុល្លារ​ប៉ុណ្ណោះ ​ដែល​តម្លៃ​នេះ​ មាន​ភាព​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​។

លោក​ បន្តថា ការកើនឡើង​នូវ​ការនាំចេញ​ទិន្នផល​ដូងប្រេង​នេះ​ គឺ​ដោយសារតែ​ខាង​ក្រុមហ៊ុន​បាន​សិក្សា​យ៉ាង​ម៉ត់ចត់​ពី​គុណភាព​ដី ​ស្ថានភាព​ទឹកភ្លៀង​មាន​ភាព​អំណោយផល និង​ស្រប​ពេល ​ដែល​ដើម​ដូង​ប្រេង​ កំពុងតែ​ពេញវ័យ​ក្នុង​ការផលិត​។

សព្វថ្ងៃ​ប្រទេស​កម្ពុជា​មិន​ទាន់មាន​ក្រុមហ៊ុន កែច្នៃ​ផលិតផល​សម្រេច​ចេញពី​ដូងប្រេង​ នោះទេ​ ដែល​ធ្វើ​ឲ្យ​ទិន្នផល​ទាំងអស់​ត្រូវ​បញ្ជូន​ទៅ​លក់​បរទេស ​ដោយ​ក្នុង​នោះ​មាន​ប្រទេស​មួយ​ចំនួន​ដូចជា ប្រទេស​ស្វីស​ ប្រទេស​ចិន ប្រទេស​កូរ៉េ ប្រទេស​ប៉ា​គី​ស្ថាន ​និង​ប្រទេស​ម៉ាឡេស៊ី​។​ ក្នុងចំណោម​ទីផ្សារ​អន្តរជាតិ​ទាំងនេះ​ ប្រទេស​ម៉ាឡេស៊ី​ ជា​ប្រទេស ​ដែល​នាំចូល​ផលិតផល​ដូង​ប្រេង​ពី​កម្ពុជា​ធំជាងគេ​។

ជុំវិញ​ការ​កើនឡើង​នៃ​ការនាំចេញ​ទិន្នផល​ដូងប្រេង ​ទៅកាន់​បរទេស​នេះ ទីប្រឹក្សា​ជាន់ខ្ពស់​ ផ្នែក​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ Emerging Market Consulting លោក ង៉ែត ជូ ​បាន​លើកឡើង​ថា ​វា​ជា​ការ​ធ្វើ​ពិពិធ​កម្ម​លើ​ផលិតផល​កសិកម្ម ដែល​យើង​មិន​ពឹង​ផ្អែកលើ​ការនាំចេញ​នូវ​ផលិតផល​ស្រូវ អង្ករ​តែមួយ​មុខ​។​ ក្នុងនោះ​លោក ង៉ែត ជូ​ ក៏បាន​បន្ថែមថា​ បើសិនជា​មានលទ្ធភាព​ ក្រុមហ៊ុន​គួរ​តែ​បង្កើត​ក្រុមហ៊ុន​កែច្នៃ​ផលិតផល​សម្រេច ​ដើម្បី​ផ្ដល់​ការងារ​បាន​កាន់​តែច្រើន​ជូន​ប្រជាជន​កម្ពុជា​។

សព្វថ្ងៃ​ក្រុមហ៊ុន​ដូង​ប្រេង​របស់លោក​ឧកញ៉ា ម៉ុង រិទ្ធី​ មាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ជា​ ១៦, ០០០​ហិច​តា ដែល​មាន​ទីតាំង​ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ​ហើយ​ក្រុមហ៊ុន​នេះ​ ក៏​បានផ្ដល់​ការងារ​ដល់​ប្រជាជន ​ប្រមាណ​ជា​២០០០​នាក់​ផងដែរ​៕