កម្ពុជា ថៃ​សន្យា​ នឹង​ព្យាយាម​សម្អាត​មីន​តាម​បន្ទាត់​ព្រំដែន​

95

ភ្នំពេញ ៖ ​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ បេសកកម្ម​ពិសេស អនុប្រធាន​ទី​មួយ​ អាជ្ញាធរ​មីន ​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ​ឆ្នាំ​២០១៧​នេះ ​បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ថៃ ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ Prasopchai Kongburan ​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​ប្រទេស​ថៃ​ (TMAC) ​ចូលជួប​សំដែង​ការគួរសម ​និង​ពិភាក្សា​ការងារ​លើ​វិស័យ​សកម្មភាព​មីន​ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។

ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្ត្រី ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប​ជូន​ពី​អាណត្តិ​ការងារ​របស់​អាជ្ញាធរ​មីន ក៏ដូចជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ រួម​ជាមួយ​ដៃគូ​អភិវឌ្ឍ ​ដែល​បាន​ប្រឹងប្រែង​ឆ្លើយតប​យ៉ាងសកម្ម​នូវ​តម្រូវការ​ផ្នែក​មនុស្សធម៌​ និង​ការ​អភិវឌ្ឍ​ដោយ​ធ្វើការ​បោសសម្អាត​ផ្ទៃដី​មាន​មីន​ជាច្រើន​ម៉ឺន​ហិកតា​ជូន​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ធ្វើ​ស្រែចំការ​ សង់​លំនៅឋាន ​សាលារៀន វត្ត​អារាម ផ្លូវថ្នល់ ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ ។

ឯកឧត្តម ​ទេសរដ្ឋមន្ត្រី បន្ត​លើក​ឡើងថា​ កម្ពុជា​នៅសល់​ផ្ទៃដី​រង​ផល​ប៉ះពាល់​ប្រមាណ​ជិត​២​ពាន់​គីឡូម៉ែត្រ​ឡា ​ដែល​ត្រូវ​ធ្វើការ​បោសសម្អាត​អោយ​អស់​នៅ​ត្រឹម​ឆ្នាំ​២០២៥​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា បញ្ហា​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅតែ​ជា​បញ្ហា​ចម្បង និង​អាទិភាព​សម្រាប់​កម្ពុជា ​ដែល​នៅ​ក្នុង​ឆ្នាំ​២០១៧ គិត​ចាប់ពី​ខែមករា​ ដល់​បច្ចុប្បន្ន កម្ពុ​ជា​មាន​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​៤១ ​នាក់​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ស្នើសុំ​អោយ​មាន​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្ដូរ​បទពិសោធន៍​វិស័យ​មីន​រវាង​ប្រទេស​ទាំងពីរ ​និង​ការ​បន្ត​គាំទ្រ​ជំនួយ​ជា​ជើង​សិប្បនិម្មិត ​ដល់​ជនរងគ្រោះ​ដោយសារ​មីន​នៅ​កម្ពុជា ក៏ដូចជា​ការ​បន្ត​កិច្ចសហការ​លើ​ការ​បោសសម្អាត​មីន​នៅ​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​៕