ក្លឹប​ Shanghai Shenhua ច្រានចោល​ព័ត៌មាន​ច​ចាម​អារាម​នាំ​យក Luis Enrique មក​ដឹកនាំ​

101

បាល់ទាត់៖ ​ក្លឹប​បាល់ទាត់​ចិន Shanghai Shenhua បាន​ចេញ​មក​ច្រានចោល​ព័ត៌មាន​មិន​ពិត​ដែល​ចុះផ្សាយ​ថា ក្លឹប​ឈាន​ដល់​កិច្ចព្រមព្រៀង​នាំ​យក​អតិ​ត​គ្រូ​បង្វឹក Barcelona, Luis Enrique មក​ដឹកនាំ​ជំនួយ​លោក Gus Poyet ដែល​លាលែង​ពី​តំណែង​។

​​ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះផ្សាយ​ជាច្រើន​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ តែ​ភ្លាមៗ​ត្រូវ​បាន​ក្លឹប​ជើងឯក Chinese Super League បី​សម័យ​មួយ​នេះ​ច្រានចោល​ភ្លាមៗ និង​បន្ថែម​ថា ​ក្លឹប​មិន​ទាន់​បាន​ទាក់ទង​គ្រូ​បង្វឹក​ថ្មី​ណាមួយ​នៅឡើយ​។ ​ដោយឡែក​សំរាប់​លោក Gus Poyet បាន​សំរេច​លាលែង​ពី​តំណែង​គ្រូ​បង្វឹក​នៃ​ក្លឹប​បាល់ទាត់​ចិន Shanghai Shenhua ក្រោយ​ចាញ់​ក្រុម Henan Jianye ២-១ កាលពី​ថ្ងៃ​អាទិត្យ ក្រប​ខណ្ឌ​លី​ហ្គ​កំពូល​ចិន​ដែល​វា​ជា​បរាជ័យ ៤​ប្រកួត​ចុងក្រោយ​ជាប់​គ្នា​ធ្វើ​អោយ Shanghai Shenhua ធ្លាក់​ដល់​លេខ​១២ ក្នុង​តារាង​មាន ៧​ពិន្ទុ​ពីលើ​តំបន់​ដែល​ត្រូវ​កាត់ចោល​ប៉ុណ្ណោះ ខណៈ​នៅសល់ ៧​ប្រកួត​ទៀត​ចប់​រដូវ​កាល Chinese Super League​។​

​​អតិ​ត​គ្រូ​បង្វឹក Shanghai Shenhua លោក Wu Jingui ដែល​បច្ចុប្បន្ន​ជា​នាយក​បច្ចេកទេស នឹង​ចូលកាន់​តំណែង​គ្រូ​បង្វឹក​បណ្ដោះអាសន្ន​រហូត​ចប់​រដូវ​កាល​។ ​រំលឹក​ថា​គ្រូ​បង្វឹក​វ័យ ៤៩​ឆ្នាំ​បាន​ចូលកាន់​តំណែង​គ្រូ​បង្វឹក Shanghai Shenhua កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន ជាមួយនឹង​ការ​ប្ដេជ្ញា​ជួយ​ក្រុម​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ល្អ​មួយ ខណៈ​ដែល​ក្រុម​បាន​ចំណាយ​លុយ​ច្រើន​ដល់​ទៅ ៤០​លាន​ផោន​នាំ​យក Carlos Tevez មក​រួម​ក្លឹបរួម​ជាមួយ​អតិ​ត​ខ្សែប្រយុទ្ធ Chelsea, Demba Ba ផង​ដែរ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ