ក្រសួង​សុខាភិបាល​ ៖ ​ប្រជាជន​កម្ពុជា​ចំណាយ​លុយ​ ជាង​២០០​លាន​ដុល្លារ​ទិញ​បារី ​ក្នុង​មួយឆ្នាំ

156

កំពត​៖ ប្រទេស​កម្ពុជា​ មាន​អ្នក​ជក់បារី​ប្រមាណ​ជិត ១. ៧​លាន​នាក់ ​ដែល​ភាគច្រើន​ជា​ក្រុម​មនុស្ស​មាន​ប្រាក់ចំណូល​ទាប ​ហើយ​ថា ​ថ្លៃ​ចំណាយ​សម្រាប់​ការទិញ​បារី​មាន​ប្រមាណ​ ២០១,៥៣៤,៧០១ ដុល្លារ​អាមេរិក​ និង​ចំណាយ​ទាក់ទង​នឹង​ការ​ព្យាបាល​ជំងឺ ​ការបាត់បង់​កម្លាំង​ពលកម្ម ​បណ្តាល​មកពី​ជំងឺ​ដែល​បង្ក​ដោយ​ការ​ជក់បារី​ប្រមាណ​ជា​ ១៦២.៧​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។

ឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ បាន​លើកឡើង​ដូច្នេះ​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ភាពជា​អ្នកដឹកនាំ​ក្នុងការ​អនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ស្តីពី ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ (១៣១៤ ខែកញ្ញា ​ឆ្នាំ​២០១៧) ​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កំពត​​។

ឯកឧត្តម​ បាន​បន្ថែ​ថា ថ្នាំជក់​បង្ក​ឲ្យ​មាន​ជំងឺ​ទាំង​អ្នក​ជក់ ​និង​អ្នក​ដែល​រង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​ផង ។ ជំងឺ​មាន​ដូចជា ជំងឺមហារីក​សួត ​ មហារីក​បំពង់​រំលាយ​អាហារ​ផ្នែក​ខាងលើ ​ ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ​និង​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម ​។ ជា​រៀង​រាល់ឆ្នាំ​ថ្នាំជក់​បាន​សម្លាប់​មនុស្ស​៧.២ លាន​នាក់​ទូទាំង​ពិភពលោក ​និង​បាន​ចំណាយ​ថវិកា​អស់​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​ថ្លៃ​ទិញ​បារី​។

ដោយ​មើល​ឃើញ​អំពី​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ពី​ថ្នាំជក់ ​ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា និង​ក្រសួង​សុខាភិបាល​ បាន​យកចិត្តទុកដាក់ ក្នុង​ការ​ការពារ​សុខ​ភាព​សាធារណៈ ​និង​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​សុខភាព សេដ្ឋកិច្ច សង្គម បរិស្ថាន ទើបបាន​ដាក់​ចេញ​នូវ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ ទាក់ទង​នឹង​ការ​ត្រួតពិនិត្យ ​ការអប់រំ ជំរុញ​ឲ្យ​បោះបង់​ទម្លាប់​ជក់បារី ​ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នានា ​និង​សាធារណជន​ក្នុង​អនុវត្ត​ច្បាប់​ត្រួតពិនិត្យ​ថ្នាំជក់​។

ជា​លទ្ធផល​អត្រា​អ្នកប្រើប្រាស់​ថ្នាំជក់​នៅ​ប្រទេស​កម្ពុជា​យើង​មានការ​ថយចុះ ​។​បើតាម​ការអង្កេត​ស្រាវជ្រាវ​នៅ​ទូទាំងប្រទេស ​អំពី​ការប្រើប្រាស់​ថ្នាំជក់​រៀងរាល់​៥​ឆ្នាំ​ម្តង​ របស់​វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួងផែនការ​ បានបង្ហាញ​ថា​ ចំពោះ​បុរស​អាយុ ១៨​ឆ្នាំ​ឡើងទៅ ​ថយចុះ ​១៣.៦៨% គឺ​ពី ៤៨.៩៨% មក​ត្រឹម ៣៥.% ខណៈដែល​ស្ត្រី​ថយ​ចុះ​បាន ៨.៩៣% ពោលគឺ​ ២០.៥៣% មក​ត្រឹម​១១.%​