គម្រោង ​LASED II ​នឹង​បែងចែក​ដីធ្លី​ជិត​២ម៉ឺន​ហិកតា ​ដល់​ពលរដ្ឋ​ប្រាំ​ខេត្ត

51

ក្រចេះ ៖ ​មន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹងថា ​គម្រោង​បែងចែក​ដី ​ដើម្បី​សង្គមកិច្ច ​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ​ជំហាន​ទី​២ (LASED II) ​នឹង​ធ្វើ​ការបែងចែក​ដី​ជិត​ពីរម៉ឺន​ហិកតា​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ចំនួន​ប្រាំ​ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពួកគេ​។

ឯកឧត្ដម ជាម ប៉េអា អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ​និង​ជា​ប្រធាន សម្រប​សម្រួល​គម្រោង LASED ថ្នាក់ជាតិ ​នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស លើក​ទី​១ របស់​គម្រោង​បែង​ ចែក​ដី​ដើម្បី​សង្គមកិច្ច ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​ទី​២ ​នៅក្នុង​ខេត្តក្រចេះ ​កាលពី​ម្សិល​ម៉ិ​ញ ​បាន​ឲ្យ​ដឹងថា ​គម្រោង LASED II (២០១៦២០២១) ​នឹង​ប្រើប្រាស់​ឥណទាន​ធនាគារ​ពិភពលោក ​ជាង ២៥​លាន​ដុល្លារ និង​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល ​ជិត​ពីរលាន​ដុល្លារ​។

ឯកឧត្តម​ បាន​បញ្ជាក់ថា ​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​ទី​២ (LASED II) ​ជាមួយ ​នឹង​ការប្រើប្រាស់​ឥណទាន​ធនាគារ​ពិភពលោក ​និង​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល ​នេះ ​គឺ​ដើម្បី​ធ្វើការ​ចែក​ដី​ជិត​ពីរ​ម៉ឺន​ ហិកតា ​ដល់​ប្រជាពលរដ្ឋ​ជាង​ប្រាំ​ពាន់​គ្រួសារ​ នៅ​១៤​ទីតាំង ក្នុង​ខេត្ត ក្រចេះ ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ធំ និង​កំពង់ឆ្នាំង ​និង​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ ជាច្រើន​ ដូចជា ផ្លូវ​ជនបទ​ អណ្តូងទឹក ​អគារ​សហគមន៍​ ប៉ុស្តិ៍​សុខភាព​ អគារសិក្សា ផ្ទះ​គ្រូបង្រៀន​ ។​ល​។ ព្រមទាំង​សកម្ម ភាព​ដទៃទៀត​ សំដៅ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពួកគេ​។

ឯកឧត្តម ខ័​ណ្ឌ ចំណាន អភិបាលខេត្ត​ក្រចេះ ​បាន​ឲ្យ​ដឹងថា ​ខេត្តក្រចេះ ​គឺជា​ខេត្ត​មួយ​ក្នុង ​ចំណោម​ខេត្ត​បី ដែល​បាន​អនុវត្ត​គម្រោង​ដំណាក់កាល​សាកល្បង ឬ​ LASED I ​ចាប់​តាំងពី​ឆ្នាំ​២០០៨ ​មក ដែល​មាន​គោលដៅ​ចំនួន​៥​ឃុំ ​នៅ​ស្រុក​ចិត្រ​បុរី ៤​ឃុំ ​និង​ស្រុក​ព្រែក​ប្រសព្វ​ មួយ​ឃុំ និង​បាន​បញ្ចប់​រួច រាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១៣​។

ឯកឧត្តម​ បាន​បញ្ជាក់ថា គម្រោង LASED II គឺ​ផ្ដោត​សំខាន់​ទៅលើ​ការ​បង្កើន​ជីវភាព​រស់នៅ និង ភាពជា​ម្ចាស់​របស់​អ្នក​ទទួលផល​ផ្ទាល់​។

គម្រោង LASED (២០០៨២០១៣) នៅ​ទូទាំង​ប្រទេស​ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ដោយ សម្រេច​ចែក​ដី​ជាង​មួយ​ម៉ឺន​ហិកតា​ដល់​ប្រជាពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ ​និង​បាន​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ជាច្រើន​បម្រើ​ដល់​ជីវភាព​រស់នៅ​របស់​អ្នក​ទទួល​ផល​៕