រយៈពេល​ជាង​២០​ឆ្នាំ ​សហរដ្ឋអាមេរិក​ទិញ​ទំនិញ​កម្ពុ​ជា ​មាន​ទឹកប្រាក់​៣៦​ពាន់​លាន​ដុល្លារ

194

ភ្នំពេញ ​៖ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ថា​ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ​សហរដ្ឋអាមេរិក​ បាន​ជួយ​ទិញ​ទំនិញ​ពី​កម្ពុជា ​មាន​ទឹកប្រាក់​ជាង​៣៦​ ពាន់​លាន​ដុល្លារ​អាមេរិក​។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ឯកឧត្តម​វីល្លៀម ហេ​ដ​ស៍ ​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំតុមូល​ជាមួយ​ នឹង​អ្នក​សារ​ព័ត៌​មាន​ជាតិ និង​អន្តរជាតិ​ នា​រសៀល​ថ្ងៃទី​១២ កញ្ញា​ម្សិល​ម៉ិ​ញ​ថា ​ក្នុង​រយៈពេល​ជាង​ ពីរ​ទសវត្សរ៍​នេះ ​សហរដ្ឋអាមេរិក​ បាន​ដើរតួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​ជំរុញ​កំណើន​​សេដ្ឋកិច្ច​កម្ពុជា​ ដោយ​រយៈពេល​២០​ឆ្នាំ​ មកនេះ ​សហរដ្ឋអាមេរិក​ បាន​វិនិយោគ​ទឹកប្រាក់​១០០០​ លាន​ដុល្លារ​នៅ​កម្ពុជា​ និង​បាន​ទិញ​ទំនិញ​ពី​កម្ពុជា ​ក្នុង​ទឹកប្រាក់​៣៦​ពាន់​លាន​ដុល្លារ​។

ឯកឧត្តម ​បន្តថា “​បើ​និយាយ​ពី​បញ្ហា​សេដ្ឋកិច្ច​រវាង​អាមេរិក និង​កម្ពុជា ​លោក​អាច​និយាយ​បាន​ច្រើន​ជាង​២​ម៉ោង ​ដែល​អាមេរិក​ជួយ​កម្ពុជា​”​។​ ជាក់ស្តែង​កាលពី​ឆ្នាំមុន​ សហរដ្ឋអាមេរិក​បាន​បង្កើត​ឧស្សាហកម្ម​ថ្មី ស្រឡាង​មួយ​សម្រាប់​កម្ពុជា ​ដែល​មាន​ទឹកប្រាក់​១០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​វិស័យនេះ ​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១០​ម៉ឺន​នាក់​។

ឯកឧត្តម​ វីល្លៀម ហេ​ដស៍​ បាន​បន្តថា “​យើង​ជា​អ្នកគាំទ្រ​ដ៏​ខ្លាំង​ក្លាយ​មួយ ​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ របស់​ប្រទេស​កម្ពុជា ​យើង​បាន​ជួយ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ការងារ​មួយ​ ដែល​បាន​ទាក់ទាញ​ក្រុមហ៊ុន​សំលៀកបំពាក់​ល្បីៗ​ នៅក្នុង​ពិភពលោក​ រួមទាំង​ក្រុមហ៊ុន​អាមេរិក​រាប់​សិប​ផងដែរ​”​។

ឯកឧត្តម​ បាន​បន្ថែមថា ​នៅ​ឆ្នាំនេះ ​យើង​បាន​សម្ពោធ ​កម្មវិធី​កសិកម្ម​ថ្មី​មួយ​ ដែល​បាន​គិតគូរ​ចំពោះ​តម្លៃ​កសិផល​ទាប​ខ្លាំង​ ដែល​ប៉ះពាល់​ដល់​កសិករ​កម្ពុ​ជា​ យើង​ក៏បាន​ជួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ នៃ​ផលិតភាព​កសិកម្ម​ទាប​ និង​អសន្តិសុខ​ស្បៀង​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​។

នាយក​មជ្ឈមណ្ឌល​សិក្សាការ​អភិវឌ្ឍ​លោក ​ចាន់ សុផល​បាន​ថ្លែងថា ​ក្នុង​ផ្នែក​សេដ្ឋកិច្ច សហរដ្ឋអាមេរិក​ជាទី​ផ្សារ​ធំ​មួយ​សម្រាប់​សំលៀកបំពាក់ ស្បែកជើង​ប្រភព ​នៃ​ការ​វិនិយោគទុន ​និង​សហរដ្ឋអាមេរិក​ក៏បាន​ផ្តល់​ជំនួយ​ឥតសំណង​ដល់​កម្ពុជា​ក្នុង​មួយឆ្នាំ​ប្រមាណ​៦០ ​ទៅ​៧០​លាន​ដុល្លារ​ ផងដែរ​ក្នុង​មួយឆ្នាំៗ​។ ​ក្រៅពីនេះ ​សហរដ្ឋអាមេរិក​ ក៏បាន​ជួយ​លើ​ផ្នែក​យោធា​ និង​ការ​ប្រ​យុ​ទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​វិស័យ​ជាច្រើន​ទៀត​។

លោក​ បន្តថា “​សហរដ្ឋអាមេរិក​ក៏​ជា​អ្នកដឹកនាំ​ធនាគារ​ពិភពលោក​ និង​ជា​ដៃគូ​ជិតស្និទ្ធ ​ជាមួយ​ប្រទេស​ផ្តល់​ជំនួយ​ធំៗ ​ដល់​កម្ពុជា​ផងដែរ​ ដូច្នេះ​ប្រសិនជា​យើង​ឈ្លោះ​ជាមួយ​សហរដ្ឋអាមេរិក​មិន​ចំណេញ​ទេ​”​។​លោក​ បន្តថា “​ប្រសិនជា​អាមេរិក​ដាក់​សម្ពាធ ឬ​ ទណ្ឌកម្ម​ណាមួយ​ដល់​សេដ្ឋកិច្ច សេដ្ឋកិច្ច​ របស់​យើង​នឹង​ប្រឈមមុខ​នឹង​ការ​លំបាក​ខ្លាំង​”៕