រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​អះអាងថា ​នឹង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ ​ជូន​ពលរដ្ឋ​ឲ្យ​​គ្រប់១០លាន​នាក់ ក្នុង​ឆ្នាំ ២០១៧

134

ភ្នំពេញ ៖ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​បាន​អះ​នៅថ្ងៃនេះ ថា​ ក្រសួង​ នឹង​ជំរុញ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ​និង​មន្ត្រី​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួង​មហា​ផ្ទៃ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ​សញ្ជាតិ​ខ្មែរ ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ​អោយ​គ្រប់ ១០ លាន​នាក់​ នៅក្នុង​ឆ្នាំ ២០១៧​។

សម្តេច​ក្រឡាហោម សរ ខេង ឧបនាយក​រដ្ឋ​មន្រី្ត ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​នៅ​ថ្ងៃទី ​១៣ ខែកញ្ញា ឆ្នាំ ២០១៧​នេះ បាន​ថ្លែង​អោយ​ដឹង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ​និង​ដាក់​ឲ្យ​អនុវត្ត​អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​ស្តីពី​ការបង្កើត​យន្តការ​ច្រក​ចេញចូល​តែមួយ ​និង​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​ថា ក្រសួង​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជា​ពលរដ្ឋ​អោយ​សម្រេច​តាម​ផែនការ​របស់ខ្លួន​ដែល​បាន​ដាក់​ចេញ​ចំនួន ១០ លាន​នាក់​ក្នុង​ឆ្នាំ ២០១៧​។

សម្តេច​ក្រឡាហោម ​ថ្លែងបន្តថា ក្រសួង​នឹង​ធ្វើ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់មាន​អត្តសញ្ញាណប័ណ្ណ និង​អ្នក​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​​អោយ​មក​ប្តូរ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ទាំងអស់​ ហើយ​មកដល់ពេលនេះ ​ក្រសួង​បាន​ធ្វើ​ជូន​ប្រជា​ពលរដ្ឋ​បាន​ប្រមាណ​ជាង ៩ លាន ៥ សែន​នាក់​ហើយ ​នៅសល់តែ​ប្រមាណ​ជា ​៥​សែន​នាក់​ជាង​តែប៉ុណ្ណោះ ​ដែល​មិនទាន់​បានធ្វើ ​នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ខែកញ្ញា ឆ្នាំ ២០១៧​។ ​តែ​យ៉ាងណាក្តី ​សម្តេច​ក្រឡាហោម សរ ខេង ​បានបញ្ជាក់​ទៀតថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ពុំ​សូវ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ច្រើន​នោះទេ ​មានតែ ២ ទៅ ៣ នាក់​តែប៉ុណ្ណោះ​ នៅ​តាម​បណ្តា​រាជធានី​ខេត្ត​មួយ​ចំនួន​ក្នុង​មួយថ្ងៃៗ ។

សម្តេច​ក្រឡាហោម សរ ខេង បន្ថែមទៀតថា​ ក្រសួង​នឹង​បង្កើត​ក្រុម​ចល័ត​ចុះទៅ​តាម​ភូមិ​ឃុំ ឬ​មូលដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ​ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជូន​ពួកគេ​បន្ថែមទៀត​ ដោយ​យោង​ទៅលើ​ស្ថានភាព​ដែល​មាន​បញ្ហា​ពុំមាន​ប្រជាពលរដ្ឋ​មិនទាន់​បានធ្វើ​អត្តសញ្ញាណប័ណ្ណ​គ្រប់គ្នា​។

សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ទៀតថា ​ការ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​អាច​យក​ទៅ​ធ្វើការ​ចុះឈ្មោះ​បោះឆ្នោត ​ធ្វើលិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ ​ការធ្វើ​លិខិតឆ្លងដែន និង ​ការធ្វើ​លិខិតបញ្ជាក់​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត​ផង​ដែរ​។ ជាមួយគ្នា ​វា​មាន​ភាព​ងាយស្រួល​ដល់​ម​ន្ត្រី​អ្នក​ផ្តល់​សេវាសាធារណៈ​មិន​ចាំបាច់​ទាមទារ​លិខិត​បញ្ជាក់​ទីលំនៅ ​សៀវភៅ​គ្រួសារ​ និង សំបុត្រកំណើត​ពី​ប្រជាពលរដ្ឋ​ឡើយ ​នៅ​ពេលដែល​ពួកគេ​មក​សុំ​ធ្វើ​លិខិត​បទដ្ឋាន​គតិយុត្តិ​នៅ​តាម​កន្លែង​សេវាសាធារណៈ​របស់​រដ្ឋ ព្រោះ​មាន​ទិន្នន័យ​ស្រាប់​នៅក្នុង​បញ្ជី​របស់​របស់​នាយក​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​៕