ពលរដ្ឋ​មូ​ស្លីម​ក្នុង​ប្រទេស​ឥណ្ឌា​អំពាវនាវ​ដល់​រដ្ឋាភិបាល​​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ចំពោះ​វិបត្តិ​ជន​ជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ាន់​ម៉ា​

76

ឥណ្ឌា៖ ​អ្នក​តវ៉ា​មូ​ស្លីម​​រាប់​ពាន់​នាក់​បាន​ដង្ហែ​ក្បួន​ ពាសពេញ​ដង​ផ្លូវ​នានា​នៃ​ភាគ​ខាងជើង​ទីក្រុង​ Ludhiana ​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​អង្គារ​ ដោយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​របស់​ពួកគេ ​ឲ្យជួយ​ធ្វើ​អន្តរាគមន៍​ក្នុង​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ភាគ​ខាងជើង​។​សម្ពាធ​កាន់តែ​កើន​ឡើងលើ​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​អង្គារ ​ដើម្បី​បញ្ចប់​អំពើ​ហិង្សាដែល​បាន​បង្ខំ​ឲ្យ​ជន​មូ​ស្លីម​​រ៉ូ​ហ៊ីង​យ៉ា​​ ៣​សែន ​៧​ម៉ឺន​នាក់​ភៀសខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ​ទន្ទឹម​នឹងនោះ​សហរដ្ឋអាមេរិកកំពុង​អំពាវនាវ​ឲ្យ​មានការ​គាំពារ​ជន​ស៊ីវិល ហើយ​ប្រទេស​បង់​ក្លា​ដែ​ស​កំពុង​ជំរុញ​ឲ្យ​មាន​តំបន់​សុវត្ថិភាព​នានា ​ដើម្បី​ផ្ដល់​ឲ្យ​ជនភៀសខ្លួន​ស្នាក់នៅ​។ ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​លោក ZeidRa’ad al-Hussein បាន​ស្ដីបន្ទោស​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ចន្ ទ​ចំពោះ​ការ​ធ្វើ​ប្រតិបត្តិការ​យោធា​ដ៏​ព្រៃផ្សៃ​ប្រឆាំង​នឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដោយ​ហៅ​សកម្មភាព​នេះ​ថាជា​ការ​សម្លាប់​ផ្ដាច់​ពូជ​ជនជាតិភាគតិច​។

​​អំពើ​ហិង្សា​ចុងក្រោយ​បំផុត​ ក្នុង​ភាគ​ខាងជើង​រដ្ឋ​រ៉ា​ក​ឃី​ន​ប្រទេស​មី​យ៉ាន់​ម៉ាបាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៥​ ខែ​សីហា នៅ​ពេល​ពួក​បះបោរ​វាយប្រហារ​លើ​ប៉ុស្តិ៍​នគរបាល ​និង​មូលដ្ឋានទ័ព​រាប់​សិប​កន្លែង​។​ រដ្ឋាភិបាល​លើក​ឡើង​ថា ​ការ​ប៉ះទង្គិច​រវាង​ក្រុម​បះបោរ​ និង​យោធា​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ ​៤០០​នាក់​បាត់បង់​ជីវិត​។​ ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ដែរ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ​ដែល​បាន​ភៀសខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​និយាយ​ថា ​ពួកគេ​កំពុង​ជិត​អស់​ស្បៀង​ ហើយក៏​គ្មាន​ការ​ផ្ដល់​ជំនួយ​មក​ដែរ​ ខណៈ​ស្ថានភាព​នៅ​ជំរំ​នានា​តាម​ព្រំដែន​ប្រទេស​មី​យ៉ាន់​ម៉ា​ចេះតែ​អាក្រក់​ទៅ​៕
អត្ថបទ៖ សុខ​មាន