កូរ៉េខាងជើង​៖ ​ប៉េ​រូ​កំពុង​យក​សាំង​ជះ​លើ​ភ្លើង​ដោយ​សារ​ជម្លោះ​នុយក្លេអ៊ែរ​

597

កូរ៉េខាងជើង៖ ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​ប្រទេស​ប៉េ​រូ បាន​និយាយ​កាល​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ​សេចក្ដី​សម្រេច​របស់​ទីក្រុង​លី​ម៉ា​ក្នុង​ការ​បណ្ដេញ​រូបលោក​ចេញពី​ប្រទេស​ ប្រៀប​បាន​នឹង​ការ​ជះ​សាំង​លើ​ភ្លើង​ទាក់ទង​នឹង​ជម្លោះ ជុំវិញ​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង ដែល​ប្រទេស​នេះ​នឹង​បន្ត​ស្វែងរក​ដោយ​គ្មាន​រាថយ​នោះ​ឡើយ​។​ប្រទេស​ប៉េ​រូ​បាន​ប្រកាស​ថា ​រដ្ឋាភិបាល​របស់​ខ្លួន​លែង​ស្វាគមន៍​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើងលោក គីម ហាក់​ជុល កាលពី​ថ្ងៃ​ចន្ទ​ ដើម្បីតវ៉ាទៅ​នឹង​ការ​មិន​អើពើ​របស់​កូរ៉េខាងជើង ចំពោះ​ការ​អំពាវនាវ​ជា​បន្តបន្ទាប់​របស់​ពិភពលោក​ ឲ្យ​បញ្ចប់​កម្ម​វី​ធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ ដោយ​ប៉េ​រូ​ទុក​រយៈពេល​ ៥​ថ្ងៃ​ដើម្បី​ឲ្យ​លោក​ចាក​ចេញពី​ប្រទេស ​ស្ថិត​ក្នុង​តំបន់​ភ្នំ​អង្គ​មួយ​នេះ​។​ ​លោក ​គីម ​បាន​និយាយ​ថា វិធានការ​ការទូត​ទ្វេភាគីដែល​បាន​ធ្វើ​ដោយ​រដ្ឋាភិបាល​ប៉េ​រូ​កាលពី​ថ្ងៃ​ម្សិលមិញ ​គឺជារឿង​ខ្វះ​ការវិនិច្ឆ័យ​ និង​គ្មាន​ហេតុផល​ច្បាស់លាស់ នឹង​មិន​បាន​ធ្វើ​ឲ្យ​ពិភពលោក​ទ​ទូល​បាន​សន្តិភាព​ និង​សន្តិសុខ​នោះ​ឡើយ​។ ​ដោយ​លោក​ គីម ​បាន​បន្ថែម​ថា ​ផ្ទុយទៅវិញ​វា​ប្រៀប​បាន​ទៅ​នឹង​ការ​យក​ប្រេងសាំង​ចាក់​លើ​ភ្លើង​ ដែល​ពួក​លោក​បង្ហាញ​ការ​តវ៉ា ​និង​សោកស្ដាយ​។ ​ចំណែក​ក្រសួងការបរទេស​ប៉េ​រូ​បាន​ច្រានចោល​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​ទេ​ជុំវិញ​បញ្ហា​នេះ​ទេ​។

​​គួរ​រម្លឹក​ថា ​ការសម្រេចចិត្ត​របស់ប្រទេស​ប៉េ​រូ​ក្នុង​ការ​បណ្ដេញ​លោក ​គីម បាន​ធ្វើ​ឡើង​ក្រោយ​សកម្ម​ភាព​ស្រដៀង​គ្នា​មួយ ​ដែល​ធ្វើឡើង​ដោយ​ប្រទេស​ម៉ិ​ក​ស៊ិ​កកាលពី​សប្ដាហ៍​មុន និង​ជា​ការ​អំពាវនាវ​ជា​សាធារណៈ​មួយ​ពី​សំណាក់​សហរដ្ឋអាមេរិក​កាលពី​ខែ​មុន ​សុំ​ឲ្យ​ប្រទេស​ទាំងអស់​នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​។ ប្រទេស​កូរ៉េខាងជើង​បាន​ប្រឈម​ការ​ថ្កោលទោស​ កាន់​តែ​ច្រើន​ពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក ​បន្ទាប់ពី​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​លើក​ទី​៦ ​របស់​ខ្លួន​ក្នុង​ខែ​នេះ ​ដែល​ធ្វើ​ឲ្យ​មានការ​រញ្ជួយ​ដី​កម្រិត​ ៦.៣​រ៉ិ​ច​ទ័​រ៕​
អត្ថបទ៖ សុខ​មាន